រក​ឃើញ​ក្រុម​ជើង​ឯក​​​​កីឡា​អេឡិចត្រូនិក​​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​​ហើយ​

  • 2017-12-03 10:30:36
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​​បាន​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ ដល់​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​ទូទាំង​២៣​ខេត្ត​-ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រកួត​ជា​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ទី​១​ប្រកួត​ជម្រុះ​តាម​តំបន់​ និង​ដំណាក់​កាល​ទី​២​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​​ដែល​ធ្វើ​ឡើង​​នៅ​សាលា​បច្ចេកវិទ្យា​តិចណូ។

ការ​ប្រកួត​​ត្រូវ​បាន​​បែង​ចែក​ជា​៥​តំបន់៖ តំបន់​ទី​១​ កំពង់​ចាម​ ក្រចេះ ស្ទឹង​ត្រែង​ រតនគិរី និង​មណ្ឌលគិរី​។ តំបន់​ទី​២ ​កំពង់​ធំ​ ព្រះ​វិហារ​ សៀម​រាប​ និង​ឧត្តរមានជ័យ។ តំបន់​ទី​៣​ កំពង់​ឆ្នាំង ពោធិសាត់ បាត់​ដំបង ប៉ៃលិន​ និង​ បន្ទាយ​មាន​ជ័យ។ តំបន់​ទី​៤​ តាកែវ​ កំពត ​ព្រះសីហនុ ​កោះ​កុង​ និង​កំពង់​ស្ពឺ ព្រម​ទាំង​តំបន់​ទី​៥ ​រាជធានី​ភ្នំពេញ​ កណ្ដាល ព្រៃ​វែង​ និង​ស្វាយ​រៀង​ ។

វគ្គ​ជម្រុះ​តាម​តំបន់​បាន​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន២៤​ក្រុម​គឺ​​​​១៦​សម្រាប់​វិញ្ញាសា​ AK 2 និង​៨​សម្រាប់​​វិញ្ញាសា​ Dota 2 ​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​​នៅ​រាជ​ធានី​ភ្នំពេញ​នា។​ ជយលាភី​តាម​តំបន់​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ដែរ​​សម្រាប់​វិញ្ញាសា AK2 លេខ​១​ ទទួល​បាន​ ១,០០០$ + ២០,០០០ Sabay gold និង​លេខ​២ ទទួល​បាន​៥០០$ + ២០,០០០ Sabay gold ខណៈ​ វិញ្ញាសា Dota ​ក្រុម​​លេខ​១​ ទទួល​បាន ១០,០០០ Sabay gold។

**ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​លេខ​៣ ក្រុម​​ Secret បា​ន​យក​ឈ្នះ​ក្រុម King Attack ដោយ​លទ្ធផល ៥-១ ខណៈ​ការ​ប្រកួត​​​យក​លេខ​​១ ក្រុម Never Care បាន​យក​ឈ្នះ​ក្រុម​ Infinity ដោយ​លទ្ធផល ៧-៣។

លទ្ធផល​ដូច​ខាង​ក្រោម

ជយលាភី​វិញ្ញាសា AK2

  • ជើង​ឯក​៖ Never Care ទទួល​បាន​ពាន​ មេដាយ​មាស​ ប្រាក់​២០០០​ដុល្លារ​ និង​ ៤០,០០០ Sabay gold

  • ជា​ជើង​ឯក​រង៖ Infinity ​ទទួល​បាន​ ពាន មេដាយ​ប្រាក់ និង​ប្រាក់​១០០០​ដុល្លារ​ និង​៤០,០០០ Sabay gold

  • ​​លេខ​៣៖ ក្រុម Secret ​ ទទួល​​បាន​ពាន មេដាយ​សំរឹទ្ធ និង​ ៤0,០០០​ Sabay gold

ជយលាភី​វិញ្ញាសា​ Dota 2

  • ក្រុម​ Intelligent Quotient​  (IQ)​ ជា​ជើង​ឯក​ទទួល​បាន​ ១០០០​ដុល្លារ​ និង​១០,០០០ Sabay Gold

  • ក្រុម​ Glory 5ជើង​ឯក​រង​ទទួល​បាន ៥០០​ដុល្លារ​ និង១០,០០០ Sabay gold

ក្រុម​លេខ​១​ និង​លេខ​២​វិញ្ញាសា​ AK 2 តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC ​នៅ​ប្រទេស​ថៃ​នា​ខែ​មករា​ ឆ្នាំ​២០១៨​ខាង​មុខ​។

ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

រូបភាព និង​ចំណាប់​អារម្មណ៍​ក្រុម នឹង​ផ្សាយ​ជូន​បន្ត​បន្ទាប់​ទៀត


អត្ថបទ៖ ជាន ចាន់រ៉ា