កម្មវិធីទូរទស្សន៍បែបជីវិតពិតថ្មីមួយ អាចធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន
- 2017-11-12 02:20:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីទូរទស្សន៍បែបជីវិតពិតថ្មីមួយ អាចធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន
ចន្លោះមិនឃើញ
កម្មវិធីទូរទស្សន៍ដែលផលិតដោយផលិតករវ័យក្មេងរបស់កម្ពុជា៣រូប នឹងធ្វើឱ្យអ្នកទស្សនារំជើបរំជួលចិត្ត ព្រោះវាជាកម្មវិធីជីវិតពិត និងជាសាច់រឿងលើកទឹកចិត្តដល់យុវវ័យដែលសម្រេចក្តីសុបិនរបស់ខ្លួន។
លោក ឈួង យីវឆូវ ផលិតករម្នាក់តំណាងឱ្យក្រុមផលិត បានរៀបរាប់ថា ៖ «យើងដឹងហើយថាមនុស្សយើងម្នាក់ៗមានក្តីស្រម៉ៃ ហើយមានមនុស្សជាច្រើនព្យាយាមស្វែងរកអ្វីដែលគេស្រម៉ៃនោះ ពេលខ្លះក៏សម្រេចបាន ពេលខ្លះក៏មិនសម្រេចបាន ដូចនេះពួកគេត្រូវធ្វើបែបណាដើម្បីដោះស្រាយបញ្ហាទាំងនោះ»។
ផលិតកររូបនេះបន្តទៀតថា នេះជាកម្មវិធី បែបជីវិតពិត ហើយយើងចង់បង្ហាញពីបំណងប្រថ្នារបស់យុវវ័យរបស់យើង ដើម្បីជំរុញលើកទឹកចិត្តដល់យុវ័យដទៃទៀត។ ស្ថិតក្នុងរដូវកាលទីមួយនេះ កម្មវិធីទូរទស្សន៍បែបថ្មី បែបយុវវ័យ និងបែបរសជាតិជីវិតពិត ដែលមានឈ្មោះថា «ស្ថានីយក្តីស្រម៉ៃ» ក៏ជាផ្នែកមួយនៃកម្មវិធីក្លាហាន៩ នឹងចាប់ផ្តើមចាក់បញ្ចាំងជាផ្លូវការលើស្ថានីយទូរទស្សន៍ CTN នៅសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៧នេះ។
កម្មវិធីនេះនឹងបង្ហាញសាច់រឿងពិតរបស់យុវវ័យ ចំនួន១៥រឿងផ្សេងៗពីគ្នាជុំវិញកម្ពុជា ដែលក្នុងមួយសាច់រឿងមានរយៈពេលប្រហែល ៤៥នាទី។ ក្នុងនោះទស្សនិកជន ពិតជាបានរៀនសូត្រ កម្សាន្ត ជាមួយសាច់រឿងពិតៗ របស់យុវវ័យម្នាក់ៗក្នុងកម្មវិធីដែលហ៊ានលះបង់ ទាំងការសិក្សា និងហ៊ានពលីអ្វីៗគ្រប់យ៉ាងដើម្បីតែសម្រេចក្តីស្រម៉ៃរបស់ខ្លួន។
សាច់រឿងនីមួយៗរបស់កម្មវិធីថ្មីនេះត្រូវប្រើរយៈពេលថតរាប់ខែ ព្រោះជាសាច់រឿងនៃជីវិតពិត ផលិតករ និងក្រុមការងារបានព្យាយាមស្វែងរកយុវវ័យដែលមានភាពលេចធ្លោ ហើយមានភាពខុសប្លែក និងមានគំនិត ឬគោលដៅក្នុងជីវិត ដើម្បីសម្រេចបាននូវក្តីស្រម៉ៃរបស់ខ្លួនពីបណ្តាលខេត្តនានា។ កម្មវិធីីធ្វើការជ្រើសរើសបេក្ខភាពយ៉ាងយកចិត្តទុកដាក់មុនសម្រេចថតយកជីវិតពិតរបស់ពួកគេមកចាក់បង្ហាញលើទូរទស្សន៍ និងបណ្តាញអនឡាញរបស់ខ្លួន។
បើតាមផលិតករ វ័យក្មេងលោក ឈួង យីវឆូវ រំពឹងថាសារអប់រំនៃសាច់រឿងបែបជីវិតពិតនេះ នឹងបានទៅដល់យុវជនផ្សេងទៀតនៅទូទាំងប្រទេស ហើយពិសេសយុវវ័យដែលមិនមានឱកាសបានស្វែងយល់ដឹងពីអ្វីដែលគួរធ្វើ ស្គាល់ពីខ្លួនឯង ត្រូវបានជំរុញលើកទឹកចិត្ត ឱ្យបានទស្សនាតាមកញ្ចក់ទូរទស្សន៍ ហើយសាច់រឿងនេះនឹងក្លាយជាការបង្ហាញផ្លូវជូនដល់ពួកគេ ដើម្បីហ៊ានសម្រេចក្តីស្រម៉ៃរបស់ខ្លួន។
ចុចអាន