Mariah Carey បាន​ប្រាក់​រាប់​លាន​ដុល្លារ និង​ចិញ្ចៀន​ពេជ្រ​មួយ​​វង់​ពី​អតីត​គូ​ដណ្ដឹង​ក្រោយ​បែក​បាក់​គ្នា

  • 2017-11-30 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​Mariah Carey បាន​ទទួល​បាន​ប្រាក់​រាប់​លាន​ពី​​ការ​ព្រមព្រៀង​ចែក​ផ្លូវ​គ្នា​​របស់​នាង​ជាមួយ​អតីត​គូ​ដណ្ដឹង​ដែល​ជា​មហា​សេដ្ឋី​សញ្ជាតិ​អូស្ត្រាលី លោក​ James Packer។​

តារា​ចម្រៀង និង​អ្នក​ជំនួញ​ដ៏​ស្តុក​ស្ដម្ភ​រូប​នេះ​ មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​បាន​រយៈ​ពេល​ ១០​ខែ ហើយ​​ទំនាក់​ទំនង​ពួកគេ​ ក៏​ត្រូវ​បញ្ចប់​ក្នុង​ខែ​តុលា​ឆ្នាំ​២០១៦។ ក្រោយ​ពី​ការ​បែក​បាក់​យ៉ាង​ជូរ​ចត់ គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ទាស់​ទែង​គ្នា​ជិត​មួយ​ឆ្នាំ​​ពាក់ព័ន្ធ​នឹង​រឿង​ប្រាក់​ ដែល​ទទួល​បាន​​ពី​ការ​ព្រម​ព្រមព្រៀង​បញ្ឈប់​ទំនាក់​ទំនង​គ្នា​នេះ​។

បើ​តាម​វិប​សាយ​ The Blast បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ខែ​កន្លង​ទៅ អតីត​គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​​ទាស់​ពាក្យ​សម្ដីគ្នា តែ​​ចុង​ក្រោយ​​មាន​អ្នក​ដឹងថា​ នាង​បាន​ទទួល​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ ព្រម​ទាំង​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ដ៏​ធំ​របស់​នាងពី​បុរស​ជា​អតីតគូស្នេហ៍​រូបនេះ។ បើ​តាម​ពាក្យ​ចចាមអារ៉ាម​ បាន​និយាយ​ថា​ចិញ្ចៀន​នោះ​មាន​តម្លៃ​ដល់​ទៅ ៨លាន​ដុល្លារ​ឯណោះ។ វិប​សាយ​ដដែល​បន្តថា​ បើ​សរុប​ទាំង​​ប្រាក់​ និង​ចិញ្ចៀន​ដែល​នាង​ទទួល​បាន​នោះ​គឺ​ចន្លោះ​ពី ៥ ទៅ​១០​លាន​ដុល្លារ​ឯណោះ។

គួរ​រម្លឹក​ដែរ​ថា ម្ចាស់​បទ “Without You” និង​អ្នក​ជំនួញ​រូប​នេះ​បាន​ប្រកាស​ពី​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៥ ហើយ​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​ក្នុង​ខែ​មករា ឆ្នាំ​២០១៦​ជាមួយ​នឹង​ចិញ្ចៀន​ពេជ្រ​៣៥​ការាត់។ ប៉ុន្តែ​ទីបំផុត​ អ្នក​ទាំង​ ២នៅតែ​បែកគ្នា​ទៅវិញ៕

ប្រភព៖ Mirror   ប្រែសម្រួល៖ អន សុភក្ត្រា