ម្ដាយមើលកូនមិនស្គាល់ ក្រោយពេលកែសម្ផស្សរួច
- 2017-11-20 14:00:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយមើលកូនមិនស្គាល់ ក្រោយពេលកែសម្ផស្សរួច
ចន្លោះមិនឃើញ
បុរសជាកម្មកររោងចក្រវ័យ ២២ឆ្នាំមួយ បានធ្វើឲ្យម្ដាយខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងភិនភាគមុខថ្មីរបស់ខ្លួនក្រោយកែសម្ផស្សរួច។
បុរសនោះមានឈ្មោះ Noppajit Monlin កាលពីមិនទាន់កែកុនមុខ មានថ្គាមវៀច ពីកំណើត ដែលស្ថានភាពនេះបានធ្វើឲ្យរូបគេពិបាកក្នុងការទំពាអាហារយ៉ាងខ្លាំង។ ជាមួយនឹងភាពមិនប្រក្រតីបែបនេះ ធ្វើឲ្យ Noppajit ចូលចិត្តនៅឆ្ងាយពីមិត្តរួមការងារជាមួយខ្លួន និងតែងតែទទួលទានបាយថ្ងៃត្រង់តែម្នាក់ឯង ពេលម៉ោងសម្រាកធ្វើការ។
ប៉ុន្តែភិនភាគមុខបែបនេះត្រូវបានផ្លាស់ប្ដូរទាំងស្រុង ពេលដែល Noppajit បានចូលរួមក្នុងកម្មវិធីទូរទស្សន៍របស់ថៃមួយឈ្មោះថា Let Me In Thailand ហើយបុរសរូបនេះត្រូវបានជ្រើសរើសឲ្យទៅធ្វើការកែសម្ផស្សនៅប្រទេសកូរ៉េខាងត្បូង។ នៅទីនោះ Noppajit បានធ្វើការវះកាត់ឆ្អឹងថ្គាម ថ្ងាស និងភ្នែក។ ក្នុងដំណើរការវះកាត់សម្ផស្សនោះ ក៏មានការចាក់ថ្នាំកុំឲ្យមានការហៀរទឹកមាត់ជ្រុល ក៏ដូចជាមានការព្យាបាល និងថែទាំស្បែកផងដែរដើម្បីបំបាត់ស្នាមអុជខ្មៅដែលមានលើមុខរបស់បុរសថៃរូបនេះ។
៣ ខែក្រោយមក បន្ទាប់ពីជាសះស្បើយពីការវះកាត់នេះ Noppajit បានមកជួបម្ដាយរបស់ខ្លួនវិញនៅក្នុងអាហារដ្ឋានមួយកន្លែង។ បើទោះជាអង្គុយតុជិតគ្នាក៏ដោយ ស្ត្រីជាម្ដាយមិនបានចំណាំកូនរបស់ខ្លួនឡើយ។ ក្រោយមកទើប Noppajit បានងើបពីតុខ្លួន រួចដើរសំដៅទៅតុដែលម្ដាយរបស់ខ្លួនកំពុងអង្គុយ ដើម្បីប្រាប់អំពីរឿងហេតុ។ ក្រោយដឹងថាជាកូនខ្លួន ស្ត្រីជាម្ដាយយំយ៉ាងខ្លាំង ដោយម្យ៉ាងនឹកកូនផង ព្រោះមិនបានជួបគ្នាជាច្រើនខែកន្លងមកហើយ និងម្យ៉ាងទៀតស្ទើរតែមិនជឿថា កូនខ្លួនប្រែប្រួលភិនភាគបែបនេះ។
ក្រោយពីកែសម្ផស្ស Noppajit បាននិយាយថាខ្លួនមានអារម្មណ៍ល្អជាងមុន ដោយសង្គមទទួលស្គាល់ខ្លួនច្រើនជាងកាលពីពេលមុន ហើយឥឡូវខ្លួនក៏មានមិត្តភក្ដិច្រើនដែរ៕