គ្រវាត់ចោលរឿងគ្មានបានការ ៦យ៉ាងនេះភ្លាម ពេលអាយុ២០ឆ្នាំ ទើបក្លាយជាអ្នកមាន

  • 2017-11-28 02:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់​ៗ​តែង​ប្រាថ្នា​ចង់​មាន​អនាគត​ដ៏​ល្អ ក្លាយ​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត ភាព​ជោគជ័យ​ ឫ​បរាជ័យ​គឺ​ស្ថិត​លើ​ខ្លួន​យើង​ទាំង​ស្រុង​ជា​អ្នក​គូសវាស។ ដូច​នេះ​ហើយ​ទាមទារ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដើរ​លើ​ផ្លូវ​ត្រូវ ចេះ​ចាប់​យក​អ្វី​ដែល​មាន​ប្រយោជន៍​ ដើម្បី​អនាគត​ដ៏​ល្អ។ ខាង​ក្រោម​នេះ​ជា​រឿង​ដែល​គួរ​តែ​បោះបង់​ចោល​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​ឈាន​មក​ដល់​វ័យ​២០​ឆ្នាំ៖

១. ចរិត​ខឹង​ឪពុកម្ដាយ​ពេល​មិន​បាន​អ្វី​ដូច​ចិត្ត

កាល​នៅ​ជា​កុមារភាព​ ជាវ័យ​មួយ​មិន​ទាន់​ចេះ​គិត​វែង​ឆ្ងាយ​នៅ​មិន​ទាន់​ដឹង​ក្ដី​ថា អ្វី​គួរ​មិន​គួរ​ យល់​តែ​ពីចិត្ត​ខ្លួន​ឯង ចង់​បាន​អ្វី​ក៏​ត្រូវ​តែ​បាន​ហ្នឹង។ ប៉ុន្តែពេល​ធំ​ពេញ​វ័យ​អាយុ​២០​ឆ្នាំ​នៅ​តែ​មាន​ចរិត​បែប​នេះ​ទៀត គឺ​មាន​ន័យ​ថា នៅ​មិន​ទាន់​លះបង់​ចរិត​ក្មេង មិន​ទាន់​មាន​ភាព​ចាស់​ទុំ និង​ភាព​ជា​អ្នក​ដឹក​នាំ​នៅ​ឡើយ​ទេ។

មក​ដល់​វ័យ​នេះ​ហើយ គួរ​ណាស់​តែ​ជួយ​សម្រាល​បន្ទុក​គ្រួសារ មិន​មែន​នៅ​តែ​អំពល់​ទុក្ខ​ឪពុក​ម្ដាយ​ទៀត​ទេ។ ដូច្នេះ​កុំ​គិត​ថា​ខ្លួន​ឯង​នៅ​ក្មេង​​ទៀត ព្រោះ​បើ​នៅ​តែ​គិត​បែប​នេះ​មិន​ដឹង​ពេល​ណា​នឹង​ចាស់​ទុំ​ យល់​ការ​រាក់ជ្រៅ និង​រៀន​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​ទេ។

២. មិត្ត​ភក្ដិ​រាប់​អាន​មិន​រើស​មុខតែ​មិន​បាន​ការ​ម្នាក់

​ការ​សេព​គប់​មិត្ត​ភក្ដិ​ក្នុង​វ័យ​នេះ​គឺ​ត្រូវ​ប្រយ័ត្ន​បំផុត កុំ​ព្យាយាម​សម្លឹង​​រក​តែ​អ្នក​ណា​សម្បូរ​លុយ ចូលចិត្ត​ដើរ​លេង​ពេក ព្រោះ​អ្នក​ទាំង​នោះ​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ទៅ​ថ្ងៃ​អនាគត​ទេ គឺ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ក្នុង​បច្ចុប្បន្ន​ប៉ុណ្ណោះ។

តែ​ផ្ទុយ​មក​វិញ​គួរ​បង្កើត​មិត្តភាព​ជាមួយ​បុគ្គល​ដែល​ផ្ដោត​សំខាន់​លើ​ការ​សិក្សា បុគ្គល​ដែល​មាន​ភាព​ចាស់​ទុំ បុគ្គល​ដែល​តែង​គិត​គូរ​ពី​អនាគត ព្រោះ​អ្នក​ទាំង​នោះ នឹង​នាំ​យើង​ដើរ​ទៅ​រក​ផ្លូវ​ល្អ និង​មាន​អនាគត​ល្អ។ បើ​មាន​មិត្ត​ភក្ដិ​ច្រើន តែ​សុទ្ធ​ជា​អ្នក​គិត​តែ​ពី​រឿង​សប្បាយ រឿង​ដើរ​លេង​ក៏​មិន​បាន​ផល​ប្រយោជន៍​អ្វី​ដែរ។

៣. ការងារ​សព្វ​បែប​យ៉ាង​នៅ​ឆៅ​ទាំង​អស់​គ្មាន​ចេះ​អ្វី​សោះ'

ហេតុ​អ្វី​បាន​ជា​ការ​ចេះ​ធ្វើ​ការ​ងារ​សព្វ​គ្រប់​បែប​យ៉ាង ពិត​ជា​សំខាន់​សម្រាប់​មនុស្ស​វ័យ​នេះ? ជា​ការ​ពិត​អ្នក​នឹង​យល់​ពី​តម្លៃ​វា នៅ​ពេល​ដែល​អ្នក​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​ហើយ​អ្វី​ក៏​មិន​ចេះ​ធ្វើ​ទាល់​តែ​សោះ មិន​ថា​តែ​ការ​ដាំ បាយ​ធ្វើ​ម្ហូប បោកគក់​ជា​ដើម។ មនុស្ស​ដែល​គិត​ថា ការងារ​កំប៉ិក​កំប៉ុក​គ្មាន​អ្វី​សំខាន់ គឺ​ជា​ការ​គិត​ខុស​ទាំង​ស្រុង ត្រូវ​ចាំ​ថា​ចេះ​អ្វី​ក៏​ដោយ ក៏​មិន​ចេះ​អត់​ប្រយោជន៍​ដែរ ព្រោះ​មុន​នឹង​ឈាន​ដល់​ការងារ​ធំ​គឺ​ផ្ដើម​ចេញ​ពី​ការងារ​តូច​ៗ​ទាំង​អស់​នោះ​ហើយ។

ការ​ចេះ​ធ្វើ​ការ​ងារ​ទាំង​ឡាយ មិន​ថា​ស្រាល​ធ្ងន់​សុទ្ធ​តែ​មាន​តម្លៃ​ទាំង​អស់ នឹង​បង្រៀន​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​រឹង​មាំ​បំផុត ​ទៅ​ថ្ងៃ​មុខ​មិន​ថា អ្នក​ជួប​រឿង​លំបាក​អ្វី​ក៏​អ្នក​អាច​ឆ្លង​កាត់​បាន​ដែរ។ ប៉ុន្តែ​អ្នក​ដែល​មិន​ចេះ​អ្វី​ទាំង​អស់​សូម្បី​តែ​រឿង​តិចតួច​ក៏​គិត​ថា ធំ​ប៉ុន​មេឃ​ប៉ុន​ដី​ដែរ។

​​ ៤. មិន​ទាន​ចេះ​គ្រប់គ្រង​អារម្មណ៍

យុវវ័យ​អាច​និយាយ​ថា ជា​វ័យ​កំពុង​ពេញ​សប្បាយ តែ​ក៏​អាច​និយាយ​ថា ជា​វ័យ​ពិបាក​ឆ្លង​កាត់​បំផុត។ បើ​សិន​ជា​ធ្វើ​អ្វី​តែ​ទៅ​តាម​អារម្មណ៍ ទៅ​តាម​ការ​អូសទាញ ទៅ​តាម​តម្រូវការ​ភាព​ជា​យុវវ័យ​ភ្លើត​ភ្លើន ឡូយ​ឆាយ​ហួស ចាយ​លុយ​គ្មាន​គិត មិន​អាណិត​ទឹក​ចិត្ត​ឪពុកម្ដាយ​ នោះ​នឹង​ទាញ​អនាគត​អ្នក​ឲ្យ​សាប​សូន្យ​បើ​មិន​ភ្ញាក់រលឹក។

ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​នៅ​ថ្ងៃ​អនាគត គឺ​ចេះ​បែង​ចែក​ឲ្យ​ច្បាស់​លាស់​រវាង ការ​កម្សាន្ត​សប្បាយ និង​ការ​អប់រំ ចេះ​ថ្លឹងថ្លែង​រឿង​គួរ​ធ្វើ​មិន​គួរ​ធ្វើ ចេះ​ហ្វឹក​ហាត់​អប់រំ​ចិត្ត មាន​ភាព​ជា​អ្នក​ដឹកនាំ ចេះ​សម្រេច​ចិត្ត​ជ្រើស​រើស​អ្វី​ដែល​គិត​ថា​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង។

៥. មិន​ដែល​គិត​គូ​រឿង​អនាគត​សោះ

យុវវ័យ​ភាគ​ច្រើន​តែង​យល់​ថា ខ្លួន​នៅ​ក្មេង​ត្រូវ​ធ្វើ​ឲ្យ​សប្បាយ​ ឲ្យ​អស់​ចិត្ត​សិន ចាំ​អាយុ​រៀង​ច្រើន​ចាំ​គិត​ពី​រឿង​អនាគត។ តើ​ការ​យល់​បែប​នេះ​ត្រឹមត្រូវ​ឫ​ទេ? ចម្លើយ​ គឺ​ជា​រឿង​ដ៏​ខុស​ឆ្គង​បំផុត យុវវ័យ​មិន​មាន​អត្ថន័យ​បែប​នេះ​ទេ តែ​ជា​វ័យ​ដែល​ត្រូវ​ផ្ដោត​លើ​ការ​សិក្សា ការ​ស្រាវជ្រាវ ការ​បង្កើត​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​បុគ្គល​ល្អៗ​ក្នុង​សង្គម​ទៅ​វិញ​ទេ ទើប​ជា​ការ​គិត​ដ៏​ត្រឹម​ត្រូវ។

អ្នក​និយាយ​ថា ចាំ​អាយុ​ច្រើន​សឹម​គិត​ពី​អនាគត តែ​ទម្រាំ​តែ​អ្នក​គិត គឺ​វា​ចង់​យឺត​ពេល​ទៅ​ហើយ ព្រោះ​ថា ជំនាញ​បច្ចេកទេស​ក៏​គ្មាន ជំនាញ​នៅ​សាកលវិទ្យាល័យ​ក៏​គ្មាន ភាសា​អង់គ្លេស​ក៏​គ្មាន កុំព្យូទ័រ​ក៏​មិន​ចេះ ។ ដូច្នេះ​ចុង​ក្រោយ អ្នក​នឹង​ស្ដាយ​ពេល​វេលា​កន្លង​មក​ដែល​មិន​គិត​ខំ​ប្រឹង​ប្រែង គិត​តែ​រឿង​សប្បាយ ក៏​ព្រោះ​តែ​អ្នក​មិន​យល់​ច្បាស់​ពី​អត្ថន័យ​ភាព​ជា​យុវវ័យ​នេះ​ហើយ។

៦. មួយ​ថ្ងៃៗ​គិត​តែ​ពីរឿង​ស្នេហា​លឺ​សូរ​តែ​ខូចចិត្ត​ឥត​ល្ហែ

ស្នេហា​ជា​រឿង​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ជៀសផុត ព្រោះ​ជា​ច្បាប់​ធម្មជាតិ ហើយ​ក៏​មិន​អាច​និយាយ​ថា អ្នក​ដែល​មាន​ស្នេហា​ទាំង​វ័យ​ក្មេង​គឺ​ជា​រឿង​ខុស​ឆ្គង​ដែរ ព្រោះ​បើ​ជួប​មនុស្ស​ដែល​ស្រឡាញ់​ហើយ​ពិបាក​នឹង​ឃាត់​ឃាំង​បេះដូង​ណាស់។

ប៉ុន្តែ​អ្នក​ដែល​ចេះ​ប្រើ​ខ្សែ​ជីវិត​បាន​ត្រឹម​ត្រូវ គេ​នឹង​អាច​បែង​ចែក​ថា វ័យ​ណា​កំពុង​រៀន? វ័យ​ណា​កំពុង​ខំធ្វើ​ការ​រក​លុយ និង​វ័យ​ណា​ត្រូវ​គិត​ពី​រឿង​ស្នេហា? ដូច្នេះ​យក​ល្អ​កុំ​ប្រញាប់​យក​ជីវិត​ត្រូវ​ប្រឡូក​រឿង​ស្នេហា​ទាំង​វ័យ​ក្មេង​ឲ្យ​សោះ ទាំង​មិន​ទាន់​មាន​ភាព​ចាស់​ទុំ ទាំង​មិន​មិន​ទាន់​មាន​អ្វី​ក្នុង​ខ្លួន។ ស្នេហា​ក្នុង​ភាព​ជា​យុវវ័យ​ងាយ​បង្កើត តែ​ក៏​ងាយ​ងាយ​បញ្ចប់ ព្រោះ​អ្នក​ទាំង​ពីរ​បង្កើត​វា​ឡើង​ទៅ​តាម​អារម្មណ៍​បញ្ជា ហើយ​ចុង​ក្រោយ​គ្មាន​អ្វី​ក្រៅ​ពី​ឈឺ​ចាប់ ខូចចិត្ត​នោះ​ទេ។

បុគ្គល​ដែល​ជោគជ័យ​រឿង​ស្នេហា គឺ​អ្នក​ដែល​បាន​ត្រៀម​ខ្លួន​រួចរាល់​នឹងទទួលយក​ស្នេហា អ្នក​ដែល​មាន​ភាព​ចាស់​ទុំ មាន​ការងារ​ច្បាស់លាស់​ប្រាក់​ខែ​ច្រើន និង​ស្វែង​រក​ដៃគូ​ជីវិត​សក្ដិសម​នឹង​ខ្លួន​ឯង​បំផុត៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ គំនិតអ្នកជោគជ័យ

អត្ថបទថ្មី