​បំណង​ប្រាថ្នា​មួយ​របស់​សេដ្ឋី​កសិកម្ម​គឺនាំ​ផ្លែស្វាយ​ខ្មែរទៅ​លក់​គ្រប់​ទីផ្សារ​លើពិភព​លោក​

  • 2017-11-28 09:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បំណង​ប្រាថ្នា​មួយ​របស់​អ្នកជំនួញ​ជើង​ចាស់​នៅក្នុង​វិស័យ​កសិកម្មឧកញ៉ា​ ម៉ុង ឫទ្ធី​ គឺ​ចង់​នាំផ្លែ​ស្វាយ​ដែលផលិត​ដោយ​ដៃរបស់ប្រជាជនខ្មែរទៅដាក់លក់នៅលើទីផ្សារទាំងអស់ជុំវិញពិភពលោក។ បំណង​ប្រាថ្នា​របស់​សេដ្ឋី​កសិកម្ម​រូបនេះ​ ​បាន​កើត​ឡើង​ស្របពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​ញឹកញាប់​ ប៉ុន្តែ​នៅទីនោះ​មិនមាន​ផលិតផល​កសិកម្មខ្មែរ​លក់​ឡើយ​។

ឧកញ៉ា​ ម៉ុង ឫទ្ធី​ បាន​រៀបរាប់​ថាៈ "ខ្ញុំ​មាន​បំណង​ប្រាថ្នា​ថា​ ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​នាំ​យក​ផ្លែ​ស្វាយ​ដែលដាំដោយដៃប្រជាជន​កម្ពុជា​យើង​ យកមកដាក់តាំងនៅលើទី​ផ្សារ​ទាំងអស់ឲ្យបាន"។

មក​ទល់​បច្ចុប្បន្ន​​បំណង​ប្រាថ្នា​របស់​អ្នក​ជំនួញ​ជើងចាស់រូបនេះ បាន​សម្រេច​មួយ​ផ្នែក​ហើយ​ ពោលគឺលោកឧកញ៉ា បាននាំផ្លែស្វាយកែវរមៀតរបស់ខ្មែរទៅលក់​នៅលើ​ទីផ្សារ​អឺរ៉ុប​។

​​ថ្លែងក្នុង​បទ​សម្ភាស​ជាមួយ​ Sabay ​កាលពី​កន្លងទៅ​ ​ឧកញ៉ា​ ម៉ុង ឫទ្ធី​ ​បានឲ្យ​ដឹងថា​ ទីផ្សារ​អឺរ៉ុបបាន​ទទួល​ស្គាល់​ផ្លែស្វាយ​កែវរមៀត​របស់ខ្មែរ​មាន​គុណភាព​ល្អ​ និង​បាន​សុំឲ្យ​បង្កើន​ជើង​នាំ​ចេញ​ដល់​ ​២ជើង​ ក្នុង​មួយ​សប្ដាហ៍​។

លោក​ឧកញ៉ា​ ឲ្យដឹងថា ​ស្វាយ​ដែល​នាំ​ចេញ មិន​តិច​ជាង ៤​តោន​ឡើយ​ក្នុង​មួយ​ជើង ហើយ​បន្ទាប់​ពី​បញ្ជូន​ដល់​ប្រទេស​បារាំង នឹង​មាន​ការ​ចែក​ចាយ​បន្ត​ទៅ​តាម​បណ្ដា​ប្រទេស​នានា​នៅ​អឺរ៉ុប​ទៀត។ លោក​ឧកញ៉ា បាន​បញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​មាន​តម្លៃ​ថ្លៃ​បន្តិច ឯ​ការ​វេច​ខ្ចប់​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​សូម្បី​ជាំ​បន្តិច​ក៏​មិន​អាច​នាំ​ចេញ​បាន​ដែរ។

គួរជម្រាបថា ​នៅថ្ងៃ​ទី ២៦​ ខែវិច្ឆិកា ​ថ្មីៗនេះ​ ក្រុមហ៊ុន​ឧកញ៉ា​ ម៉ុង ឫទ្ធី​ ​បាននាំ​ចេញ​ស្វាយ​ទៅកាន់​ទី​ក្រុង​បារីស​ ​ប្រទេស​បារាំង​ប្រមាណ​ ៤តោន ៨០០​គីឡូក្រាម តាម​ជើង​ហោះ​ហើរ​QATAR AIRWAY ។ ដោយកន្លង​មក​ ក្រុមហ៊ុន​កសិកម្ម​មួយ​នេះ​ បាន​សម្រេច​នាំចេញស្វាយ​ចំនួន​ ២២ជើង ​និង​មាន​បរិមាណ​ចំនួន​ ១៣០​តោន​៕​​

អត្ថបទ៖ ស៊ិន សាវ៉េត