ធ្លាប់ទេ កំពុងធ្វើដំណើរសុខៗ ស្រាប់តែគេគ្រវែងចោលសំរាមសឹងតែហើរប៉ះក្បាល?

  • 2017-11-14 09:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់​ចោលសំរាម នៅ​ក្រៅ​ធុង ឫ​ចោល​សំរាម​នៅ​ទីសាធារណនានា ជា​ពិសេស​ពេលកំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ស្រាប់​តែ​មាន​អ្នក​គ្រវែង​សំរាម​ចោល​មិន​មើល​មុខ​មើល​ក្រោយ ឫ​ខ្មាស​អៀន​អ្នក​ណា​សោះនៅតែកើតមាន។ ដូច្នេះ​សូម​មក​ស្ដាប់​យុវជន ៣​នាក់ និង​ព្រះសង្ឃ​លើក​ពី​បញ្ហា​សំរាម​នេះ​ទាំង​អស់​គ្នា!

ជួប​ជាមួយ​យុវតី​វ័យ​ក្មេង​ធីតា ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​លើក​ឡើង​ថា កញ្ញា​ធ្លាប់​ជួប​បញ្ហា​នេះ​គឺ​ពេល​កំពុង​ជិះ​ម៉ូតូ​ពី​ក្រោយ​អ៊ីចឹង ស្រាប់​តែ​អ្នក​នៅ​ខាង​មុខ​ចោល​សំរាម​សឹង​តែ​ប៉ះ​អ្នក​ដទៃ​ទៅ​ហើយ។ ធីតា លើក​ឡើង​ថា នេះ​ជា​ទម្លាប់​មិន​ល្អ​ទេ មិន​ត្រឹម​តែ​បំផ្លាញ​បរិស្ថាន​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ឯង​ដែរ។ ធីតា សំណូមពរ​ទៅកាន់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា ឲ្យ​មាន​ទម្លាប់​ល្អ​ចេះ​គ្រប់គ្រង​កាក​សំណល់​ផ្ទាល់​ខ្លួន ដោយ​បោះ​ចោល​ក្នុង​ធុង ដើម្បី​បរិស្ថាន​ស្អាត និង​ជួយ​លើក​មុខ​មាត់​ប្រទេស​ជាតិ​ដែរ។

ប្រហាក់ប្រហែល​គ្នា​នឹង​យុវតី​ខាង​លើ​ដែរ យុវជន សូណាឫទ្ធិ លើក​ឡើង​ថា មនុស្ស​ខ្លះ​ជិះ​ដល់​ឡាន​ទំនើប ម៉ូតូ​ទំនើប​ តែ​បែរ​ជា​គ្រវែង​សំរាម​ចោល​តាម​ដង​ផ្លូវ តាម​កន្លែង​សាធារណ​ផ្សេងៗ​ហាក់​មិន​ខ្វល់​ពី​អ្នក​ដទៃ និង​បរិស្ថាន​ទៅ​វិញ។ ដូច្នេះ​យុវជន​រូប​នេះ ចង់​ឲ្យ​មនុស្ស​ទាំង​នោះ​ព្យាយាម​កែ​ទម្លាប់​ដ៏​អាក្រក់​នេះ​ចេញ និង​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ការ​ដាក់​ពិន័យ​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែរ។

កញ្ញាធីតា លោកសូណាឫទ្ធិ និងលោក មានរតនា

ដោយ​ឡែក​មក​ជួយ​ជាមួយ លោក មាន រតនា ជា​មន្រ្តី​រាជការ​មួយ​រូប​និយាយ​ថា មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ស្អាត ដើរ​លេង​កម្សាន្ត​កន្លែង​ណា​មួយ​រក​តែ​កន្លែង​ស្អាត ហើយ​កន្លែង​ណា​កខ្វក់​មិន​ចង់​ទៅ​ទេ តែ​បែរ​ជាមាន​ទម្លាប់​ចោលសំរាម​ទៅ​វិញ។ រតនា លើក​ឡើង​ថា បរិស្ថាន​ស្អាត​គឺ​ផ្ដើម​ចេញ​ពី​មនុស្ស​គ្រប់គ្នា ឈប់​ចោល​សំរាម​ផ្ដេសផ្ដាស បើ​មនុស្ស​ម្នាក់​ចោល ពីរ​នាក់​ចោល​នោះ​សំរាម​នៅ​តែ​បន្ត​កើត​មាន។ ដូច្នេះ​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​បរិស្ថាន​ប្រទេស​ជាតិ។

សំរាម​ជា​ប្រភព​នៃ​មេរោគ ហើយ​ក៏​ជា​កង្វល់​របស់​រដ្ឋាភិបាល ការ​ចូលរួម​ថែរក្សា​បរិស្ថាន គឺ​មិនមែន​ជា​កាតព្វកិច្ច​របស់​នរណា​ម្នាក់ គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​មនុស្ស​គ្រប់​គ្នា។ ដូច្នេះ​ត្រូវ​ចេះ​គ្រប់គ្រង​សំរាម​ផ្ទាល់​ខ្លួន ដោយ​ចោល​ទៅ​ក្នុង​ធុង​ទៅ​តាម​ប្រភេទ​សំរាម​សើម សំរាម​ស្ងួត​។ នេះ​បើ​តាម​សង្ឃដីកា របស់​ព្រះតេជគុណ សែ ណន គង់​នៅ​វត្ត​បទុមវតី។

ទម្លាប់​ចោលសំរាម​ក្នុង​ធុង គឺ​ជា​ការ​បង្ហាញ​ពី​សេចក្ដី​ថ្លៃថ្នូរ ការ​ចេះទទួល​ខុស​ត្រូវ និង​ជា​តម្លៃ​នៃ​សីលធម៌ សុជីវធម៌​របស់​មនុស្ស​ម្នាក់ៗ ដូច្នេះ​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​បរិស្ថាន​ផ្ទះ​យើង កន្លែង​ធ្វើ​ការ​យើង ទីក្រុង​យើង និង​ប្រទេស​ជាតិ​ជាតិ​យើង៕

សំរាម​មិន​ធ្លាក់​ដល់​ដី ភ្នំពេញ​កាន់​តែ​ប្រពៃ!

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ