ជួប​អ្នក​ដឹក​នាំវ័យក្មេងចូលចិត្តផលិត​រឿង​បែប​ Sci-fi ​ម្តងមើល៍ ប្រាក់ចំណូលឡើងកប់

  • 2017-11-24 00:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រភេទ​ភាព​យន្ត​ជា​ច្រើន​ ឬ​គេ​ហៅថា​ Genre យើង​កម្រ​ឃើញ​ផលិត​ករ​ខ្មែរ​ណា​ផលិត​រឿង​បែប​ Sci-fi ​នោះ​ទេ​តែ​ Sabay បាន​ជួប​ជា​មួយ​ផលិត​ករ និង​អ្នក​ដឹង​នាំ​រឿង​វ័យ​ក្មេង​របស់​កម្ពុជា​ម្នាក់​ ឈ្មោះ​ថា ហេង លីម ដែល​មាន​វ័យ​ត្រឹម​តែ ២៥​ឆ្នាំ​ទេ តែ​ផលិត​ករ​រូប​នេះ​អាច​ផលិត​រឿង​បែប​ Sci-fi បាន​ ហើយ​ថែម​ទាំង​ជា​អ្នក​ផលិត​ស្ប៉ត​ពាណិជ្ជ​កម្ម​ជាមួយ​នឹង​ Motion Graphic និង Animation Graphic ទៀត​ផង​។

ផលិតករភាពយន្ត Sci-fi ហេង លីម

វី​ដេ​អូ​ Sci-Fi គឺ​ជា​ភាព​យន្ត​បែប​វិទ្យា​សាស្រ្ត​ច្នៃ​ប្រឌិត​ វា​អាច​កើត​ឡើង​មុន​សម័យ​កាល​ គ្មាន​បច្ចុប្បន្ន​ ឬ​មិន​ដែល​កើត​ឡើង​ តែ​វា​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ទាក់​ទាញ​ និង​ពិបាក​ក្នុង​ការ​ផលិត​ ព្រោះ​វា​ទាម​ទារ​ឱ្យ​មាន​ជំនាញ​ ផ្នែក​ Motion Graphic, 3D និង Visual Effect ជា​ដើម​ដើម្បី​បង្កើត​ឈុត​ឆាក​ទៅ​តាម​ការ​ស្រមើ​ស្រមៃ​របស់​អ្នក​និពន្ធ ឬអ្នក​ដឹង​នាំ​រឿង​។ ផលិត​ករ​វ័យ​ក្មេង​ ហេង​លីម ប្រាប់​ថា​ ការ​ផលិត​រឿង​បែប​ Sci-fi វា​ដូច​ជា​ការ​ច្នៃ​ប្រឌិត​រឿង​មួយ​ឱ្យ​ទៅ​ក្នុង​ពិភព​លោក​ថ្មី​មួយ​ផ្សេង​ទៀត​ ដោយ​ប្រើ​ប្រាស់​ការ​ប្រៀប​ធៀប​ជា​មួយ​ជីវិត​មនុស្ស​ក្នុង​សង្គម​ពិត​មួយ​ឬបច្ចុប្បន្នភាព​ពិត​​មួយ​។

កន្លង​មក​ផលិតករ​រូបនេះ​ក៏បានផលិត​ភាព​យន្ត​ខ្លី​ ចំនួន ៣​រឿង​ មក​ហើយ​ដែល​រឿង​និមួយ​សុទ្ធ​តែ​ធ្លាប់​ជាប់​ក្នុង​ជំរើស​​ប្រកួត​ក្នុង​មហោ​ស្រព​ភាព​យន្ត​ខ្នាត​ខ្លីទាំង​ក្នុង​ស្រុក​ និងភាព​ច្រើន​មហោ​ស្រព​​អន្តរ​ជាតិ​ ក្នុង​នោះ​ដូច​រឿង​ «13th July : The time machine» ដែល​មាន​រយៈ​ពេល​១៥នាទី​ដែលនិយាយ​ពីម៉ាសុីន​ឆ្លង​ពេល​វេលា​ទៅកាន់​អតីត​កាល​របស់​យុវជន​ម្នាក់​ រឿង​នេះ​ជាប់​នៅ​ក្នុង​មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ឆ្នាំ​ ២០១៣ និង​​រឿង​ «Arrested ReamEyso» ដែល​ជា​ភាព​យន្ត​ខ្លី​ ២នាទី និយាយ​អំពី​ការ​តាម​ចាប់​ខ្លួន​ព្រះ​ឥសូរ ដោយ​ពួក​ម៉ាសុីន​មនុស្ស​យន្ត​ និង​ រឿង​ «Money» ដែល​និយាយ​ពី​មនុស្ស​ក្នុង​សម័យ​ ២០៣៩ ការ​ស្លាប់​រស់​ដោយ​សារ​វិបត្ត​នៃ​លុយ​ និង​អំណាច​ ដែល​ជាប់​ក្នុង​ការ​ជ្រើស​រើស​ប្រកួត​ក្នុង​មហោ​ស្រព​អន្តរជាតិ​នៅ​បរទេស​។

នៅ​ក្នុង​ការ​ផលិត​រឿង​ប្រភេទ​ Sci-fi បែប​នេះ​ចំណាយ​អស់​ច្រើន​លើ​ការ​កាត់​ត​ជាង​ពេល​ថត​ទៅ​ទៀត​ ពិសេស​របៀប​ដាក់​ Visual Effect ឬ Special Effect ដូច​ជា​ចលនា​មនុស្ស​យន្ត​ រូប​ភាព​អច្ឆរិយ ​យាន្ត​អាវ​កាស​ ឬ​រូប​ភាព​និមិត្ត​ផ្សេង​ៗទៀត​ ដែល​ដូច​ជា​វេទ​មន្ត​ជា​ដើម​ ទាំងនេះ​មិនមែន​ជា​បញ្ហា​របស់​ ផលិត​ករ​ ហេង លីម នោះ​ទេ​ព្រោះ​វា​ជា​ជំនាញ​ដែល​ខិត​ខំ​ស្រាវ​ជ្រាវ​និងអនុវត្ត​មុខ​កញ្ចក់​កុំព្យូទ័រ​រាប់​ឆ្នាំ​។ ហេង លីម អ្នកដឹងនាំ Sci-fi ក៏បានបញ្ជាក់ឱ្យដឹងដែរថា៖ «នៅ​ក្នុង​Graphic Design យើង​អាច​ធ្វើអ្វី​បាន​ទាំង​អស់​ តាម​ដែល​អ្នក​ដឹក​នាំរឿង​ចង់​បាន​ ​វា​ក៏​ជា​សំណាង​មួយ​ដែរ​ដែល​ខ្ញុំ​ចេះ​ផ្នែក​ហ្នឹង​»។

យុវ​ជន​ ហេង​លីម ជា​កូន​អ្នក​ភ្នំពេញ​ ហើយ​កាល​ពី​ក្មេង​ៗ​ រូប​គេ​មាន​ការ​ជប់​ចិត្ត​នឹង​រូបភាព​វីដេអូ​ហ្គេម​ នៅ​ក្នុង​ហាង​អុី​ធើ​នេត​ ជា​ខ្លាំង​ដ៏​ថ្នាក់​ពេល​មួយថ្ងៃ​សម្ងំ​រៀន​នៅ​អុីធើនេត​ច្រើន​ជាង​នៅ​សាលា​រៀន​ ដែល​រូបភាព​សិល្បៈ​ឌីជីថល​ទាំង​នោះ​ហើយ​បាន​ជម្រុញ​យុវជន​វ័យ​ក្មេង​ម្នាក់​ឱ្យ​ក្លាយ​ជា​អ្នក Graphic Design និង Motion Graphic Design នេះ ហើយ​ពេល​រៀន​ត្រឹម​ថ្នាក់​ទី ១១ ហេង លីម មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​ពី​ការងារ​ឌីហ្សាញ​របស់​ខ្លួន​តែ​ជាង​១០០​ដុល្លា​ប៉ុណ្ណោះ​ តែ​បច្ចុប្បន្ន ហេង លីម ប្រាប់​ថា​រូបគេ​អាច​រក​ចំណូល​ពី ៨​ពាន់​ដុល្លារ ទៅ​ជាង​ ១​មុឺន​ដុល្លារ​ ពី​ Project និ​មួយ​ៗ​ហើយ​ក្នុង​មួយ​ខែ​ៗ ក៏​មាន​២ ឬ៣ project ដែរ​។

ក្រោយ​បញ្ចប់​វិទ្យា​ល័យ ហេង លីម ក៏​ចូលរៀន​ខាង​ផ្នែក​ Graphic Design នៅ​សា​លក​វិទ្យា​ល័យ​ Limkokwing ហើយ​ក៏​បន្ត​ការងារ​ផ្នែក​ក្រាហ្វិក​នេះ​ រហូត​បើក​ជា​ក្រុម​ផលិត​ករ​មួយ​ឈ្មោះ​ថា​ Will Studio ដែល​ផ្តល់​សេវា​កម្ម​ខាង​ផ្នែក​ឌី​ហ្សាញ​ Visual Effect និង​ផលិត​ស្ប៉ត​ពាណ្ជិ​កម្ម​ជា​ដើម​។ លើស​ពី​​នេះ ហេង លីម ក៏​បាន​រួម​ចំណែក​ឌីហ្សាញ Visual effect និង Special Effect សម្រាប់​រឿង​ធំ​ៗ​មួយ​ចំនួន​ទៀត​ដែល​ ពិសេស Visual Effect ក្នុង​រឿង​ វិលក​ចារិក​ ដែល​ចេញ​កាល​ឆ្នាំ​ ២០១៦ រឿង នារី​វេទ​មន្ត​ ចេញ​កាល​ឆ្នាំ​២០១៦​ដូច​គ្នា​។

ជាក់​ស្តែង​ការ​ផលិត​ភាព​យន្ត​ និង​ ស្ប៉ត​ របៀប​ Sci-fi និង​ដោយ​ការ​ប្រើ​ប្រាស់​ Visual Effect ជា​ការ​លំបាក​ តែ​វា​សម្បូរ​ទី​ផ្សារ​ការងារ​យ៉ាង​ច្រើន​ ខណៈ​អ្នក​មាន​ជំនាញ​លើ​ផ្នែក​នេះនៅ​មាន​តិច​តួច​មែន​ទែន​ ហើយ​មាន​អ្នកចង់​ធ្វើការ​លើផ្នែក​នេះ​ជា​ច្រើន​បាន​បោះបង់​ក្តីស្រមៃ​របស់​ខ្លួន​ដោយ​សារ​ខ្វះ​ធន​ធាន​ និង​ភាព​អំណត់​។​ រីឯ ផលិត​ករ​វ័យ​ក្មេង​រូប​នេះ​ វិញ​និយាយ​ថា​៖ «គ្មាន​អ្វី​ដែល​យើង​ធ្វើ​មិន​បាន​នោះ​ទេ​បើ​យើង​មិន​បោះបង់​ ហើយ​ខ្ញុំ​តែង​គិត​ថា​គេ​ធ្វើ​បាន​ម្តេច​ខ្ញុំ​ធ្វើ​មិន​បាន​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ ហើយ​ពេល​ខ្ញុំ​រៀន​ធ្វើ​វិដេអូ​ Effect ហ្នឹង​ ក៏​ធ្វើ​បាន​ដូច​គេ ​ក្រោយ​មក​ខ្ញុំ​ក៏​ចេះតែ​បំបែប​ក្បាច់​វា ហើយ​ខ្ញុំ​ក៏​ជ្រើស​រើស​វិធី​ធ្វើ​ Effect ហ្នឹង​ឱ្យ​បាន​ច្រើន​វិធី​ ច្រើន​របៀប​ដែរ​»។ ហើយ​វា​ជា​មោទន​ភាព​បំផុត​ពេល​ដែល​យើង​ធ្វើអ្វី​ដែល​អ្នក​ដទៃ​ថា​ធ្វើ​មិន​បាន​ ឬ​មិន​អាច​ទៅ​រួច​ទេ​ ហេង​ លីម បន្ថែម​។

រាល់ខ្សែភាពយន្តខ្លីរបស់ ហេង លីម ត្បិតមិនទាន់ជាប់បានពានរង្វន់ណាមួយក៏ដោយ តែរូបគេនៅតែរក្សាជំហរផលិតរឿងអ្វីដែលខ្លួនចូលចិត្ត បើទោះជាអ្នកទស្សនាគិតថាពិបាកយល់ តែផលិតករវ័យក្មេងរូបនេះសង្ឃឹមថា៖ «ប្រហែល ១០ឆ្នាំក្រោយ គេអាចភ្ញាក់ផ្អើរពេលបានមើលរឿងរបស់ខ្ញុំវិញ ព្រោះខ្ញុំតែងផលិតរឿងអ្វីមួយដែលប្លែកខុសពីគេ ហើយមុនគេ ហើយតាមរបៀបរបស់ខ្ញុំ»។ ហេង លីម ក៏សំនូមពរដែរថា ៖ «ជាផលិតករគួរតែមានអ្វីមួយជារបស់ខ្លួន ជាស្តាយ៍របស់ខ្លួន ហើយខ្មែរយើងគួរតែឈប់ធ្វើអ្វីៗតាមតែគ្នាទៅ គួរតែមានអ្វីដែល Unique ដែលគេអាចសម្គាល់ថា អ៎រ នេះជារឿងរបៀបខ្មែរយើង»។

ខាងក្រោមជាវិដេអូរឿងខ្លីរបស់ ហេង លីម៖

13th July : The time machine

Arrested ReamEyso

ARRESTED REAM EYSO from Lim Heng on Vimeo.

Money

ចុចអាន៖ -ផលិត​ករ​ភាព​យន្ត​ខ្មែរ​-អូស្រ្តា​លី​ ទោះជា​នៅ​ឯ​នាយ​សមុទ្រ​ក៏​នៅ​តែ​នឹក​ដល់​ខ្មែរ​

-ជួប​ផលិតករ​វ័យ​ក្មេង​ ផលិត​ស្ប៉តពាណិជ្ជ​កម្ម​មួយ​ៗ ​តម្លៃ​រាប់​មុឺន​ដុល្លា​រ

អត្ថបទ៖ Sunny

អត្ថបទថ្មី