រថយន្ត​បាឡែន ឮ​ដំណឹង​មិន​សូវ​នាំចូល ហើយ​លក់​មិន​សូវ​ដាច់​ទៀត

  • 2017-11-29 04:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ឈ្មួញ​នាំ​ចូល​រថយន្ត​ពីរ​បី​កន្លែង ដែល Sabay បាន​សាកសួរ​ឆ្លើយ​ដូច​ៗ​គ្នា​ថា រថយន្ត​បាឡែន​ពេល​នេះ​មិន​សូវ​មាន​ទីផ្សារ​ទិញ​លក់​ទេ និយាយ​រួម​លក់​អត់​ចេញ​តែ​ម្តង។

នៅ​តាម​ឃ្លាំង​នានា នៅ​ពេល Sabay ជិះ​ឆ្វែល​រក​មើល​ស៊េរី​ឡាន​ផ្សេងៗ​ស្ទើរ​តែ​គ្មាន​រថយន្ត​ប្រភេទ​នេះ​ដាក់​លក់ បើ​ឃើញ​ក៏​មាន​មួយៗ​ដែរ។

លោក ប៉េងលីម ម្ចាស់​ឃ្លាំង​លក់​រថយន្ត​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្បែរ​ស្តុប​ទេពផន​ប្រាប់​ថា ទីផ្សារ​រថយន្ត​បាឡែន​ពេល​នេះ​ស្ងាត់​ទាំង​អ្នក​ទិញ ស្ងាត់​ទាំង​ឈ្មួញ​នាំ​ចូល។

"អូន​ឯង​ដើរ​មើល​តាម​ឃ្លាំង​នានា​ពេល​នេះ​ទៅ ស្ងាត់​ជ្រាប​គ្មាន​សូវ​គេ​តាំង​លក់​ទៀត​ទេ"។

លោក​ថា ឈ្មួញ​ជា​ច្រើន​មិន​សូវ​យក​មក​លក់​ទៀត​ទេ ចៀសវាង​កប់​លុយ​ចោល​ដោយសារ​មិន​សូវ​មាន​អ្នក​ទិញ ហើយ​បើ​លក់​ចេញ​ក៏​មិន​សូវ​ចំណេញ​​ច្រើន​ដែរ។

ចំណែក​ម្ចាស់​ឃ្លាំង​លក់​រថយន្ត​មួយ​កន្លែង​ទៀត​ តាម​ផ្លូវ​ព្រះមុនីវង្ស​ប្រាប់​ថា ពី​មុន​បាឡែន​ត្រូវ​ប៉ាន់​អ្នក​រត់​តាក់​ស៊ី​ តែ​ឥឡូវ​គេ​មក​រក​ស៊េរី​ខ្ពស់ៗ​ដូចជា Highlander, Lexus អី។

តើ​មក​ពី​អី? ឈ្មួញ​វ័យ​ជាង ៤០ ឆ្នាំ​នេះ​សួរ​បក​វិញ។

លោក​បន្ត​ថា រថយន្ត​​ប្រភេទបាឡែន​មាន​តម្លៃ​ចាប់​ពី ១០ ០០០ ដុល្លារ​ជាង ឯ​អា​ខ្លាញ់​គោ​អាច​ឡើង​ដល់ ១៦ ០០០​ដុល្លារ។ សួរ​ថា​តម្លៃ​ប៉ុណ្ណេះ​មាន​អ្នក​ទិញ​អត់ គេ​ប្រាកដ​ជា​រក​មើល​ស៊េរី​ខ្ពស់​ដូចជា Lexus, Highlander អី​ហើយ បើ​ខុស​តម្លៃ​គ្នា​តិចតួច។

រថយន្ត​បាឡែន​ដែល​គេ​និយម​ទិញ​ជិះ​ចាប់​ពី​ស៊េរី ០២។ រថយន្ត​បាឡែន មាន​ច្រើន​ប្រភេទ​ដូចជា LE, XLE, Half Full និង Full-Option ជា​ដើម។

កញ្ញា​រចនា អ្នក​លក់​រថយន្ត​នៅ​ឃ្លាំង​ហេង ហ៊ុយ នៅ​ក្បែរ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ប្រាប់​ថា នៅ​ហាង​របស់​កញ្ញា​រថយន្ត​បាឡែន​នៅ​តែ​លក់​បាន​មួយៗ មិន​​សូវ​ដាច់​ភ្ញៀវ​នោះ​ទេ។

អ្នកនាង​ថា មួយ​ខែ​អាច​លក់​បាន ៣ ទៅ ៤ គ្រឿង​ ដែល​ភាគច្រើន​ជា​អ្នក​ដែល​មាន​គ្រួសារ។

កញ្ញា​ក៏​មើល​ឃើញ​ពី​ឥរិយាបថ​ផ្លាស់ប្តូរ​របស់​ពលរដ្ឋ​ងាក​មក​ចាប់​អារម្មណ៍​ស៊េរី​ខ្ពស់ៗ​ដូចជា​ប្រភេទ Lexus, Highlander ដោយសារ​វា​ស៊េរី​លើ​ជាង ហើយ​តម្លៃ​ខុស​គ្នា​តិច​តួច៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី