Rain សម្ដែងរឿងចិនថ្មី ស៊ីថ្លៃរាប់លានដុល្លារ
- 2014-11-11 20:30:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rain សម្ដែងរឿងចិនថ្មី ស៊ីថ្លៃរាប់លានដុល្លារ
ចន្លោះមិនឃើញ
តារាចម្រៀង និងសម្ដែងល្បីឈ្មោះរបស់កូរ៉េខាងត្បូង Rain នឹងសម្ដែងជាតួឯកក្នុងរឿងភាគចិនថ្មីមួយមានចំណងជើង “Diamond Lover” ដោយទទួលបានថ្លៃឈ្នួល ៥,៥លានដុល្លារ។
អ្នកនាំពាក្យម្នាក់ពីស្ថាប័នផលិតរឿងថ្មីនេះបានបញ្ជាក់ថា “Rain បានយល់ព្រមសម្ដែងរឿងថ្មីនេះហើយ បន្ទាប់ពីទទួលបានលក្ខខណ្ឌពិសេស ផ្អែកតាមប្រជាប្រិយភាពរបស់គេនៅប្រទេសចិន”។ ប្រភពមួយនេះក៏បានបង្ហើបដែរថា តារាចម្រៀងម្ចាស់បទ “La Song” ទទួលបានតម្លៃខ្លួន ៥,៥លានដុល្លារ សម្រាប់ការសម្ដែងរឿងថ្មីនេះ។
“Diamond Lover” ដឹកនាំសម្ដែងដោយអ្នកដឹកនាំល្បីឈ្មោះ Chen Ming Zhang ដែលបានដឹកនាំរឿងភាគតៃវ៉ាន់ “Fated to Love You”។ ក្នុងរឿងនេះ Rain នឹងដើរតួជានាយកក្រុមហ៊ុនពេជ្រដ៏ល្បីក្នុងពិភពលោក និងជាបុគ្គលដ៏គួរឲ្យស្ញប់ស្ញែងម្នាក់ក្នុងសង្គម។ បើទោះជាគេជាមនុស្សពូកែ និងជាសុភាពបុរសយ៉ាងណាក៏ដោយ ប៉ុន្តែគេហាក់ព្យាយាមរស់នៅដាច់ដោយឡែកពីអ្នកដទៃ រហូតដល់ពេលមួយដែលគេរកឃើញស្នេហ៍ពិត។
តារាស្រីដែលនឹងសម្ដែងជាដៃគូរបស់ Rain ក្នុងរឿងនេះ គឺ Tang Yan ដែលជាតារាសម្ដែងល្បីម្នាក់នៅប្រទេសចិន និងធ្លាប់សម្ដែងរឿងល្បីៗដូចជា "Perfect Couple”, “Chinese Palandin 3”, “My Daughter” និងរឿងជាច្រើនទៀត។
Rain នឹងចាប់ផ្ដើមថតរឿង “Diamond Lover” នៅដើមខែធ្នូ ខាងមុខ នៅទីកន្លែងផ្សេងៗជាច្រើនដូចជា នៅទីក្រុងសៀងហៃ ណានជីង ប្រទេសចិន ប្រទេសបែលហ្សិក និងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
ដោយឡែកភាពយន្តចិនដំបូងរបស់ Rain រឿង “For Love or Money” ដែលតារាវ័យ ៣២ឆ្នាំរូបនេះ សម្ដែងជាមួយតារាល្បីចិន Liu Yifei ទើបតែចាប់ផ្ដើមបញ្ចាំងនៅចិន កាលពីថ្ងៃទី៧ ខែវិច្ឆិកា និងអាចរកចំណូលបានជាង ៥លានដុល្លារ ក្នុងរយៈពេល ៣ថ្ងៃដំបូង៕
អានអត្ថបទ៖អ្នកណានឹងសម្ដែងតួ អ៊ូខុង ជំនួស កុំកុំ ក្នុងរឿង “Monkey King” វគ្គ២?
Rain និង Tang Yan
Rain និង Liu Yifei ជាមួយអ្នកដឹកនាំរឿង "For Money or Love" លោក Gao Xixi
អានអត្ថបទ៖ វីដេអូចម្រៀងកូរ៉េ ១០បទ ដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ mwave