ល្អាងទឹក​ផុស​នៅ​ភ្នំដា ពល​រដ្ឋខ្លះជឿថា​ មាន​បារមីអាច​ព្យាបាលជំងឺ

  • 2017-12-01 07:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​កំពូល​ភ្នំដា ក្នុង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ មិន​ត្រឹម​តែមាន​ប្រ​សាទ​ដែលកសាងតាំងពី​សតវត្សរ៍​ទី​៦​នៃគ.ស ប៉ុណ្ណោះ​ទេ តែថែមទាំងមាន​កន្លែង​មួយ​ចំនួន​ដែលពល​រដ្ឋ​ខ្លះជឿថាមាន​បារមី​ស័ក្តិសិទ្ធជួយ​ព្យាបាល​ជំងឺ​បានជា​សះស្បើយ។

ល្អាង​ទឹក​ផុស​នៅ​លើ​ភ្នំដា​មានពីរ​កន្លែង​នៅ​ចង្កេះភ្នំ ហើយ​ល្អាងនេះ​ត្រូវបាន អ្នក​ស្រុកអះអាងថា​មាន​ទឹក​ចេញ​រហូត​មិន​រីង​នោះទេ បើទោះបីជា​មានភាព​រាំងស្ងួត​យ៉ាងណា​ក៏ដោយ។​

(ពលរដ្ឋទៅលេង​ភ្នំដា កំពុងយកទឹកល្អាងផុស​លុបលាងមុខ)​

លោក​ គង់​ ថាវរិទ្ធ អ្នក​រស់នៅ​ជិត​ភ្នំដា​លើកឡើង​ថា​ភ្ញៀវ​ទេសចរដែល​មក​លេង​ប្រ​សាទភ្នំដា គឺ​មិន​រំលង​ឡើង​ទៅ​លុបលាង​មុខ​នៅ​ល្អាងទឹក​ផុសនេះ ដោយជឿងថា​អាចព្យាបាលជំងឺបាន​។ លោក​បន្តថា​ល្អាងនេះ​មានទឹក​ចេញទាំង​រដូវប្រាំង និង​រដូវ​វស្សា។

លោក​បន្តថា៖ « អាង​ទឹក​ផុស​ទាំងពីរ​នេះ​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា​មិន​រីង​ទេ​ទោះ​បីរាំង​យ៉ាង​ណាក៏​ដោយ​....​ហើយ​ភ្ញៀវ​ខ្លះ​ថែម​ទាំង​ច្រក​ទឹក​ដាក់​ដបទឹក​សុទ្ធ​យក​ទៅ​ផ្ញើ​បង​ប្អូន​ក៏​មាន​»។

(ប្រសាទតាឥសី នៅ​លើ​ភ្នំដា នៅ​ផ្នែកម្ខាងនៃ​ប្រសាទភ្នំដា)

អ្នក​ទៅលេង​ប្រសាទភ្នំដាម្នាក់គឺ​កញ្ញា ជូលី ​ប្រាប់​ Sabay ថា​រាល់ពេល​ដែល​កញ្ញា​មក​លេង​នៅ​ភ្នំ​ដា នេះ ក​ញ្ញា មិន​ដែល​រំលងល្អាងទឹក​ផុសនេះនោះទេ។ ពោលគឺ ក​ញ្ញា​តែងទៅ​លុប​លាង​មុខ​នៅ​ល្អាង​នោះ​ជានិច្ច​ដោយ​ជឿ​ថា​ទឹក​ក្នុង​ល្អាង​នោះ​អាចកំចាត់​ជំងឺនានា​ពី​រូបកាយ​បាន។ ត្រង់ចំណុចនេះ ទោះ​ជាពិត​ឬមិន​ពិតយ៉ាងណា​នោះ​ ក៏​កញ្ញា​មិន​អាច​បញ្ជាក់បាន​ដូចគ្នា។

សម្រាប់​មន្ត្រី​ទេសចរណ៍នៅទីនោះ​វិញ​គឺ​លោក សិត លី មាន​ប្រ​សាសន៍​ថា​លោក​មិន​សូវជឿ​លើ​ជំនឿ​នេះ​ប៉ុន្មាន​តែ ប៉ុន្តែ​​ថា​លោក​បានឃើញ​តែពល​រដ្ឋ​មួយ​ចំនួន​មក​បន់ស្រន់ជា​ហូរហែ។

បើ​និយាយពីចំនួន​ភ្ញៀវទៅ​លេង​ប្រសាទភ្នំដានេះវិញ លោក សិត លី ឲ្យ​ដឹងថា​មាន​ចំនួនប្រហែលជា​១០០​នាក់​ក្នុង​មួយខែ ហើយ​២០​ភាគរយ​ជាជន​បរទេស។ លោក​បន្តថា​រដូវដែលមាន​ភ្ញៀវទេសចរមកលេង​ច្រើនគឺនៅចន្លោះខែវិច្ឆិកា ដល់កុម្ភៈ៕​

អត្ថបទ​ដោយ៖ ជិន វេន