ស្តែងណាស់! ទាហានកូរ៉េខាងជើង ប្រដេញបាញ់ទាហាន ដែលរត់ចោលជួរ ចូលកូរ៉េខាងត្បូង (វីដេអូ)
- 2017-11-23 07:46:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តែងណាស់! ទាហានកូរ៉េខាងជើង ប្រដេញបាញ់ទាហាន ដែលរត់ចោលជួរ ចូលកូរ៉េខាងត្បូង (វីដេអូ)
ចន្លោះមិនឃើញ
អង្គការសហប្រជាជាតិ បានបញ្ចេញវីដេអូឃ្លិប ដែលបង្ហាញឲ្យឃើញ ទាហានកូរ៉េខាងជើងម្នាក់រត់ភៀសខ្លួន ចេញពីប្រទេសរបស់ខ្លួន ចូលទៅប្រទេសកូរ៉េខាងត្បូង តែត្រូវទាហានកូរ៉េខាងជើងគ្នាឯង ប្រដេញបាញ់យ៉ាងសាហាវ។
វីដេអូនោះត្រូវបានបែកចែកជា ៥ផ្នែក ចាប់ផ្ដើមនៅវេលាម៉ោង ៣ និង ១១នាទីរសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយទាហានកូរ៉េខាងជើងភៀសខ្លួននោះ បានបើកបររថយន្តយោធាមួយគ្រឿង សំដៅចូលទៅកាន់ខ្សែបន្ទាត់ Military Demarcation Line (MDL) ដែលបែងចែកប្រទេសកូរ៉េទាំង២។
នៅពេលមកដល់ស្ពានមួយខ្សែ មានរហស្សនាមថា «Bridge of No Return» ដែលឆ្លងកាត់ខ្សែបន្ទាត់ MDL ទាហានកូរ៉េខាងជើង ដែលមាននាមត្រកូល Oh រូបនេះ បានបើកយ៉ាងលឿនឆ្ពោះទៅព្រំដែន។ នៅវេលាម៉ោង ៣ និង ១៤នាទីរសៀល ក្រុមទាហានកូរ៉េខាងជើង Korean People’s Army (KPA) ដទៃទៀត បានដឹងថា ជនរួមជាតិរបស់ពួកគេ កំពុងព្យាយាមរត់គេចខ្លួន ចូលទៅប្រទេសកូរ៉េខាងត្បូង។
វីដេអូបន្ទាប់បានបង្ហាញឲ្យឃើញ រថយន្តរបស់ Oh ជាប់ផុងនៅក្នុងប្រឡាយមួយ ប៉ុន្តែ Oh បានបន្តការរត់គេចខ្លួនដោយថ្មើរជើង។ នៅចំណុចនេះទាហាន KPA បានមកទាន់ ហើយក៏ចាប់ផ្ដើមបើកការបាញ់ប្រហារតែម្ដង។
បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទាហាន KPA បានបាញ់ជាង ៤០គ្រាប់ ទៅលើ Oh តែត្រូវ ៥គ្រាប់ប៉ុណ្ណោះ។ ខណៈពេលកំពុងបាញ់ប្រហារនោះ ទាហាន KPA ម្នាក់ បានជ្រុលជើងឆ្លងកាត់ខ្សែបន្ទាត់ MDL ដែលខណ្ឌចែកប្រទេសកូរ៉េទាំង២ ដោយចៃដន្យ រួចក៏បានងាកត្រលប់ក្រោយវិញ។
Oh បានដេកដួលនៅក្នុងគំនរស្លឹកឈើ ចម្ងាយប្រហែល ៤៥ម៉ែត្រពីខ្សែបន្ទាត់ MDL ទាំងរងរបួសធ្ងន់។
ក្រោយមក ទាហាន KPA បានប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាអំពីអ្វីដែលបានកើតឡើង ស្របពេលដែលពួកគេបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ឆ្នាំ១៩៥៣ ព្រោះបានឆ្លងកាត់ និងបាញ់ចូលប្រទេសកូរ៉េខាងត្បូង។ មួយរំពេចក្រោយមក ទាហានកូរ៉េខាងត្បូង ៣នាក់ បានវារមកកាន់ Oh រួចអូសរូបគេចូលទៅកន្លែងមានសុវត្ថិភាពវិញ៕
សូមទស្សនាវីដេអូនៅពេលកើតហេតុទាំងអស់គ្នា៖
ចុចអាន៖