ប៉ូលិស​ថៃ​ចាត់​បើក​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ ត្រួត​ពិនិត្យ​ជន​បរទេស​ហួស​កំណត់​ទិដ្ឋាការ

  • 2017-11-14 07:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបនាយក​មន្ត្រី​ថៃ លោក Prawit Wongsuwan បាន​ជួប​ជាមួយ​យោធា​និង​ភ្នាក់ងារ​សន្តិសុខ​ជាតិ​ដើម្បី​ចាត់​វិធាន​ស៊ើប​អង្កេត​ជន​បរទេស​ដែល​ស្នាក់​នៅ​ហួស​កំណត់​ទិដ្ឋាការ​ដើម្បី​ដេញ​ចេញ​ពី​ប្រទេស​ ដោយ​រក​ឃើញ​ថា​ជន​បរទេស​ទាំង​នោះ​អាច​ជាប់​ពាក់​ព័ន្ធ​ជាមួយ​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ ឬ​ក៏​អាច​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។

តាម​របាយ​ការណ៍​របស់ The Nation បាន​បង្ហាញ​ថា មាន​ជន​បរទេស​ប្រមាណ​ជា​ជាង ១០ម៊ឺន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ហួស​កំណត់​ទិដ្ឋាការ។ ជន​បរទេស​ទាំង​នោះ​អាច​នឹង​ជាប់​ពាក់​ព័ន្ធ​បទ​ល្មើស​ផ្សេងៗ​ដូចជា ការ​ជួញ​ដូរ​មនុស្ស អាវុធ ថ្នាំ​ញៀន ការ​ក្លែង​បន្លំ​ពេជ្រ​ ពេស្យាចារ ល្បែង​ស៊ី​សង និង​ការ​បោក​ប្រាស់​តាម​ទូរសព្ទ​និង​អ៊ីនធឺណិត​ជាដើម។

ការ​ស៊ើប​អង្កេត​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​ខេត្ត​ភូកេត​ ដោយ​ប៉ូលិស​កំពុង​តាម​ចាប់​ខ្លួន​ជន​បរទេស​ចំនួន ១៤២នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ពួក​គេ​បាន​សូក​ប៉ាន់​ប៉ូលិស​ក្នុង​តំបន់​ចំនួន​ទឹក​ប្រាក់​ ៣​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ជា​ថ្នូរ​នឹង​ការ​ស្នាក់​នៅ​ដោយ​ហួស​ទិដ្ឋាការ។

របាយ​ការណ៍​របស់ Bangkok Post បាន​ឲ្យ​ដឹង​ថា មេ​បញ្ជា​ការ​រង​ម្នាក់​និង​អនុប្រធាន​អគ្គ​ស្នង​ការ​នគរបាល​ម្នាក់​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ខេត្ត​ភូកេត​ក្រោម​ការ​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ។ លើស​ពី​នេះ​ទៅ​ទៀត​ប៉ូលិស​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ក៏​ត្រូវ​បាន​បញ្ឈប់​ពី​តួនាទី ចំណែក​ឯ​ប៉ូលិស​១៥​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។

ទោះ​បី​ជា​ប៉ូលិស​ទើប​តែ​បើក​ការ​ស៊ើប​អង្កេត​ពី​បញ្ហា​នេះ​ក៏​ដោយ ខេត្ត ២ផ្សេង​ទៀត​ដូច​ជា ខេត្ត​ឈុនបុរី និង​ខេត្ត​ឈៀងម៉ៃ​ក៏​នឹង​ត្រូវ​បាន​ស៊ើប​អង្កេត​ផង​ដែរ ដោយ​សារ​តែ​ខេត្ត​ទាំង​ពីរ​នេះ​សម្បូរ​ទៅ​ដោយ​ជន​បរទេស​រស់​នៅ៕

ប្រភព៖ Coconut   ប្រែសម្រួល៖ សុភារ័ត្ន

អត្ថបទពេញនិយម