រឿង​ទាំង ៦​យ៉ាង អ្នក​ត្រូវ​ប្រយ័ត្ន ក្រោយ​សម្រាល​កូន​ដោយ​ការ​វះ​កាត់

  • 2017-11-21 05:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កើត​កូន​ដោយ​វះ​កាត់​ជា​ដំណើរ​ការ​ដ៏​សំខាន់​មួយ​ ដែល​រាង​កាយ​របស់​អ្នក​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​បំផុត ដោយ​សារ​ការ​អស់​កម្លាំង​ក្រោយ​ពី​ការ​ផ្ដល់​កំណើត​រួច។

ផល​ប៉ះ​ពាល់​នៃ​ការ​សម្រាល​កូន​ដោយ​វះ​កាត់​ត្រូវ​បាន​ស្គាល់​ច្រើន​រួច​មក​ហើយ បើ​ទោះ​បី​ជា​អ្នក​ត្រូវ​បាន​ណែ​នាំ​ឲ្យ​សម្រាក​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដើម្បី​ឲ្យ​ស្នាម​របួស​ជា​សះ​ស្បើយ​ក៏​ដោយ អ្នក​ត្រូវ​ដឹង​ពី​សញ្ញា​សំគាល់​មួយ​ចំនួន​ដែល​ត្រូវ​ប្រយ័ត្ន​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ទាំង ៦​យ៉ាង​ដែល​អ្នក​ត្រូវ​ប្រយ័ត្ន​ក្រោយ​ពេល​សម្រាល​កូន​ដោយ​ការ​វះ​កាត់ ៖

១. ឡើង​កម្ដៅ​ក្នុង​ខ្លួន​ខ្លាំង

ការ​កើត​ជំងឺ​គ្រុន​ក្ដៅ គឺ​ជា​រឿង​ធម្មតា​បន្ទាប់​ពី​ឆ្លង​កាត់​ដំណាក់​កាល​វះ​កាត់​និង​សម្រាល​កូន ប៉ុន្តែ​ប្រសិន​បើ​កម្ដៅ​ក្នុង​ខ្លួន​អ្នក​កើន​ឡើង​លើស​ពី ៤០​អង្សា អ្នក​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ព្រោះ​ថា​ខ្លួន​ប្រាណ​របស់​អ្នក​អាច​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ។

២. មាន​ក្លិន​មិន​ល្អ

ប្រសិន​បើ​មាន​ការ​ឆ្លង​មេ​រោគ​ផ្សិត​ឬ​រលាក​ស្បែក តំបន់​នៃ​ការ​វះ​កាត់​អាច​មាន​ក្លិន​មិន​ល្អ។ អ្នក​ត្រូវ​ទុក​វា​ឲ្យ​ស្ងួត និង​ធ្វើ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល។ មនុស្ស​ជា​ច្រើន​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ប្រើ​ម៉ាស៊ីន​ផ្លុំ​សម្ងួត​នៅ​សីតុណ្ហភាព​ទាប ​បន្ទាប់​ពី​ងូត​ទឹក ​ដើម្បី​កុំ​ឲ្យ​សើម​កន្លែង​វះ​កាត់ ប៉ុន្តែ​ប្រសិន​បើ​វា​នៅ​តែ​មាន​ក្លិន​ទៀត ​អ្នក​គួរ​តែ​ណាត់​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់។

៣. ជំងឺ​គ្រុន​ផ្ដាសាយ

ប្រសិន​បើ​អ្នក​មាន​អាការ​ទាក់​ទង​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ ដូច​ជា ​ក្អក រងា វិល​មុខ គ្រុនញាក់ ឈឺ​បំពង់​ក និង​អស់​កម្លាំង​ខ្លាំង អ្នក​គួរ​តែ​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ទាន់ ព្រោះ​វា​អាច​ជា​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ហើយ​កូន​របស់​អ្នក​ក៏​អាច​ឆ្លង​មេរោគ​ផង​ដែរ។

៤. មុខ​របួស​ក្ដៅ​ឧណ្ហ​ៗ

ក្រោយ​ការ​វះ​កាត់ ស្នាម​អុច​ក្រហម​នឹង​មាន​នៅ​លើ​មុខ​របួស ប៉ុន្តែ​រោគ​សញ្ញា​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពីរ​ទៅ​បី​ថ្ងៃ។ ក្នុង​ករណី​ដែល​អ្នក​រក​ឃើញ​ថា ​តំបន់​នៃ​ការ​វះ​កាត់​នៅ​តែ​មាន​ភាព​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ដែល​យក​ដៃ​ប៉ះ​ ហើយ​វា​នៅ​តែ​មាន​ស្នាម​ពណ៌​ក្រហម​ដដែល វា​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេ​រោគ​ដែល​ត្រូវ​ការ​ព្យាបាល​ភ្លាម​ៗ។

៥. មាន​ខ្ទុះ​នៅ​មុខ​របួស

ប្រសិន​បើ​មាន​ខ្ទុះ​មួយ​ចំនួន​ហូរ​ចេញ​ពី​មុខ​របួស វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ មាន​ខ្ទុះ​ច្រើន​ជាង​ធម្មតា ​ហើយ​ខ្ទុះ​ប្រែ​ជា​ពណ៌​លឿង ឬ​បៃ​តង​ខុស​ធម្មតា​និង​ឈឺ​ចាប់​ខ្លាំង វា​មាន​ន័យ​ថា​ អ្នក​បាន​ឆ្លង​មេរោគ​ហើយ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ។

៦. ការ​ហើម​និង​ការ​រលាក

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ហើម និង​ឈឺ​ចាប់​នៅ​តំបន់​មុខ​របួស កាន់​តែ​ខ្លាំង វា​អាច​ជា​ការ​ឆ្លង​មេរោគ។ ជួន​កាល​ ជើង ភ្លៅ និង​ក​ជើង ក៏​រលាក​ដែរ។ អ្នក​គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទាន់​ពេល​វេលា៕

ចុច​អាន៖

ប្រភព៖ momjunction   ប្រែសម្រួល៖ សុភារ័ត្ន