កសិករថា​ផ្លែដៃខ្លីឆ្នាំនេះ ធ្លាក់​ថ្លៃជាង​ពាក់កណ្តាល

  • 2017-11-14 02:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​រស់​នៅ​ក្នុង​ឃុំ​ស្រែអំពក ស្រុក​គិរីវង់ ខេត្ត​តាកែវ​មិន​តិចជាង​១០០​គ្រួសារ​ទេ បាន​ប្រ​កប​​របដាំ​ដើម​ដៃខ្លី សម្រាប់​ចំណូល​បន្ថែម​លើ​ការ​ធ្វើ​ស្រែ​ចំការ តែ​ថាឆ្នាំនេះ​តម្លៃ​ធ្លាក់ចុះ​ជាង​ពាក់​កណ្តាល​​។

ដៃ​ខ្លី​ជា​រុក្ខជាតិវល្លិ មាន​ផ្លែ​តូចៗ​ប៉ុន​កូន​ដៃ និងមាន​រសជាតិ​ហឹរ មិន​ខុសពី​ម្រេច​ប៉ុន្មាន​នោះ​ទេ។ សម្រាប់​ផ្លែ​ស្រស់​គេ​យក​​ទៅ​ ឆា ឬ​ខ ដូចជា​ផ្លែ​ម្រេច​ដែរ។ សម្រាប់​លក់​ឲ្យ​ឈ្មួយ​កសិករ​ដាំ​ដើម​ដៃ​ខ្លីថា​ត្រូវ​ហាល​ឲ្យ​ស្ងួតមុន​នឹង​លក់​ឲ្យ​ឈ្មួយ​វៀតណាម។ កសិករ​បញ្ជាក់ថាផ្លៃ​ដៃ​ខ្លី​ស្ងួត​អាច​ប្រើ​ប្រាស់​បាន​ដូចជាម្រេច​ដែរ។​

(លោក កៅ សារី កំពុង​ដើរ​មើល​ដើម​ដៃ​ខ្លី​ក្នុង​ចម្ការ)

​លោក កៅ​ សារី ជាកសិករ​ដាំ​ដើម​ដៃ​ខ្លីនេះ​តាំងពី​ឆ្នាំ១៩៨៥ ដែលកាលនោះ​លោក​ដាំ ត្រឹម​តែ​៣០០​ជន្លង់​តែប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា​រហូត​ដល់​ឆ្នាំ​២០១៣ ពេល​ដែល​តម្លៃ​ផ្លែដៃខ្លី​ហក់ឡើង​ខ្លាំង​លោក​បាន​ពង្រីក​ដី​ដាំដុះជិត​ពីរ​ហិកតា ដោយ​ដាំ​ចំនូន១ ២០០​ ជន្លង់។ លោក​ថា​របរនេះ​មិន​ជាថ្មី​ទេ​សម្រាប់​កសិករ​នៅ​ក្នុង​ស្រុក​នេះ ដោយ​ថា​របរនេះ​​កើត​មាន​តាំងពី​ទសវត្ស​ឆ្នាំ១៩៦០​មក​ម្លេះ។

(ផ្លែដៃខ្លីស្រស់)

ចាប់ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៦ លោកថា​ តម្លៃ​ផ្លែ​ដៃ​ខ្លី​ស្ងួត​លក់​បាន​រហូត​ដល់​៣ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ថា​មានឈ្មួយ​ច្រើន​មក​បញ្ជាទិញ​។ សម្រាប់​ឆ្នាំ២០១៧ នេះវិញ​លោក​ថា​មិន​ដឹង​ជា​មូល​ហេតុអ្វីបានជា​មិនមាន​ឈ្មួយច្រើន​ដូច​មុន​នោះទេ គឹថាមានតែ ឈ្មួញ​វៀតណាម​ប៉ុណ្ណោះ​ដែល​មក​បញ្ជាទិញ ដោយ​ក្នុង​មួយ​គីឡូក្រាមនៃ ផ្លៃ​ដៃ​ខ្លីស្ងួត​មាន​តម្លៃ​១២ ០០០ រៀល ខណៈដែល​​លោក អាច​ផលិត​បាន​ប្រហែលជា​ពីរតោន​ក្នុង​មួយ​ឆ្នាំ។

(ដើមដៃខ្លី​ ដាំដាក់ជន្លង់​ ជាជួរៗ)

​លោក បន្ថែមថា៖​« ឆ្នាំ​នេះ​តម្លៃ​ដៃ​ខ្លី​ធ្លាក់​ចុះ​ខ្លាំង​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ប្រាក់​ចំណូល​ជាង​ពាក់​កណ្តាល​ដោយ​ ម៉ូយ​នៅ​ភ្នំពេញ​គេថា​ថៃ​និង​ចិន​គេអត់​ទិញ​ដៃ​ខ្លី​ពីយើង​ចឹង​ហើយ​ទីផ្សារ​ចង្អៀត​មាន​តែវៀត​ណាម​មួយ​គត់​ហើយ​ម៉ូយ​ពី​អឺរ៉ុប​ក៏​មិន​ឃើញ​មក​ទិញ​»។

សម្រាប់​លោក​ស្រី ជៀស ម៉ន ដែល​ទើប​ប្រ​ករបរនេះ​បាន​បួន​ឆ្នាំនោះ​លើក​ឡើងថា​របរនេះ​បានជួយ​ផ្តល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែ​។ ទោះយ៉ាងណា​អ្នកស្រីថា ការធ្លាក់​ថ្លៃ​ផ្លៃដៃខ្លី​នេះ​ធ្វើឲ្យអ្នក​ស្រី​ខាត​​ថវិការ​មិន​តិចជាង​ពីរលាន​រៀល​ទេ​ក្នុង​មួយ​ឆ្នាំ។ អ្នកស្រីបញ្ជាក់ថា​ក្នុង​មួយ​ឆ្នាំ អ្នកស្រី​អាច​លក់​ផ្លៃ​ដៃ​ខ្លី​ស្ងួត​មិន​តិចជាង​២០០​គីឡូក្រាម​នោះទេ។

កសិករខាងលើអះអាង​ថា​​ដើម​ដៃ​ខ្លីងាយ​ស្រួល​ដាំ ដោយសាធន់នឹង​អកាសធាតុ និងមិន​សូវរើស​ប្រ​ភេទដី និងថា​ដាំតែ​ពីរ​ឆ្នាំអាច​ប្រ​មូល​ផល​បានគ្រប់​រដូវ៕

អត្ថបទដោយ៖​ ជិន វេន