រឿងរ៉ាវបុរសខ្មែរម្នាក់ សម្រេចចិត្តបើកហាងកុំព្យូទ័រដោយសារមិត្តភ័ក្ដិ
- 2017-11-28 03:40:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវបុរសខ្មែរម្នាក់ សម្រេចចិត្តបើកហាងកុំព្យូទ័រដោយសារមិត្តភ័ក្ដិ
ចន្លោះមិនឃើញ
១០ ឆ្នាំ មុន លោក យ៉ាត ចន្រ្តា គ្រាន់តែជានិស្សិតម្នាក់ ដែលមានចំណូលចិត្តផ្នែកគ្រឿងអេឡិចត្រូនិក។ លោកកើតគំនិតចង់បើកជំនួញផ្នែកគ្រឿងអេឡិចត្រូនិកដោយមិនដឹងខ្លួន ផ្តើមដោយមិត្តភ័ក្កម្នាក់។ ដោយទទួលបានការសរសើរនិងលើកទឹកចិត្ត គួបផ្សំមានចំណេះដឹង និងនិស្ស័យចូលចិត្តផ្នែកបច្ចេកវិទ្យាខ្លាំងផង ក៏ដូចជាមើលឃើញឱកាសលើជំនួញនេះ ជាហេតុធ្វើឲ្យលោកចាប់ផ្តើមបើករបរលក់គ្រឿងអេឡិចត្រូនិក រកតក់ៗពីមួយឆ្នាំទៅមួយឆ្នាំ រហូតអាចបេីកហាងលក់កុំព្យូទ័រដ៍ធំបន្តបន្ទាប់គ្នា។
លោកយ៉ាត ចន្ត្រា បានប្រាប់ Sabay ក្នុងពេលបើកសម្ពោធហាងថ្មីរបស់ខ្លួនថ្មីៗនេះថា ជំនួញរបស់លោកចាប់ផ្ដើម គឺដោយសារមិត្តភ័ក្តម្នាក់។ នៅពេលកំពុងរៀន មានមិត្តភ័ក្ដិម្នាក់បានពឹងពាក់ឲ្យលោកជួយរកទិញកុំព្យូទ័រឲ្យ ដោយសារឃើញលោកមានចំណេះដឹង និងមានការយល់ដឹងច្រើនទាក់ទងផ្នែកគ្រឿងកុំព្យូទ័រ។
បន្ទាប់ពីទទួលការពេញចិត្តសរសើរពីមិត្តភ័ក្កដែលលោកអាចជ្រើសរើសបានផលិតផលដ៏ល្អ រួមទាំងតម្លៃសមរម្យទៀតនោះ ធ្វើឲ្យលោកចាប់ផ្ដើមគិតចង់បើកមុខរបរ ទាក់ទងការរកស៊ីផ្នែកគ្រឿងអេឡិចត្រូនិក ដោយសារវាត្រូវចំណង់ចំណូលចិត្តនិងគិតថាលោកមានជំនាញខាងនេះស្រាប់ផង។
លោកបញ្ជាក់ថា ដំបូងឡើយ លោកមិនមានដើមទុនច្រើនទេ។ អាចត្រឹមមានលទ្ធភាពទិញកុំព្យូទ័រមួយគ្រឿងពីរគ្រឿងដាក់ផ្ទះ ហើយដាក់លក់អនឡាញ។ បន្តិចម្តងៗ មុខជំនួញរបស់លោកបានដើរទៅមុខ ហើយការរកស៊ីកាន់តែកាក់កប។
លោកថា បន្ទាប់ពីឃើញសន្ទុះអាជីវកម្មរីកចម្រើន លោកចាប់ផ្តើមបើកហាងលក់កុំព្យូទ័របានបន្តគ្នាបន្ទាប់រហូតពេលនេះ បានពង្រីកសាខាបានពីរកន្លែងនៅទីក្រុងភ្នំពេញ។
លោក យ៉ាត ចន្រ្តា បានបញ្ជាក់ថា មិនមែនលោកមានបើកទុកអីច្រើនគឺចាប់ផ្តើមពីតិចតួច និងសន្សំបន្តិចម្តងៗរហូតដល់បើកហាងកុំព្យូទ័រដែលនាំប្រេនពីក្រៅស្រុក។
លោកថា មុខរបរណាក៏ដូចមុខរបរណាដែរ ប្រាកដជាត្រូវបញ្ហាប្រឈមចៀសមិនផុត។ សម្រាប់យុទ្ធសាស្រ្តអាជីវកម្មរបស់លោកគឺការយកចិត្តទុកដាក់លើគុណភាពនិងតម្លៃ។
លោកថា លោកប្រើយុទ្ធសាស្រ្តគឺការផ្តល់ផលិតផលគុណភាពដល់អតិថិជន និងគិតចំណេញតិចធ្វើម៉េចលក់ឲ្យបានច្រើន។
ជាមួយគ្នានេះ លោកតែងតែស្វែងរកឱកាសសហការជាមួយដៃគូក្រៅស្រុក ដើម្បីនាំយកផលិតផលថ្មីៗ ដែលជាតម្រូវការរបស់អតិថិជន បែបនេះទើបធ្វើឲ្យលោកអាចឈានមុខលើគូប្រកួតប្រជែង។
លោក យ៉ាត ចន្រ្តា បានបើកហាងលក់ហាងដ៏ធំមួយនៅទីក្រុងភ្នំពេញដែលមានឈ្មោះថា ចន្រ្តាស្តរដែលមានពីរសាខានៅក្នុងទីក្រុងភ្នំពេញ។
ជាទិសដៅនៅថ្ងៃអនាគត លោកចង់ពង្រីកមុខរបរបន្ថែមទៀត មិនត្រឹមតែនៅក្នុងទីក្រុងភ្នំពេញគឺនៅតាមបណ្តាខេត្ត ដោយលោកគិតថា តម្រូវការរបស់អតិថិជនមានគ្រប់ទីកន្លែង។
លោកមើលឃើញថា នៅថ្ងៃអនាគតមុខជំនួញផ្នែកគ្រឿងអេឡិចត្រូនិក នៅតែរីកចម្រើន ដោយសារការវិវត្តនៃសង្គម តម្រូវការប្រើប្រាស់របស់ពលរដ្ឋ ដែលគ្រឿងអេឡិចត្រូនិកជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃ ដែលបានជួយសម្រួលដល់សម្រេចលទ្ធផលការងារ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ