កូនស្រីកើតជំងឺមហារីក ដំណាក់កាលចុងក្រោយ សុខចិត្តប្រាប់ឪពុកម្តាយ ឲ្យឈប់ព្យាបាលនាង ព្រោះហេតុផលរំជួលចិត្ត

  • 2017-12-01 06:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​ដែល​កើត​ជំងឺ​ធ្ងន់ធ្ងរ​ម្នាក់ នៅ​ក្នុង​ប្រទេស​ចិន បាន​សម្រេចចិត្ត​ប្រាប់​ឪពុកម្ដាយ​របស់​នាង ឲ្យ​ឈប់​ព្យាបាល​នាង បន្ទាប់​ពី​ពួកគេ​បាន​ចំណាយ​ប្រាក់​សន្សំ​ទាំង​អស់ ទៅ​លើ​ថ្លៃ​ព្យាបាល​របស់​នាង។

នាង Li Xiaoqing អង្គុយលើគ្រែ

ក្មេង​ស្រី​អាយុ​១៤ឆ្នាំ មាន​ឈ្មោះ​ថា Li Xiaoqing រូប​នេះ បាន​ប្រាប់​ទៅ​កាន់​ឪពុកម្ដាយ​ដែល​ក្រីក្រ ទាំង​ទឹកភ្នែក​ថា «សូម​មេត្តា​បោះបង់​ខ្ញុំ​ទៅ។ ខ្ញុំ​មិន​ចង់​ក្លាយ​ជា​បន្ទុក​របស់​ម៉ាក់ប៉ា​ឡើយ»។

បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នាង Xiaoqing កើត​មាន​ជំងឺ​ដុំ​សាច់​ម្យ៉ាង ហៅថា Hepatoblastoma ដែល​ជា​ប្រភេទ​ជំងឺ​មហារីក​ថ្លើម​ដ៏​កម្រ កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៤។ បច្ចុប្បន្ន ជំងឺ​មហារីក​របស់​នាង បាន​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ។

នាង Xiaoqing និង​ក្រុម​គ្រួសារ​មាន​ដើម​កំណើត​មក​ទីក្រុង Puyang ខេត្ត Henan ប្រទេស​ចិន។ នាង​រស់​នៅ​ជាមួយ​ឪពុកម្ដាយ , បងប្រុស , ប្អូនស្រី និង ជីដូន​របស់​នាង​នៅ​កសិដ្ឋាន។ គ្រូពេទ្យ​មក​ពី​មន្ទីរពេទ្យ​នៃ​ទីក្រុង Puyang បាន​និយាយ​ថា ពួកគេ​មិន​អាច​ព្យាបាល​ជំងឺ​របស់​​នាង Xiaoqing បាន​ឡើយ ដោយសារតែ​ថ្នាំពេទ្យ​មាន​កំណត់។ ដូច្នេះ​ពួកគេ​បាន​ស្នើ​ឲ្យ​ក្រុម​គ្រួសារ​នាង ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ពី​មន្ទីរពេទ្យ នៅ​ទីក្រុង​ប៉េកាំង​ជំនួស​វិញ។

ក្រោយមក ឪពុកម្ដាយ​របស់ Xiaoqing បាន​សម្រេចចិត្ត​យក Xiaoqing ទៅ​កាន់​ទីក្រុង​ប៉េកាំង ដែល​មាន​ចម្ងាយ ៥១០គីឡូម៉ែត្រ ឬ​ត្រូវ​ប្រើ​ពេល​ធ្វើ​ដំណើរ ចំនួន​៥ម៉ោង​ទើប​ទៅ​ដល់។ បន្ទាប់​ពី​ទទួល​បាន​ការ​ពិនិត្យ ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ Beijing Children's Hospital បាន​ស្នើ​ឲ្យ Xiaoqing ទទួល​ការ​ព្យាបាល​ដោយ​សារធាតុ​គីមី​ជា​មុន​សិន ព្រោះ​ដុំ​សាច់​របស់​នាង​ធំ​ពេក។ ទោះ​ជា​យ៉ាង​ណា ពួកគេ​និយាយ​ថា ការ​វះកាត់​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​ដុំ​សាច់​របស់ Xiaoqing មាន​ទំហំ​តូច។

ក្រោយ​ពេល​ទទួល​បាន​ការ​ណែនាំ ពួកគេ​បាន​នាំ Xiaqing ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ People's Hospital ក្នុង​ទីក្រុង Puyang វិញ ដោយសារតែ ការ​ព្យាបាល​នៅ​ទីក្រុង​ប៉េកាំង​មាន​តម្លៃ​ថ្លៃ។ ការ​ធ្វើ​បែប​នេះ ទើប​ពួកគេ​អាច​មាន​លទ្ធភាព​ចេញ​ថ្លៃ​ព្យាបាល​ឲ្យ​កូន​ស្រី។

នាង Xiaoqing បាន​ផ្អាក​ការ​សិក្សា ហើយ​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​គីមី ចំនួន​៥លើក ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ជាប់​គ្នា នៅ​ក្នុង​ទីក្រុង Puyang។ គួរ​ឲ្យ​សោកស្ដាយ ស្ថានភាព​ជំងឺ​របស់​នាង​កាន់​តែ​អាក្រក់ ហើយ​ឪពុកម្ដាយ​របស់​នាង ត្រូវ​នាំ​នាង​ទៅ​ទីក្រុង​ប៉េកាំង​ម្ដងទៀត ដើម្បី​ទទួល​ការ​ព្យាបាល​កម្រិត​ខ្ពស់។

ប្រភព​ព័ត៌មាន​បាន​អះអាង​ថា នាង Xiaoqing បាន​ទទួល​ការ​ព្យាបាល​ដោយ​គីមី រហូត​ដល់​ទៅ ២០លើក ក្នុង​ចន្លោះ​ខែ​វិច្ឆិកា ឆ្នាំ២០១៥ និង ខែ​វិច្ឆិកា ឆ្នាំ២០១៧។ គ្រួសារ​របស់​នាង​បាន​ចំណាយ​លើ​ការ​ព្យាបាល ដល់​ទៅ​ជិត​៥ម៉ឺន​ដុល្លារ​ហើយ។

យ៉ាងណាមិញ កាលពីថ្ងៃទី២១ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ នាង Xiaoqing ក៏​បាន​ដឹង​ថា ស្ថានភាព​ជំងឺ​របស់​នាង​មិន​ប្រសើរ​ឡើយ ហើយ​នាង​បាន​ឆ្លង​កាត់​ការ​ព្យាបាល​ដោយ​គីមី​ម្ដងទៀត។ ពេលនោះ នាង​បាន​មើល​ឃើញ​គ្រួសារ​របស់​នាង ព្រួយបារម្ភ និង​យំ ដោយសារតែ​ពួកគេ​គ្មាន​ប្រាក់ សម្រាប់​បង់​ថ្លៃ​ព្យាបាល​ត​ទៅ​ទៀត។

នាង Xiaoqing ក៏​បាន​សម្រេចចិត្ត​ប្រាប់​ឪពុក​របស់​នាង ខណៈ​យំ​ឱប​ម្ដាយ ថា «ប៉ា កូន​មិន​ចង់​ព្យាបាល​ទៀត​ទេ។ គ្រួសារ​របស់​យើង​គ្មាន​ប្រាក់​ទៀត​ទេ។ បោះបង់​ខ្ញុំ​ចោល​ទៅ។ ខ្ញុំ​មិន​ចង់​ក្លាយ​ជា​បន្ទុក​អ្នក​ទាំង​២​ឡើយ។ គ្មាន​ខ្ញុំ ម៉ាក់ប៉ា​នៅ​មាន​បងប្រុស និង​ប្អូន​ស្រី​ខ្ញុំ​ទៀត»៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី