កប់! មន្ត្រីថាទំហំ GDP អ្នកទីក្រុងក្នុងម្នាក់ឡើងដល់ ជិត៤ពាន់ដុល្លារ
- 2017-12-01 06:13:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់! មន្ត្រីថាទំហំ GDP អ្នកទីក្រុងក្នុងម្នាក់ឡើងដល់ ជិត៤ពាន់ដុល្លារ
ចន្លោះមិនឃើញ
ទំហំផលិតផលក្នុងស្រុកសរុប(GDP) សម្រាប់ប្រជាជនម្នាក់ៗនៅទីក្រុងភ្នំពេញបានឡើងដល់ទៅ ៣៨០០ដុល្លារហើយ។ នេះបើតាមការអះអាងរបស់អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាប្រចាំឆ្នាំ ២០១៧នៅកោះពេជ្រកាលពីម្សិលមិញ ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ថ្លែងថាៈ «ទំហំផលិតផលក្នុងស្រុកសរុប(GDP) សម្រាប់មនុស្សម្នាក់ៗនៅភ្នំពេញមានកើនឡើងពីចំនួន ៩៣៤ដុល្លារក្នុងឆ្នាំ ២០១២ រហូតដល់ ៣៨០០ដុល្លារ គិតក្នុងឆ្នាំ ២០១៦ ដែលជានេះជាមោទនភាពថ្មីមួយទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញ»។
បើតាមតួលេខរបស់ធនាគារពិភពលោកGDP សម្រាប់ប្រជាជនកម្ពុជាម្នាក់គិតជាទូទៅក្នុងឆ្នាំ២០១៦ មានចំនួនជាង១២០០ដុល្លារ។
បន្ថែមពីលើនេះទៀត ឯកឧត្តមថា កំណើនប្រជាជនរស់នៅភ្នំពេញមានចំនួនសរុបប្រមាណ ១លាន ៦សែននាក់ ក្នុងនោះអត្រាភាពក្រីក្រប្រជាជននៅទីក្រុងក៏បានធ្លាក់ចុះមកក្រោម ៩,៩ភាគរយ ស្របគ្នានឹងចំនួនប្រជាជនកំពុងបម្រើការងារមានប្រហែល ៨សែននាក់។
អភិបាលរងរាជធានីភ្នំពេញរៀបរាប់ឲ្យដឹងទៀតថា វិស័យសំណង់បានផ្លាស់ប្ដូរមុខមាត់ថ្មីនៅភ្នំពេញ ក្រោមការអភិវឌ្ឍគម្រោងទីក្រុងរណប អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានជាច្រើន។ ឯកឧត្តមគូសបញ្ជាក់ថាគិតត្រឹមខែ កញ្ញា ឆ្នាំ ២០១៧ រាជធានីភ្នំពេញមានផ្ទៃដីសរុប ៦៩២,៦៤គីឡូម៉ែត្រក្រឡា មានសំណង់បុរីមានចំនួន ១៨៨កន្លែង អគារខ្ពស់ៗមាន ៩៧៩អគារ និងគម្រោងសាងសង់សរុប ៧៧៧គម្រោងនៅលើផ្ទៃដីសំណង់ ៣លានម៉ែត្រការ៉េ និងមានទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារអាមេរិក៕