កូរ៉េខាងជើង បញ្ចេញវីដេអូបាញ់មីស៊ីល ចូលសមុទ្រជប៉ុន កម្របានឃើញបំផុត (វីដេអូ)

  • 2017-11-30 09:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទិដ្ឋភាព កូរ៉េខាងជើង​បាញ់​មីស៊ីល​ដ៏​ធំ​សម្បើម​របស់​ខ្លួន ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន ខណៈ​មេដឹកនាំ​ផ្ដាច់ការ លោក គីម ជុងអ៊ុន កំពុង​ឈរ​មើល​ពី​ចម្ងាយ។

វីដេអូ​នោះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង Korean Central News Agency (KCNA) កាល​ពី​ព្រឹកមិញ​នេះ បង្ហាញ​ឲ្យ​ឃើញ មីស៊ីល Hwasong-15 ត្រូវ​បាញ់​ចេញ​ពី​តំបន់ Pyongsong ស្ថិត​នៅ​ភាគ​ខាងត្បូង ខេត្ត Pyongan ចម្ងាយ​ប្រហែល ៣០គីឡូម៉ែត្រ​ពី​ទីក្រុង Pyongyang។

នៅ​ក្នុង​វីដេអូ​នោះ​ដែរ លោក គីម ជុងអ៊ុន បាន​ឱប​ឧត្ដមសេនីយ៍​របស់​ខ្លួន ខណៈ​គ្រាប់​មីស៊ីល​ត្រូវ​បាន​បាញ់​ទៅ​លើ​មេឃ ដោយ​ធ្វើ​ដំណើរ​ប្រមាណ​ជា ៩៥០គីឡូម៉ែត្រ ឆ្ពោះ​ទៅ​ប្រទេស​ជប៉ុន។ បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ បាន​ឲ្យ​ដឹង​ថា Hwasong-15 គឺ​ជា​មីស៊ីល​ផ្លោង​អន្តរទ្វីប (ICBM) ដែល​មាន​សមត្ថភាព អាច​បាញ់​ដល់​សហរដ្ឋអាមេរិក និង អង់គ្លេស​ទៀត​ផង។

យ៉ាងណាមិញ មេដឹកនាំ​កូរ៉េខាងជើង ត្រូវ​បាន​គេ​មើល​ឃើញ សើច​សប្បាយ​រីករាយ​ជាមួយ​មន្ត្រី​របស់​ខ្លួន នៅ​ពី​មុខ​អេក្រង់​ដែល​បង្ហាញ​ពី​ការ​បាញ់​មីស៊ីល​នោះ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង