បញ្ហាក្លិនមាត់អាចដោះស្រាយបាន បើដឹងវិធីនេះ
- 2017-11-22 06:17:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាក្លិនមាត់អាចដោះស្រាយបាន បើដឹងវិធីនេះ
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋមួយចំនួនច្បាស់ជាធ្លាប់ជួបបញ្ហាក្លិនមាត់ ហើយបញ្ហានេះធ្វើឲ្យអ្នកទាំងនោះពិបាកឬមិនមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដោយហេតុថាខ្លាចក្លិនមាត់មិនល្អជះទៅកាន់ដៃគូសន្ទនា។
ទោះយ៉ាងណា ក្លិនមាត់នេះអាចបំបាត់បានទៅវិញដោយវិធីងាយៗមួយចំនួន បើក្លិនមាត់នេះមិនកើតឡើងពីជំងឺអ្វីផ្សេង។
លោក សួង ផល្លី ជាទន្តបណ្ឌិតនៅមន្ទីរព្យាបាលធ្មេញសកល មានប្រសាសន៍ថាក្លិនមាត់អាចបណ្តាលមកពីការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវក្រោយបរិភោគអាហារ។ លោកថាកាកសំណល់អាហារដែលជាប់នៅនឹងចន្លោះធ្មេញនេះហើយដែលនាំឲ្យមានក្លិនមាត់។
ត្រង់ចំណុចនេះ ទន្តបណ្ឌិតរូបនេះផ្តល់ជាអនុសាសន៍ថា ពលរដ្ឋត្រូវដុសធ្មេញឲ្យបានទៀងទាត់មួយថ្ងៃចំនួនពីរដង។ មួយវិញទៀតលោកថាត្រូវប្រើច្រាសទន់ដើម្បីកោសអណ្តាត ដោយថាកាកសំណល់ខ្លះបានជាប់នៅនឹងអណ្តាតក៏ជាបញ្ហានាំឲ្យមានក្លិនមាត់ផងដែរ។ វិធីមួយទៀត ដែលលោកណែនាំដែរនោះគឺប្រើ Floss ជាសរសៃអំបោះសម្រាប់ទាក់យកកាកសំណល់អាហារនៅចន្លោះធ្មេញ ដែលច្រាសមិនអាចសម្អាតបាន។ មួយវិញទៀតលោកថាទឹកខ្ពុរមាត់ក៏អាចជាវិធីមួយជួយបំបាត់ក្លិនមាត់ផងដែរ។
ចំណុចមួយទៀតដែលធ្វើឲ្យមានក្លិនមាត់ដែរនោះ លោក សួង ផល្លី ថាបញ្ហាមាត់ស្ងួត ដោយក្រពេញទឹកមាត់មិនអាចបញ្ចេញទឹកមាត់បានគ្រប់គ្រាន់សម្រាប់សម្អាតធ្មេញ ឬអណ្តាត។ ដើម្បីដោះស្រាយបញ្ហានេះលោកថាអ្នកជួបបញ្ហានេះត្រូវពិសារទឹកពីប្រាំមួយទៅប្រាំបីកែវក្នុងមួយថ្ងៃ ដើម្បីជាជំនួយបន្ថែមក្នុងការលាងសម្អាត។
ជាមួយគ្នានេះផងដែរលោកថា បញ្ហារលាកអញ្ជាញធ្មេញក៏ជាកត្តានាំឲ្យមានក្លិនមាត់ដែរ តែចំណុចនេះមានតែអ្នកជំងឺមកជួបទន្តបណ្ឌិតជំនាញដើម្បីទទួលការព្យាបាលអញ្ជាញ និងកោសកំណកកំបោរចេញ ដើម្បីឲ្យអញ្ជាញមានសុខភាពល្អ ឡើងវិញ និងបាត់ក្លិនមាត់។
ដោយឡែក លោក ទន្តបណ្ឌិតថាអ្នកមានជំងឺរលាកបំពង់ក ច្រមុះ ឬបញ្ហាក្រពះ ពោះវៀន ក៏បណ្តាលឲ្យអ្នកជំងឺមានក្លិនមាត់ផងដែរ។ ត្រង់ចំណុចនោះ លោក ទន្តបណ្ឌិត ណែនាំឲ្យអ្នកជំងឺទៅពិគ្រោះ និងព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញលើផ្នែកទាំងនោះ។
លោក ទន្តបណ្ឌិត សួង ផល្លី ក៏មិនភ្លេចដែរក្នុងការណែនាំពលរដ្ឋឲ្យជៀសវាងពិសារបារី ដែលថាធាតុផ្សំនៃបារីនេះជាប់នៅហ្នឹងធ្មេញ នឹងធ្វើឲ្យធ្មេញពុក ដែលបង្កឲ្យមានក្លិនមាត់។ លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋទទួលទានការ៉ុត និងផ្លែប៉ោម ឲ្យបានញឹកញាប់ផងដែរ ដោយថាបន្លែផ្លែឈើប្រភេទនេះជួយដល់សុខភាពមាត់ធ្មេញ និងបំបាត់ក្លិនមាត់ផងដែរ។
ជាមួយគ្នានេះ លោកទន្តបណ្ឌិតផ្តល់ជាយោបល់ថាដើម្បីឲ្យមាត់ធ្មេញមានសុខភាពល្អ ប្រជាពលរដ្ឋគួរតែទៅជួបទន្តបណ្ឌិតដើម្បីពិនិត្យធ្មេញឲ្យបានទៀងទាត់ពីរដងក្នុងមួយឆ្នាំ។ ធ្វើដូចនេះ លោកថាដើម្បីឲ្យទន្តបណ្ឌិតបានពិនិត្យ និងព្យាបាលទាន់ពេលពេលវេលាក្នុងករណីមាត់ធ្មេញមានបញ្ហា៕
ចុចអាន៖
ឪពុកម្ដាយមានកូនអាយុក្រោម២ឆ្នាំ គួរយល់ដឹងពីអាការៈជំងឺរលាកទងសួត
ចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយឲ្យកូន ពិតជាសំខាន់ណាស់ ម្ដាយឪពុកមិនគួររំលង