ចប់​អនុបណ្ឌិត​ជំនួញ និងធុរកិច្ច តែ​ក្លាយ​ជា​អ្នក​រាំ​​ល្ខោន​ខោល​

  • 2017-11-28 03:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង់​ចំណូល​ចិត្ត​មនុស្ស​មាន​ភាព​ខុស​គ្នា​ ជួន​កាល​ទម្រាំរក​ឃើញ​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង​ឃើញ​ប្រើ​ពេល​រាប់​ឆ្នាំ​ តួ​យ៉ាង​ដូចជា​លោក កែ​ ប៉ូលីន ​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​វិស្វករ​ និង​ចំណី​អាហារ​ នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង បាន​បញ្ចប់​អនុបណ្ឌិត​ Business and Administration ​​នេះ​ តែ​បែ​ជា​មក​ចាប់​ជំនាញ​​ សិល្បៈ​ជា អ្នក​រាំ​របាំ​ល្ខោន​ខោល​ទៅ​វិញ។

កើត​ក្នុង​ឆ្នាំ១៩៨៦ ​អ្នក​កំពង់ធំ​រូបនេះ បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​របាំ​ ពេល​ខ្លួន​រៀន​ចប់​មហា​វិទ្យាល័យ​ ក្នុង​ឆ្នាំ​២០១០។​ ការ​ចាប់​ផ្តើម​ដំបូង លោក​បាន​ចូល​ហាត់​ក្នុង​សមាគមសិល្បៈអប្សរា​ ហាត់​បាន​២ឆ្នាំ​លោក​ក៏​ចូល​រៀន​ក្នុង​សាលា​ភូមិន្ទ​​វិចិត្រ​សិល្បៈ​ ផ្នែក​ទម្រង់​ល្ខោន​ខោល​បន្ថែម​ទៀត​។ មាន​ទៅ​អន់អី​​ វិស្វករ​គីមី​ និង​ចំណី​អាហារ​ ដោយ​សារ​មាន​និស្ស័យ​ខាង​វិស័យ​សិល្បៈ​​បាន​ធ្វើ​ឲ្យ​លោក​រៀន​ឆាប់​ចេះ​ និងចាប់​បាន​ច្រើន​​ថែ​ទាំង​រាំ​ស្អាត​នូវ​ទម្រង់​បុរាណ​នេះ។

លោក ប៉ូ​លីន​បាន​ប្រាប់ Sabay ថា «ខ្ញុំ​ដូច​ជា​មាន​និស្ស័យ ​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​ឆាប់​ចេះ​ ដូច​ជា​មាន​អ្វី​ទាក់​ចិត្ត​បង​ឲ្យ​ចង់​ហាត់​របាំ​បុរាណ​នេះ​តែ​ម្តង​»។​

កាល​ពី​ពេល​ថ្មី​នេះ​​ដោយសារ​មាន​ទេព​កោសល្យ​ផ្នែក​សិល្បៈ ​ប៉ូ​លីន ​ក៏​បាន​ប្រឡង​ជាប់​ក្នុង​ក្រុម​របាំ​ល្ខោន​ខោល​ ដែល​គ្រប់​គ្រងដោយ​សម្ដេច​ព្រះរៀម​បុប្ផា​ទេ​វី​ តួ​ព្រះ​ល័ក្ស​។

អនុបណ្ឌិត​រូប​នេះ​បាន​ដើរ​កាន់​ឆ្ងាយ​ពី​អាជីព​​ដែល​ខ្លួន​បាន​រៀន​​ថ្នាក់​បរិញ្ញា​បត្រ​ និង​អនុបណ្ឌិត។ ក្រៅ​ពី​សម្តែង​តួ​ល្ខោន​ខោល​ ​លោក​ប៉ូ​លីន​ ក៏​ជា​អ្នក​បញ្ចូល​សំឡេង​ក្នុង​ខ្សែ​ភាព​យន្ត​ដែរ​។ ប៉ូលីន​ប្រាប់​ Sabay ថា លោក​អាច​បញ្ចូន​សំឡេង​បាន​ ៥តួ ​គឺ​តួឯក​ តួរង​ កូនក្មេង​ មនុស្ស​ចាស់ ​វ័យ​កណ្តាល​និង​មនុស្ស​ជរា។

​​ជាកូនទី៣ក្នុងចំណោម​បងប្អូន​៤នាក់​ ស្ថិត​ក្នុង​ត្រកូល​គ្រួសារ​មួយ​មាន​មុខ​របរ​បើក​ផ្ទះ​សំណាក់​នៅ​ក្នុង​ខេត្ត​រតនគីរី​ លោក​និយាយ​ថា​គ្មាន​​បង​ប្អូន​​ណា​ម្នាក់​មាន​ចូល​ចិត្ត​ខាង​សិល្បៈ​ដូច​​លោក​ឡើយ​ ។សាច់​ញាតិ ​ភាគ​ច្រើន​មាន​ជា​អ្នក​ជំនួញ។

ការងារ​ដែល​ផ្តល់​ចំណូល​ឲ្យ​​សម្រាប់​លោក​ពេល​នេះ​មិន​មែន​ការងារ​សិល្បៈ​ឡើយ ​តែ​ការងារ​ជួយ​ទ្រ​ទ្រង់​ជីវភាព​លោក​ប្រ​ចាំ​ថ្ងៃ​គឺ​ការ​បកប្រែ​អត្ថបទ​កុន​ ពី​ភាសា​​អង់គ្លេស​មក​ភាសា​ខ្មែរ​វិញ។

ជីវិត​ដ៏​រីក​រាយ​របស់​លោក​ក្នុង​វិស័យ​សិល្បៈ​នេះ​គ្មាន​ក្រុម​គ្រួសារ​ជំទាស់​ទេ​ ព្រោះ​លោក​មាន​ជំហរ​រឹង​មាំ​ដែល​មិន​ធ្វើ​ឲ្យ​គ្រួសារ​ពិបាក​ពី​ការ​ចាយ​អ្វី​ឡើយ​។ ទោះជាចំណូល​ក្នុង​មួយ​ឆ្នាំ​ៗ​បាន​ពី​ការ​​សម្ដែង​សិល្បៈ​បុរាណ​តិច​តួច​ តែ​លោក​នៅ​រីក​រាយ​ចំណាយ​ពេល​វេលា​ក្នុង​ការ​ចូល​សម្តែង​សិល្បៈ​បុរាណ​នេះ។​

​លោក​បញ្ជាក់​ថា ទៅ​ថ្ងៃ​ខាង​មុខ​លោក​ចង់​ក្លាយ​ជា​ផលិត​កកម្មវិធី​ក្នុង​ទូរទស្សន៍ និង​ចង់​បង្ហាត់​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​នូវ​របាំ​បុរាណ​ខ្មែរ ដែល​លោក​ចេះ៕​

អត្ថបទៈ ស្រីអូន