ក្ដៅៗ! Giggs នឹង​ក្លាយ​ជា​ប្រធាន​ដឹកនាំ​ថ្នាល​យុវជន​របស់​ក្លឹប​​វៀតណាម​មួយ​

  • 2017-11-13 12:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប​បិសាច​ក្រហម Ryan Giggs គ្រោង​នឹង​ចុះ​កុងត្រា​ពីរ​ឆ្នាំ នៅ​ថ្ងៃ​ទី ២០​វិច្ឆិកា ខាង​មុខ ក្នុង​ការ​ក្លាយ​ជា​ប្រធាន​ដឹកនាំ​សាលា​បាល់ទាត់​​យុវជន​របស់​ក្លឹប​វៀតណាម Promotion Fund of Vietnamese Football Talents FC (PVF) នេះ​បើ​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​មួយ​នេះ។

បើ​យោង​តាម​គេហទំព័រ​ក្លឹប​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា អតីត​ខ្សែ​​ស្លាប Ryan Giggs ក្នុង​តំណែង​នេះ នឹង​ទទួល​ខុសត្រូវ​លើ​កិច្ចការ​ដូច​ជា បង្វឹក​កីឡាករ ហ្វឹកហ្វឺន​គ្រូ​បង្វឹក ព្រម​ទាំង​ចូល​រួម​ក្នុង​ការ​កសាង និង​អភិវឌ្ឍ ក្លឹប PVF ដើម្បី​ឲ្យ​ក្លឹប​មួយ​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ហ្វឹកហាត់​បាល់ទាត់​យុវជន​ឈាន​មុខ​គេ​នៅ​វៀតណាម ក៏​ដូច​ជា​ឲ្យ PVF ស្ថិត​ក្នុង​ជួរ​សាលា​បណ្ដុះ​បណ្ដាល​បាល់ទាត់​ល្បីៗ​ឈ្មោះ​ផ្សេង​ទៀត​ក្នុង​ពិភព​លោក។

សូម​បញ្ជាក់​ថា Giggs បាន​ចំណាយ​ពេល​ជាង ២៩​ឆ្នាំ​នៅ​ក្លឹប Manchester United ដោយ​ក្នុង​នោះ​អតីត​ខ្សែ​​ស្លាប​ឆ្នើម​រូប​នេះ ធ្លាប់​ជា​កីឡាករ ជំនួយ​ការ​គ្រូ​បង្វឹក និង​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន​ឲ្យ​ក្លឹប​មួយ​នេះ​ផង​ដែរ មុន​ពេល​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្លឹប​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៦៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី