បើ​ធ្វើ៥យ៉ាងនេះបាន មនុស្សធ្លាប់មើលងាយយើង ដឹង​តែ​ចាញ់ហើយខ្មាសងើបមុខមិនរួច

  • 2017-11-15 03:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត​មក​ជា​មនុស្ស​ម្នាក់​ទោះបី​តាំង​ចិត្ត​ធ្វើ​ជា​ព្រះ ក៏​គង់​តែ​មាន​មារ​តាម​ចងពារ ទោះ​ខំ​ធ្វើ​ល្អ​យ៉ាង​ណា​ក៏​ជៀស​មិន​ផុត ពី​ប្រភេទ​មនុស្ស​ខ្វះ​លក្ខណៈ​សម្បត្តិ​ ជា​មនុស្ស​មាន​គុណធម៌ សីលធម៌​ក្នុង​ការ​រស់នៅ។ ក្នុង​ចំណោមមនុស្ស​មាន​សន្ដាន​មិន​ល្អ​ជាច្រើន​ប្រភេទ ក្នុង​នោះ​ក៏​មាន​ប្រភេទ​មនុស្ស​ចូលចិត្ត​មើលងាយ​គេដែរ។ បើ​ជួប​មនុស្ស​បែប​នោះ​ក្នុង​ជីវិត​ តើ​គួរ​ធ្វើ​ដូច​ម្ដេច ទើប​អាច​យក​ឈ្នះ​បាន? សូម​មក​ដក​ស្រង់​បទពិសោធន៍​ល្អៗ​ដូច​ខាង​ក្រោម​នេះ៖​

១. មិន​តបត​នៅ​តែ​ញញឹម តែ​មិនមែន​មានន័យ​ថា​​ល្ងង់ទេ

«កុំ​ព្យាយាម​តបត​ទៅ​មនុស្ស​បន្ទាប​តម្លៃ​យើង ធ្លាប់​មើល​ងាយយើង មិន​បាច់​ខឹង​ក្រោធ កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​សម្ដី​មិន​បាន​ប្រយោជន៍​ទាំង​នោះ ព្រោះ​ថា​បើ​មនុស្ស​នោះ ជា​អ្នក​មាន​ចំណេះដឹង សីលធម៌​ក្នុង​ខ្លួន​គេ​នឹង​មិន​ធ្វើ​ទង្វើ​បែប​នេះ​ទេ។» ដូច្នេះ​កាយវិការ​ដ៏​ល្អ​ និង​សក្ដិសម​បំផុត គឺ​ការ​ញញឹម​ដាក់​វិញ ធ្វើ​ចរិត​ធម្មតា​ហាក់​ដូច​មិន​មាន​រឿង​អ្វី ដើម្បី​កុំ​ឲ្យ​គេ​គិត​ថា យើង​ខ្វល់​នឹង​សម្ដី​របស់​គេ។ ប៉ុន្តែ​ក៏​ត្រូវ​កត់​ចំណាំ​ទុក​ ចំពោះ​មនុស្ស​ប្រភេទ​នោះ កុំ​យក​ខ្លួន​បៀត និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច។ នេះ​បើ​តាម​បទពិសោធន៍​របស់ លោក វណ្ណដេត បុគ្គលិក​ក្នុង​ធនាគារ​ឯកជន​មួយ។

២. ខំ​ប្រឹង​ធ្វើការ​ រកស៊ី​មិន​ដាក់​ដៃ

វណ្ណដេត បន្ត​មួយ​ចំណុច​ទៀត​ថា បើ​ពិត​ជា​ឈឺ​ចាប់​នឹង​ការ​មើលងាយ​ពី​នរណា​ម្នាក់ គឺ​ត្រូវ​កែប្រែ​ពី​ការ​ឈឺ​ចាប់​នោះ ងាក​មក​តាំង​ជំហរ ហើយ​ខិតខំ​ប្រឹងប្រែង​រកស៊ី ធ្វើការ​កុំ​ទម្លាក់​ដៃ​ឲ្យ​សោះ។ ប្រសិន​បើ​យើង​កាន់​តែ​ទន់ជ្រាយ អ្នក​ទាំង​នោះ​កាន់​តែ​មើលងាយ​យើង​ថែម​ទៀត។ ដូច្នេះ​មិន​ចាំបាច់​ខ្វល់​ត្រូវ​ចាត់​ទុក​ថា គ្រាន់​តែ​ជា​ពាក្យ​សម្ដី​រសាត់​តាម​ខ្យល់​ហើយ​មក​ប៉ះ​នឹង​ត្រចៀក​យើង​ប៉ុណ្ណោះ វា​គ្មាន​តម្លៃ​អ្វី​ត្រូវ​ឲ្យ​យើង​ឈឺ​ចាប់​ទេ។

៣. ចេះ​ស្រឡាញ់​គ្នា​ក្នុង​គ្រួសារ​រវាង​ឪពុក​ម្ដាយ​បងប្អូន

ដោយ​ឡែក បើ​តាម​បទពិសោធន៍​ជីវិត​របស់ លោក ជី ដានិត ធ្លាប់​តស៊ូ​ពី​គ្រួសារ​ក្រ​ខ្សត់ រហូត​ក្លាយ​ជា​មន្រ្តី​រាជការ​មួយ​រូប​លើក​ឡើង​ថា បើ​អ្នក​ដទៃ​កំពុង​មើល​ងាយ​គ្រួសារ​អ្នក ហើយ​អ្នក​បែរ​ជា​ឈ្លោះ​ប្រកែក​ក្នុង​គ្រួសារ បែក​បាក់​សាមគ្គី បង​ដោយ​បង ប្អូន​ដោយ​ប្អូន នោះ​មនុស្ស​ទាំង​នោះ​កាន់​តែ​ជាន់​អ្នក​ថែម​ទៀត។ ដូចនេះ​ត្រូវ​ចេះ​ស្រឡាញ់​គ្នា រួម​សាមគ្គី​គ្នា ដើម្បី​បង្ហាញ​ថា គ្រួសារ​អ្នក​កំពុង​មាន​សុភមង្គល​បំផុត បើ​ទោះ​ជា​មិន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដូច​គេ ហើយ​ក៏​មិន​បាន​ឈឺចាប់​នឹង​ការ​មើល​ងាយ​របស់​អ្នក​ណា​ដែរ។

៤. កាន់​តែ​រៀប​ឥរិយាបថ​ឲ្យ​ថ្លៃថ្នូរ ឲ្យ​ខ្ពង់ខ្ពស់​សក្ដិសម​ជា​អ្នក​លំដាប់​ខ្ពស់

លោក ជី ដានិត ដដែល​បន្ថែម​ថា អ្នក​ដែល​ចូល​ចិត្ត​មើល​ងាយ​អ្នក​ដទៃ តែង​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ គ្មាន​អ្នក​ណា​ស្មើ គឺ​មាន​ន័យថា គេ​ជា​មនុស្ស​ដែល​មាន​តម្លៃ​ទាប​ទៅ​ហើយ ដូច្នេះ​បើ​យើង​យក​ខ្លួន​ទៅបៀត ឫ​តបត​ទៅ​វិញ មាន​ន័យ​ថា យើង​ក៏​បន្ទាបខ្លួន​យើង​ដែរ។ ជម្រើស​ល្អ​បំផុត ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ឆ្ងាយ ធ្វើ​ខ្លួន​ឲ្យ​ថ្លៃថ្នូរ ឲ្យ​សក្ដិសម​នឹង​ចំណេះវិជ្ជា​ដែល​យើង​មាន នោះ​ទើប​ជា​មនុស្ស​ខ្ពង់ខ្ពស់​ពិត​ប្រាកដ។

៥. សម្រេច​ជោគជ័យ​ក្នុង​ជីវិត និង​បង្ហាញ​ឲ្យ​អ្នក​ធ្លាប់​មាក់ងាយ​ភ្លឺ​ភ្នែក

លទ្ធផល​ដែល​យើង​ទទួល​បាន​បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ រកស៊ី មិន​ទន់​ខ្សោយ កែប្រែ​ពី​ការ​មើល​ងាយ​អ្នកដទៃ គឺ​យើង​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ស្រប​ទៅ​នឹង​ការ​តាំង​ចិត្ត និង​គោលដៅ។ ជោគជ័យ​ដែល​ទទួល​បាន​នេះ មិន​គ្រាន់​តែ​ក្នុង​រឿង​ការងារ រឿង​រកស៊ី​ប៉ុណ្ណោះ​ទេ តែ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​នោះ គឺ​ការ​ឈ្នះ​ចិត្ត​មនុស្ស​ដោយ​សន្តិភាព ដោយ​ស្ងប់​សុខ មិន​បាន​ឈឺ​ចាប់ មិន​បាន​តបត​ដោយ​ហិង្សា​ មិន​បាន​ធ្វើ​អ្វី​ឲ្យ​មាន​វិប្បដិសារី​ក្នុង​ជីវិត៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ