ឡាន​ Prius មាន​ដល់​​ទៅ​ ៤ ​​ប្រភេទ​ កុំច្រឡំ​ឲ្យ​សោះ​​មុនទិញ​

  • 2017-11-30 23:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Prius ជា​រថយន្ត​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ដ៏​ពេញ​និយម​មួយ​ ដោយ​សារ​តែ​វា​អាច​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ច្រើន​ និង​មាន​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ។ រថយន្ត​ Prius នេះ​ដែរ​មាន​ចែក​ចេញ​ជា​ ៤ ​ប្រភេទ​ខុសៗ​គ្នា រួម​មាន ​៖

Prius

ជា​រថយន្ត​​​ប្រភេទ​ដើម​ (Original) ​ដែល​អាច​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ច្រើន និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ខ្លាំង​នោះ​ទេ ហើយ​ថែម​ទាំង​មាន​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​ផង​ដែរ។ ជា​មួយ​នឹង​គូថ​ក្រោយ​ប្រភេទ​ Liftback (លើក​ឡើង​លើ) អាច​ឲ្យ​អ្នក​រក្សា​ទុក​ឥវ៉ាន់​បាន​ច្រើន។

រថយន្ត​ Prius ស៊េរី​ចុង​ក្រោយ​ឆ្នាំ​ ២០១៧ មាន​​តម្លៃ​ចាប់​ពី​ ២៨ ៩៨០ ដុល្លារ (សហរដ្ឋអាមេរិក) ដោយ​មាន​​ម៉ាស៊ីន​ស៊ីឡាំង ៤ ចំណុះ​ ១,៨ លីត្រ អម​នឹង​ម៉ូទ័រ​អគ្គិសនី ដែល​មាន​កម្លាំង​សរុប​ ១២១ សេះ។ បើកក្នុងក្រុង ១០០ គ.ម ស៊ី ៤,៣៥ លីត្រ និង​ក្រៅ​ក្រុង ១០០ គ.ម ស៊ី ៤,៧ លីត្រ។

Prius c

Prius c ជា​ប្រភេទ​រថយន្ត​ Prius ដែល​មាន​រូបរាង​កាន់​តែ​តូច​ជាង​ប្រភេទ​ដើម​ ​និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង។ Toyota Prius c ស៊េរី​ចុង​ក្រោយ​ឆ្នាំ​ ២០១៧ មាន​តម្លៃ​ចាប់​ពី​ ២១ ០៧៥ ដុល្លារ។ មាន​ម៉ាស៊ីន​ស៊ីឡាំង ៤ ចំណុះ ១,៥ លីត្រ រួម​ជា​មួយ​ម៉ូទ័រ​អគ្គិសនីដែលអាចបង្កើតកម្លាំងសរុប​បាន​ ៩៩ សេះ បើកក្នុងក្រុង ១០០ គ.ម ស៊ី ៤,៩ លីត្រ និង​ក្រៅ​ក្រុង ១០០ គ.ម ស៊ី ៥,៤៧ លីត្រ។

Prius v

ប្រសិន​បើ​ចង់​បាន​រថយន្ត​ Prius ដែល​មាន​ទំហំ​ធំ​ទូលាយ​ Prius v ជា​ជម្រើស​មួយ​ប្រសើរ​បំផុត។ វា​មិន​ត្រឹម​តែ​មាន​កន្លែង​ដាក់​ឥវ៉ាន់​បាន​ច្រើន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​ផ្ទៃ​ខាង​ក្នុង​ធំ​ទូលាយ​ អាច​​ឲ្យ​អ្នក​ដំណើរ​អង្គុយ​បាន​ដោយ​មាន​ផាសុកភាព រួម​ជា​មួយ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន។

Prius v ស៊េរី​ចុង​ក្រោយ​ឆ្នាំ​ ២០១៦ មាន​តម្លៃ​ចាប់​ពី​ ២៧ ៥៤០ ដុល្លារ ដែល​មាន​ម៉ាស៊ីន​ស៊ីឡាំង ៤ ចំណុះ ១,៨ លីត្រ អម​នឹង​ម៉ូទ័រ​អគ្គិសនី បង្កើត​កម្លាំង​សរុប​បាន​ ១៣៤ សេះ។ បើកក្នុងក្រុង ១០០ គ.ម ស៊ី ៥,៣៤ លីត្រ និង​ក្រៅ​ក្រុង ១០០ គ.ម ស៊ី ៥,៨៨ លីត្រ។

Prius Prime

ចំណុច​ពិសេស​របស់​ Prius Prime នេះ​ គឺ​អ្នក​បើក​បរ​អាច​ជ្រើស​រើស​ការ​បើក​ដោយ​ពឹង​ផ្អែក​លើ​ថាមពល​អាគុយ​ផ្ទាល់​ ឬ បើកបរ​ដោយ​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid។ សាក​បំពេញ​ម្ដង​វា​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​បាន ៤០ គ.ម។

Prius Prime ស៊េរី​ ២០១៧ មាន​តម្លៃ​ចាប់​ពី​ ២៧ ១០០ ដុល្លារ ប្រើ​ម៉ាស៊ីន​ស៊ីឡាំង ៤ ចំណុះ ១,៨ លីត្រ។ ចំពោះ​ការ​បើកបរ​​ដោយ​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីនក្នុងក្រុង ១០០ គ.ម ស៊ី ៤,២៧ លីត្រ និង​ក្រៅ​ក្រុង ១០០ គ.ម ស៊ី ៤,៤៣ លីត្រ៕

ប្រភព៖ Advantage Toyota NY   ប្រែ​សម្រួល៖ សុខហេង