មាន​ករណី​ប្រហារ​​នៅ​អាមេរិក​ទៀត​ហើយ លើក​នេះ​សម្លាប់​មនុស្ស​អស់ ៤​នាក់

  • 2017-11-15 04:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៤នាក់​ស្លាប់ និង ១០​នាក់​ផ្សេង​ទៀត​រួម​ទាំង​ក្មេង​២នាក់ ជា​សិស្ស​សាលា​បឋម​នៅ​ជិត​ទីក្រុង Corning បាន​រង​របួស​ដោយ​សារ​ការ​បាញ់​ប្រហារ​មួយ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ប៉ូលីស​និង​សារ​ព័ត៌មាន​ក្នុង​តំបន់។

តាម​ប្រ​ភព​ពី Reuters បាន​ឲ្យ​ដឹង​ថា ខ្មាន់​កាំភ្លើង​ដែល​មាន​អាវុធ​ស្វ័យប្រវត្តិ​និង​កាំភ្លើង​២​ដើម​បាន​បើក​ការ​បាញ់​ប្រហារ​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​សហគមន៍​កាលីហ្វ័រនីញ៉ា​ខាង​ជើង​​កាល​ពី​ថ្ងៃ អង្គារ ដោយ​បាន​សម្លាប់​មនុស្ស ៤នាក់​មុន​ពេល​​ត្រូវ​​សម្លាប់​ដោយ​ប៉ូលិស។

លោក​អធិការ​រង Mike Pence បាន​សរសេរ​នៅ​ក្នុង Twitter របស់​ខ្លួន​ថា "យើង​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​អំពី​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​ជើង​ដែល​ធ្វើ​អោយ​បាត់​បង់​ជីវិត​មនុស្ស​រួម​ទាំង​កុមារ​ដែល​មិន​មាន​កំហុស​ផង​នោះ។ យើង​ជំរុញ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​។ យើង​នឹង​បន្ត​តាម​ដាន​ស្ថាន​ការណ៍​និង​ផ្ដល់​ការ​គាំទ្រ​ពី​សហព័ន្ធ​បន្ត​ទៀត យើង​សូម​ចូល​រួម​រំលែក​ទុក​ចំ​ពោះ​ជន​រង​គ្រោះ​ទាំង​អស់។"

ការ​បាញ់​ប្រហារ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​សាលា​បឋម Rancho Tehama ដែល​ធ្វើ​អោយ​មនុស្ស​មួយ​ចំនួន​រង​របួស ប៉ុន្តែ​មិន​មាន​បុគ្គលិក​ឬ​សិស្ស​សាលា​បាន​ស្លាប់​នោះ​ទេ។ ខ្មាន់​កាំ​ភ្លើង​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Kevin Janson Neal អាយុ ៤៣​ឆ្នាំ ដែល​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​កាល​ពី​ខែ កុម្ភៈ​ ពី​បទ​ចាក់​សម្លាប់​មនុស្ស។

លោក Coy Ferreira ដែល​បាន​កំពុង​ជូន​កូន​ទៅ​សាលា​រៀន​បាន​និយាយ​ថា គាត់​បាន​ឃើញ​គ្រូ​ម្នាក់​បាន​រត់​មក​ប្រាប់​អ្នក​គ្រប់​គ្នា​នៅ​ទី​នោះ​អោយ​រត់​ពួន​ក្នុង​អាគារ ព្រោះ​ខ្មាន់​កាំ​ភ្លើង​កំពុង​សំដៅ​មក​រក​សាលា​រៀន​ហើយ ក្រោយ​មក​គាត់​ក៏​បាន​លឺ​សំឡេង​ការ​បាញ់​ប្រហារ​រយៈ​ពេល ២០​នាទី។

មន្ទីរពេទ្យ St. Elizabeth Community ក្នុង​សហគមន៍ Red Bluff បាន​ទទួល​អ្នក​ជំងឺ​ពីរ​នាក់​រួម​ទាំង​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ផ្សេង​ទៀត។ ចំណែក​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Mercy នៅ​ទីក្រុង Redding ក៏​បាន​ទទួល​អ្នក​ជំងឺ​បី​នាក់ និង មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Enloe នៅ​ទីក្រុង Chico ដែល​មាន​ចម្ងាយ ៦៤គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​បាន​ទទួល​អ្នក​ជំងឺ ៥ នាក់​ដែល​ក្នុង​នោះ ៣ នាក់​ត្រូវ​បាន​ព្យាបាល​និង​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ៕

ប្រភព៖ Reuters   ប្រែសម្រួល៖ សុភារ័ត្ន