កម្មវិធី​ប្រកួត​សម្រស់​​លំដាប់​អន្តរជាតិ​១ទៀត​នឹង​ធ្វើ​នៅ​កម្ពុជា​ តើស្រីស្អាតរូបណានឹង​តំណាង​ជាតិ​?

  • 2017-11-20 07:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយ​មាន​ការ​អនុញ្ញាត និង​គាំទ្រ​​ពី​ក្រសួងទេសចរណ៍ ព្រម​ទាំង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ព្រឹត្តិការណ៍​ប្រកួត​សម្រស់​​លំដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ធំ១​ដែល​មាន​ឈ្មោះ​ថា World Miss University ឬ កញ្ញា​ឯក​សាកល​វិទ្យាល័យ​ពិភព​លោក​ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​លើក​ដំបូង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​​នេះ។

កម្មវិធី​នេះ គឺជា​ព្រឹត្តិការណ៍​​ជ្រើសរើសបេក្ខភាពតំណាង​ World Miss University Peace Corps ជាមួយនឹង​តម្លៃស្នូល​នៃការលើក​កម្ពស់​សន្តិភាព​ពិភពលោក​ តាមរយៈ​ចលនា​សន្តិភាព​សម្រាប់​ការ​រួប​រួមគ្នា​ ដូច​ពាក្យ​ស្លោក​ “ក្នុង​ពិភពលោក​មួយ​ មនុស្សធម៌​ ប្រៀប​បាន​ដូច​ជា​​បងប្អូនប្រុសស្រី” “ចលនា​បរិស្ថាន​នៃ​មនុស្ស​ធម៌​ដើម្បី​រស់​នៅ​លើ​ភព​ផែនដី”។

ក្នុង​នោះ កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ​ មិន​បាន​ព្រងើយ​កន្តើយ​ឡើយ ដោយ​ពេល​នេះ​គណៈកម្មការ​រៀប​ចំ​ការ​​ប្រកួត ​កំពុង​ដំណើរ​ការ​​កម្មវិធី​​ប្រឡង​ថ្នាក់​តំបន់ ​ជា​មួយ​ការ​ប្រកាស​បង្ហាញ​មុខ​ស្រី​ស្អាត​ ​២០​រូប​ ដែល​ក្រុម​ការងារ​បាន​ជ្រើសរើស​យ៉ាង​ល្អិតល្អន់​ពី​គ្រប់​សាកលវិទ្យាល័យ។

បេក្ខនារី​ទាំង​នោះ បាន​ហ្វឹកហាត់ និង​ប្រកួត​ច្រើន​វិញ្ញាសា​​រួច​មក​ហើយ នៅ​ចាំតែថ្ងៃ​ប្រកាស​លទ្ធផល ​និង​បំពាក់​មកុដ នាវគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​​នឹង​​​​​​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ សូហ្វីតែល​ភ្នំពេញ​ភូគីត្រា នៅ​វេលា​ម៉ោង​ ៧:០០ ល្ងាច។​

កុំ​ភ្លេច​​ទៅ​​ទស្សនា​ដោយ​ផ្ទាល់ និង​​ចូល​រួម​គាំទ្រ​ដល់​បេក្ខនារី​​ ដែល​ប្រិយមិត្ត​​យល់​ថា ស័ក្ដិសម​គ្រង​តំណែង​ជា ​កញ្ញា​ឯក​សាកល​វិទ្យា​ល័យ​ពិភព​លោ​ក​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ២០១៧ និង​ជា​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​នៅ​ថ្ងៃ​ទី ២០ ខែ​ធ្នូ​ ឆ្នាំ២០១៧ ខាងមុខនេះ៕

អត្ថបទ៖ សុខណា