ឥណ្ឌាដណ្ដើម​បានតំណែង​បវរកញ្ញាឯកពិភពលោកជា​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​​ឈ្នះ ១៧ឆ្នាំមុន!

  • 2017-11-19 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​គឺ​ជា​មោទនភាព​ថ្មី​មួយ​ទៀត​ហើយ​ ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ឥណ្ឌា​ ខណៈ​ ម្ចាស់​តំណែង​បវរកញ្ញា​កំពូល​សម្រស់​របស់​ខ្លួន​មួយ​រូប​ទៀត​ហើយ​ដែល​បាន​ទទួល​ជយលាភី​ Miss World ប្រចាំ​ឆ្នាំ​ បន្ទាប់​ពី​អតីត​បវរកញ្ញា​ពិភពលោក​ Priyanka Chopra បាន​ឈ្នះ​ការ​ប្រកួត​នេះ​កាល​ពី​​១៧​ឆ្នាំ​មុន។

ទីបំផុត​ តំណែង​ស្រី​ស្អាត​បវរកញ្ញា​ពិភពលោក​ (Miss World) ឆ្នាំ ២០១៧​ បាន​រក​ឃើញ​ម្ចាស់​ហើយ​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា​ម្សិលមិញ​នេះ​ នៅ​ប្រទេស​ចិន។

ម្ចាស់​ជយលាភី​ បាន​ទៅ​លើ កញ្ញា​ឯក​ប្រទេស​ឥណ្ឌា​ Manushi Chhillar ដែល​បាន​យក​ឈ្នះ​បេក្ខភាព​ចំនួន​ ១០៨​ រូប​ផ្សេង​ទៀត​ដោយ​ជោគជ័យ។

(ពីឆ្វេង​ទៅស្ដាំ, លេខ ២-លេខ១-លេខ៣)

ដោយឡែក​ សម្រាប់​តំណែង​ស្រី​ស្អាត​លេខ ២ បាន​ទៅ​លើ កញ្ញាឯក​មក​ប្រទេស​ម៉ិកស៊ីកូ Andrea Meza និង​លេខ​ ៣​បាន​ទៅ​លើនាង Stephanie Hill មក​ពី​ប្រទេស​អង់គ្លេស។

Manushi និង​ឪពុកម្ដាយ

Manushi Chhillar មាន​អាយុ​ ២០​ឆ្នាំ មក​ពី​រដ្ឋ​ Haryana ប្រទេស​ឥណ្ឌា។ នាង​សិក្សា​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Bhagat Phool Singh Government Medical Collegeក្នុង​ទីក្រុង​ Sonepat។

អ្វី​ដែល​កាន​តែ​ពិសេស​ បើ​តាម​ប្រវត្តិរូប​របស់​ Manushi លើ​គេហទំព័រ​ Miss World បាន​ឲ្យ​ដឹង​ថា​ ស្រី​ស្អាត​រូប​នេះ​ចង់​ក្លាយ​ជា​គ្រូពេទ្យ​វះកាត់​បេះដូង​ ព្រមទាំង​មាន​គម្រោង​ចង់​បើក​មន្ទីរពេទ្យ​ ព្យាបាល​មិន​គិត​កម្រៃ​ នៅ​ទី​ជន​បទ​ទៀត​ផង។

ក្រោយ​ដឹង​ផល​ភ្លាម បុគ្គល​ល្បី​ៗ​ប្រចាំ​ប្រទេស​ជា​ច្រើន​រូប​បង្ហោះ​សារ​អបអរ​ពេញ​ដោយ​មោទនភាព​ចំពោះ​ Manushi។ ក្នុង​នោះ​រួម​មាន​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា, ប្រមុខរដ្ឋ​ Haryana និង​ កំពូល​តារា​ស្រីអតីត​ជយលាភី​បវរកញ្ញាឯកពិភពលោក ឆ្នាំ ២០០០ Priyanka Chopra ជា​ដើម៕

សារអបអរ​របស់ នាយករដ្ឋមន្ត្រីឥណ្ឌា
សារអបអរ​របស់ប្រមុខរដ្ឋ Haryana
សារអបអរ​របស់​តារា​សម្ដែង​ Priyanka Chopra

ប្រភព៖ NDTV   ប្រែ​សម្រួល៖ យី សុធារី