ពិតជាអស្ចារ្យ! កំណប់ទ្រព្យដ៏មានតម្លៃ២កន្លែង ទើបនឹងរកឃើញថ្មីៗនៅកម្ពុជា

  • 2017-11-23 09:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្បត្តិ​ធម្មជាតិ និង​សម្បត្តិ​វប្បធម៌​២​កន្លែង អាច​ចាត់​ទុក​ជា​កំណប់​ទ្រព្យ​ដ៏​មាន​តម្លៃ​ទើប​តែ​រក​ឃើញ​ថ្មី​ៗ​នៅ​កម្ពុជា ហើយ​សុទ្ធសឹង​តែ​មាន​សក្ដានុពល​ទេសចរណ៍​នឹង​ផ្ដល់​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នា​ថ្ងៃ​អនាគត។

១. ប្រាសាទ​បុរាណ​អាយុ​រាប់​ពាន់​ឆ្នាំ​ចំនួន ២ នៅ​រតនគីរី

កាល​ពី​ថ្មី​ៗ​នេះ​ក្រសួង​បរិស្ថាន​បាន​រកឃើញប្រាសាទ​បុរាណ​ចំនួន ២ កសាង​ក្នុង​សម័យ​អង្គរ ​ និង​មុន​អង្គរ​នៅ​ខេត្ត​រតនៈ​គិរី ។ ក្នុង​ចំណោម​ប្រាសាទ​ទាំង​ពីរ​នេះ មួយ​មាន​ឈ្មោះ ប្រាសាទ​អូរ​ព្រះ និង​មួយ​ទៀត​មាន​ឈ្មោះ​ ប្រាសាទ​យ៉ាក​ណាំង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឧទ្យាន​ជាតិ​អូរយ៉ាដាវ និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់។

បើ​តាម​លោក លឹម​ វណ្ណច័ន្ទ អនុ​ប្រធាន​ការិយាល័យ​ព័ត៌មាន អប់រំ ផ្សព្វផ្សាយ​នៃ​ក្រសួង​បរិស្ថាន ដែល​ជា​អ្នក​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា ប្រាសាទ​អូរ​ព្រះ​ទំនង​ជា​បាន​កសាង​ឡើង​ក្នុង សតវត្ស​ទី ១០-១១ នៃ​គ.​ស ហើយ​មាន​ខឿន​ជា​ថ្ម​បាយ​ក្រៀម និង​បំណែក​ឥដ្ឋ ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ស្ថិត​នៅ​ខាង​លិច​ទន្លេ​ស្រែ​ពក ប្រមាណ ៤០០​ម៉ែត្រ។

ចំណែក​ឯ​ប្រាសាទ​យ៉ាក​ណាំង​ វិញ គឺ​ត្រូវ​បាន​កសាង​ឡើង​អំពី​ឥដ្ឋ បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ទំនង​ជា​សាង​សង់​ក្នុង​សម័យ​មុន​អង្គរ​ ឬ​ដើម​សម័យ​អង្គរ។ ប្រាសាទ​នេះ​រង​ការ​បែក​បាក់ ដោយ​បាន​បាក់​បែក​ត្រឹម​មេ​ទ្វារ ខណៈ​ផ្នែក​ខាង​លិច​បាក់​ទាំង​ស្រុង ហើយ​ផ្នែក​កណ្ដាល​មាន​ការ​ជីក​គាស់​កកាយ។

២. រក​ឃើញ​សម្បត្តិ​ធម្មជាតិ​ដ៏​មហាសាល​ កណ្ដាល​ព្រៃ​​ព្រឹក្សានៅ​ពោធិ៍សាត់

កាល​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ២០១៧ មន្ត្រី​ឧទ្យា​នុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ ​ភ្នំ​សំកុស​ ខេត្ត​ពោធិ៍​សាត់​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​តំបន់​ទឹកធ្លាក់​អូរជាំស្លា​ ក៏​បាន​ប្រទះ​ឃើញ​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​បំផុត មិន​ទាន់​មានមនុស្ស​ធ្លាប់​ទៅ​ដល់​ឡើយ។

បើ​តាម​ក្រសួង​បរិស្ថាន​ឱ្យ​ដឹង​ថា តំបន់​ដែល​មាន សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​នោះ ​មាន​ចម្ងាយ​ប្រមាណ៣​គីឡូម៉ែត្រ ​ពី​ផ្លូវ​ជាតិ​លេខ​៥៥​។ ដោយ​សារ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​នៅ​ឡើយ ដើម្បី​ទៅ​ដល់​ទឹក​ធ្លាក់​សំងំ​លាក់​ខ្លួន​កណ្ដាល​ព្រៃ​នោះ អ្នក​ដំណើរ​ត្រូវ​ដើរ​ដោយ​ថ្មើរ​ជើង ដោយ​ចំណាយ​ពេល​​ប្រហែល​៣០​នាទី។

តាម​ការ​រៀបរាប់​របស់​ឧទ្យានុរក្ស បាន​ប្រាប់​ថា ​នៅ​តាម​ផ្លូវ​​ទៅ​កាន់​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​នោះ ពោរពេញ​ដោយ​ព្រៃឈើ លតាវល្លិ ផ្កា​ព្រៃ​ចម្រុះ​គួរ​ជាទី​គយគន់។ ជា​ពិសេស​មាន​ល្អាង​ធំៗ រូង​ថ្ម សត្វ​ស្វា និង​សត្វ​ចម្រុះជាច្រើនប្រភេទ កំពុង​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ​។ ចំណែក​ទឹក​ជ្រោះ​មាន​ច្រើន​ថ្នាក់ ហូរ​ពុះ​ជ្រែក​កណ្ដាល​ព្រឹក្សា​គ្រប់​រដូវ​។

សម្បត្តិ​ធម្មជាតិ​ដ៏​វិសេស​វិសាល​នោះ ស្ថិត​នៅ​ក្នុង ​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម