FFC ​ត្រៀម​​ដាក់​​ផែន​ការ​ថ្មី​ដល់​ក្លឹប ដើម្បី​ឲ្យ​មាន​ស្តង់ដារ

  • 2017-11-15 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ម៉ៃ តុលា ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បង្ហើប​ថា នា​ឆ្នាំ​២០១៨ សហព័ន្ធ​ នឹង​​ដាក់​គោល​ដៅ​ចម្បង​ថ្មី​​មួយ​ជូន​ទៅ​តាម​បណ្ដា​ក្លឹប​ក្នុង​លីគ​កំពូល​កម្ពុជា​អនុវត្តន៍ ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ក្លឹប​នីមួយៗ ក្នុង​ទិសដៅ​ចង់​ឲ្យ​​ក្លឹប​កម្ពុជា​​កាន់​តែ​ខ្លាំង​​​អាច​ប្រជែង​យក​ជើង​ឯក​​​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ​​រួម​ទាំង Toyota Mekong Club ។

លោក ម៉ៃ តុលា

​​អគ្គលេខាធិការ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ​សហព័ន្ធ នឹង​រៀប​ចំ​អនុវត្តន៍​ផែន​ការ​ពង្រឹង​សមត្ថភាព​​ក្លឹប គឺ​​ក្លឹប​នីមួយ​ៗ ត្រូវ​​មាន​ទីលាន​ផ្ទាល់​ខ្លួន មាន​​អគ្គលេខាធិការ​ មាន​អ្នក​ប្រចាំ​ការ​​ធ្វើ​ការ ២៤ ម៉ោង មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់ ​ធានា​បាន​ពី​បញ្ហា​ហិរញ្ញវត្ថុ​​ជា​ដើម។ ​ជា​រួម​​ក្លឹប​នីមួយ​ៗ ក្នុង​លីគ​កំពូល​កម្ពុជា​ត្រូវ​​ធ្វើ​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​​របស់​​ពួក​គេ​​កាន់​តែ​ខ្លាំង និង​មាន​ភាព​ងាយ​ស្រួល​ពេល​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ។

​លោក​សង្កត់​ធ្ងន់​​ថា ​​ផែន​ការ​នេះ​​កំពុង​​ត្រួត​ពិនិត្យ​​​ទៅ​លើ​ឯក​សារ​នៅ​ឡើយ ចំពោះ​ពេល​វេលា​ចាប់​ផ្ដើម​មិន​ទាន់​ប្រាកដ​​ អាច​ចាប់​ផ្ដើម​​នៅ​ដើម​ឆ្នាំ​២០១៨​​ឬ​យ៉ាង​ណា​ទេ ពោល​អាច​​នឹង​ចាប់​ផ្ដើម​នៅ​​ពាក់​កណ្ដាល​ឆ្នាំ​​ក្រោយ។ ​នៅ​ពេល​ក្លឹប​ទាំង​អស់​អនុវត្តន៍​បាន​​តាម​ផែន​ការ​នេះ ​សមត្ថភាព​កីឡាករ​នៅ​តាម​ក្លឹប​​​ នឹង​មាន​ភាព​​ខ្លាំង​ឡើង​ៗ ​ពិសេស​ក្រុម​ជើង​ឯក​របស់​កម្ពុជា អាច​មាន​សមត្ថភាព​​កាន់​តែ​ខ្ពស់​​ជាង​​បច្ចុប្បន្ន និង​បាន​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ ដើម្បី​ជា​មោទនភាព​ជូន​ជាតិ។

​​លោក​ ម៉ៃ តុលា បន្ថែម​ថា គម្រោង​នេះ​មិន​ត្រឹម​តែ​​ផ្ដោត​លើ​ការ​​ពង្រឹង​សមត្ថភាព​កីឡាករ​ ដើម្បី​ឲ្យ​ពួក​គេ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​ដូច​ជា Toyota Mekong Club ​នេះ​ទេ​គឺ​សរុប​ជា​រួម​ដើម្បី​ពង្រឹង​វិស័យ​បាល់ទាត់​កម្ពុជា​តែ​ម្ដង។ ​បើ​គិត​មក​ដល់​ពេល​នេះ​ក្លឹប​ក្នុង​លីគ​កំពូល​កម្ពុជា​មាន​មួយ​ចំនួន​ធំ​ហើយ​ ដែល​មាន​ទីលាន​ផ្ទាល់​ខ្លួន​ដូច​ជា ភ្នំពេញ​ក្រោន ស្វាយរៀង ក្រសួង​ការពារ​ជាតិ អគ្គិសនី គីរីវង់​សុខ​សែន​ជ័យ Cambodia Tiger វេស្ទើន​ភ្នំពេញ និង អាស៊ីអឺរ៉ុប ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​