មានលុយមិនគ្រប់ ចង់ទិញឡានជិះ អាចប្រើវិធីមួយនេះបាន
- 2017-11-30 04:22:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានលុយមិនគ្រប់ ចង់ទិញឡានជិះ អាចប្រើវិធីមួយនេះបាន
ចន្លោះមិនឃើញ
មិនមានលទ្ធភាពគ្រប់គ្រាន់ ទិញរថយន្តជិះដោយប្រាក់ចំណូលតិចតួច អាចប្រើប្រាស់សេវាកម្មបង់រំលួស ដើម្បីទទួលបានរថយន្តដែលខ្លួនចង់បាន។
បច្ចុប្បន្នគ្រឹះស្ថានហិរញ្ញវត្ថុទាំងតូចទាំងធំ បានបើកសេវាផ្តល់ប្រាក់កម្ចីទិញរថយន្តបង់រំលស់ ដោយគ្រាន់តែភ្ជាប់ឯកសារនិងបំពេញលក្ខណ្ឌចាំបាច់មួយចំនួន។
លោក ហែម ផល្លី ប្រធានផ្នែកភតិសន្យាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា បានប្រាប់ Sabay ថា អ្នកដែលប្រើប្រាស់សេវាបង់រំលស់អេស៊ីលីដាក្នុងការទិញរថយន្ត ត្រូវមានប្រាក់ផ្ទាល់ខ្លួន ៣០% ទៅលើតម្លៃរថយន្ត។
អតិថិជនត្រូវមានឯកសារផ្ទាល់ខ្លួនដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬប័ណ្ណសម្គាល់ខ្លួនផ្សេងៗ និងមានទីលំនៅច្បាស់លាស់។ បន្ទាប់មក ខាងធនាគារនឹងសិក្សាលើលទ្ធភាពនៃការសងត្រឡប់មកវិញលើប្រាក់ចំណូល។
លោកថា ក្រោយពេលទទួលបានឯកសារគ្រប់គ្រាន់ និងមានការព្រមព្រៀងគ្នា អ្នកទិញអាចទទួលយករថយន្តបានដោយខាង គ្រឹះស្ថាន ឬធនាគារជាអ្នកគិតថ្លៃចំណាយដែលនៅសល់ទៅឲ្យអ្នកលក់រថយន្ត ហើយអ្នកទិញត្រូវបង់ទៅតាមចំនួនកំណត់ទៅឲ្យគ្រឹះស្ថាន ឬធនាគារជារៀងរាល់ខែ។
ចំណែកលោក មុឺន សែន ប្រធានផ្នែកផ្ដល់ប្រាក់កច្ចី នៅគ្រឹះស្ថានហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានប្រាប់ថា ក្រៅពីមានឯកសារគ្រប់គ្រាន់ហើយ ត្រូវមានប្រាក់ចំណូលសមស្របដែលអាចមានលទ្ធភាពបង់ទៅកាន់គ្រឹះស្ថានវិញ ត្រូវមានទីលំនៅច្បាស់លាស់នៅភ្នំពេញ។ បើអ្នកស្នាក់នៅផ្ទះជួល ត្រូវមាន លិខិតបញ្ជាក់ទីលំនៅ ឬក៏អាចរកអ្នកធានាដែលមានទីលំនៅច្បាស់លាស់ ត្រូវមានលិខិតបញ្ជក់ប្រាក់ចំណូល ចំពោះអ្នករកស៊ីត្រូវមានលិខិតបញ្ជាក់ពីអាជីវកម្ម (ប័ណ្ណប៉ាតង់) ហើយអាចរំលស់បាន ១០០% លើតម្លៃរថយន្តនេះបាន។
កញ្ញារចនា អ្នកលក់រថយន្តនៅឃ្លាំងហេង ហ៊ុយ នៅក្បែរទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ថា ការផ្តល់សេវាបង់រំលស់បានជួយពលរដ្ឋច្រើនលើការទិញរថយន្ត ដោយសារពលរដ្ឋមួយចំនួនមិនមានលុយដុលក្នុងការទិញបង់ផ្តាច់។
ការផ្តល់សេវាបង់រំលស់ អតិថិជនអាចមានជម្រើសសងមកកាន់គ្រឹះស្ថាន ឬធនាគារដែលបានខ្ចីវិញ តាមពេលណាមួយដែលចង់បាន និងអាស្រ័យលើការប្រាក់នៃចំនួនទឹកប្រាក់នេះ។
កញ្ញាលើកឡើងថា អតិថិជនក៏ត្រូវសិក្សាលទ្ធភាពសងត្រឡប់វិញដែរ ចៀសវាងខាតទាំងការ ខាតទាំងដើម។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ត៖