កូនទាហានថៃ ស្លាប់ទាំងបាត់សរីរាង្គពីខ្លួន ខណៈសាលាអះអាងថា ស្លាប់ដោយគាំងបេះដូង
- 2017-11-22 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនទាហានថៃ ស្លាប់ទាំងបាត់សរីរាង្គពីខ្លួន ខណៈសាលាអះអាងថា ស្លាប់ដោយគាំងបេះដូង
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ កូនទាហានថៃម្នាក់ ត្រូវបានគេរកឃើញថាស្លាប់ ទាំងបាត់សរីរាង្គផ្នែកខាងក្នុងជាច្រើន នៅឯសាលាយោធា Armed Forces Academies Preparatory School ស្ថិតនៅ Si Ka-ang ប្រទេសថៃ ហើយឪពុកម្ដាយរបស់ជនរងគ្រោះ កំពុងទាមទារចម្លើយពិត។
កូនទាហាននោះ មានឈ្មោះថា Pakapong Tanyakan អាយុ១៨ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ។ Pakapong រៀនឆ្នាំទី១ នៅឯសាលាយោធាខាងលើ។ លោក Pichet និងអ្នកស្រី Sukanya Tanyakan ដែលជាឪពុកម្ដាយរបស់ Pakapong បានប្រាប់អ្នកយកព័ត៌មានថា ពួកគេមិនបានទទួលព័ត៌មានលម្អិតអំពីការស្លាប់របស់កូនប្រុសឡើយ។
ជាមួយគ្នានេះដែរ សំបុត្រមរណភាពដែលបានបង្ហាញដល់ប្ដីប្រពន្ធ ដែលជាអ្នកបើកបររថយន្តប្រណាំងអាជីពខាងលើ ហាក់បីដូចជាមិនប្រក្រតី ហើយបញ្ជាក់ត្រឹមតែថា កូនទាហាននោះស្លាប់ដោយសារគាំងបេះដូងប៉ុណ្ណោះ។
ដោយសារតែមានមន្ទិលសង្ស័យ ប្ដីប្រពន្ធនេះបានយកសាកសពកូនប្រុសរបស់ខ្លួន ទៅធ្វើកោសល្យវិច័យយ៉ាងសម្ងាត់ នៅឯខេត្ត Chonburi។ ទោះបីជាពិធីបុណ្យសព ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ប៉ុន្តែពួកគេបានឱបសាកសពកូនប្រុស ទៅកាន់មន្ទីរពេទ្យ ដោយមិនឲ្យនរណាម្នាក់ដឹងឡើយ ខណៈក្ដារមឈូសនៅឯព្រះវិហារទទេ គ្មានសាកសពឡើយ។
ការធ្វើកោសល្យវិច័យ បានបង្ហាញថា បេះដូង , ក្រពះ , ប្លោកនោម និងខួរក្បាល បានបាត់ ហើយលលាដ៍ក្បាលរបស់គេ ត្រូវបានគេយកក្រដាសជូតមាត់ញាត់ពេញ។ មិនតែប៉ុណ្ណោះ គេបានបាក់ឆ្អឹងជំនី , ឆ្អឹងដងកាំបិតចំនួន២ និង ស្នាមជាំនៅខាងក្នុងពោះ និងខ្នងទៀតផង។ ក្រុមវេជ្ជបណ្ឌិត បាននិយាយថា ការបាក់ឆ្អឹងជំនី និងស្នាមជាំ មិនអាចកើតឡើងបានទេ ក្នុងអំឡុងពេលសង្គ្រោះបឋម (CPR) ប៉ុន្តែទំនងជាត្រូវគេវាយ មុនពេលស្លាប់។
យ៉ាងណាមិញ លោក Pichet និងអ្នកស្រី Sukanya កំពុងទាមទាររកចម្លែកពិត អំពីអ្វីដែលបានកើតឡើង ចំពោះកូនប្រុសរបស់ពួកគេ ហើយបានទាមទារយកសរីរាង្គដែលបាត់ ត្រលប់មកវិញផងដែរ។ ពួកគេបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កូនប្រុសរបស់ពួកគេ ធ្លាប់បានទទួលពិន័យយ៉ាងធ្ងន់ធ្ងរនៅឯសាលា ដោយជួនកាលត្រូវដាំក្បាលចុះក្រោម នៅក្នុងបន្ទប់ទឹកទៀតផង៕