ជំនាញមែន! ចោរមួយក្រុមជីករណ្ដៅ ៨ម៉ែត្រ ចូលលួចធនាគារនៅឥណ្ឌា
- 2017-11-15 03:15:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនាញមែន! ចោរមួយក្រុមជីករណ្ដៅ ៨ម៉ែត្រ ចូលលួចធនាគារនៅឥណ្ឌា
ចន្លោះមិនឃើញ
ចោរមួយក្រុមនៅភាគខាងលិចទីក្រុង Mumbai ប្រទេសឥណ្ឌា បានចូលលួចធនាគារមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាល កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុនតាមរយៈរូងក្រោមដីជម្រៅ ៨ម៉ែត្រដែលពួកគេបានជីកអស់រយៈពេល ៤ខែ។
អាជ្ញាធរបានឲ្យដឹងថាក្រុមចោរបានជួលផ្ទះមួយកន្លែងក្បែរធនាគារ Baroda ដើម្បីលួចជីករូងក្រោមដី។ ពួកគេបានបើកហាងលក់គ្រឿងទេសនៅបរិវេណខាងមុខ ដើម្បីបិទបាំងសកម្មភាពជីករូងដីនៅបរិវេណខាងក្រោយ។
កាលពីព្រឹកថ្ងៃចន្ទ បុគ្គលិកធនាគារដែលស្ថិតនៅក្នុងជាយក្រុង Mumbai បានរកឃើញអំពើលួចនេះនិងបានទូរសព្ទមកប្ដឹងប៉ូលិស។ ក្រោយពីចុះមកត្រួតពិនិត្យកន្លែងកើតហេតុរួច ប៉ូលិសបានឲ្យដឹងថា មានប្រអប់បញ្ញើប្រាក់ ៣០ ប្រអប់ប៉ុណ្ណោះត្រូវបានលួចក្នុងចំណោមសរុប ២២៥ប្រអប់។
ប៉ុន្តែមកទល់នឹងពេលនេះ ប៉ូលិសនៅមិនទាន់អាចកំណត់ទំហំទឹកប្រាក់សរុបនៃសាច់ប្រាក់ និងគ្រឿងអលង្ការដែលបានបាត់បង់នោះនៅឡើយទេ។ ចំណែកឯជនសង្ស័យក៏មិនទាន់អាចកំណត់អត្តសញ្ញាណបានផងដែរ៕