មេ​ Tesla ​ចង់​យក​រថយន្ត​អគ្គិសនី​ល្បឿន​លឿន​ផុត​លេខ​ Tesla Roadster ​ទៅ​លេង​ភព​អង្គារ​

  • 2017-12-04 11:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​នាយក​ប្រតិបត្តិ​របស់​ SpaceX ​និង​ Tesla ​លោក​ Elon Musk ​បាន​បញ្ជាក់​ពី​ផែនការ​ស្រពិច​ស្រពិល​ស្តី​ពី​បេសកកម្ម​បាញ់​រ៉ុកក្កែត​ Falcon Heavy ​របស់​ SpaceX ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្នុង​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​អង្គារ​ (Mars) ។

យោង​តាម​ Musk ​ថា​ខ្លួន​នឹង​បាញ់​បង្ហោះ​គ្រាប់​រ៉ុកក្កែត​ Falcon Heavy ​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​ ២០១៨ ​ហើយ​ទំនិញ​ក្នុង​រ៉ុកក្កែត​នឹង​មាន​ Tesla Roadser ​ដែល​ជា​រថយន្ត​អគ្គិសនី​ល្បឿន​លឿន​ផុត​លេខ​ (​ល្បឿន​ចាប់​ពី​ ០ ​ទៅ​ ៩៧ គីឡូម៉ែត្រ​ក្នុង​រយៈ​ពេល​ជិត​ ២​វិនាទី​) ​របស់​ Tesla ​ដែល​បាន​បង្ហាញ​កាល​ពី​ខែ​មុន​ ។ មហា​សេដ្ឋី​បច្ចេកវិទ្យា​វ័យ​៤៦​ឆ្នាំ​ Musk ​កំពុង​ធ្វើ​ឱ្យ​មហាជន​ជា​ពិសេស​សារព័ត៌មាន​មួយ​ចំនួន​ភ្ញាក់​ផ្អើល​នឹង​គម្រោង​ដ៏​ប្លែក​ក្នុង​ការ​បញ្ជូន​រថយន្ត​អគ្គិសនី​ម៉ូដែល​ចុងក្រោយ​ទៅ​ភព​អង្គារ​ខណៈ​រូប​លោក​ត្រូវ​បាន​គេ​ដឹង​ថា​ពូកែ​លេង​កំប្លែង​ទាំង​នៅ​ក្នុង​បណ្តាញ​សង្គម​ និង​នៅ​ខាង​ក្រៅ​តែ​ Musk បាន​ប្រាប់​វិបសាយ​ The Verge ​និង​សារព័ត៌​មាន​ដទៃ​ទៀត​ថា​ ផែនការ​របស់​លោក​គឺ​ពិត​ប្រាកដ​ ។ ផែនការ​នេះ​មិន​ចម្លែក​នោះ​ទេ​ព្រោះ​ការ​បាញ់​បង្ហោះ​ Falcon Heavy ​លើក​ដំបូង​នឹង​ក្លាយ​ជា​ការ​តេស្ត​ហោះ​ហើរ​ហើយ​SpaceX ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​សេវា​កម្ម​ដឹក​ទំនិញ​ធ្ងន់ៗ​ទៅ​អវកាស​ ។

Musk មិន​បាន​និយាយ​ពី​ការ​ចុះ​ចត​និង​ទម្លាក់​រថយន្ត​ពី​យាន​នៅ​លើ​ភព​អង្គារ​ ។ យ៉ាង​ណា​ក៏​ដោយ​ Tesla Roadster ​បច្ចុប្បន្ន​នេះ​មាន​ត្រឹមតែ​រូបរាង​គំរូ​ដើម​តែ​ប៉ុណ្ណោះ​ហើយ​ទោះ​បី​ជា​ Musk ​សរសេរ​លើ​ Twitter ​ថា​ destination is Mars orbit ​ឬ​ ទិស​ដៅ​គឺ​គន្លង​ភព​អង្គារ​ប្រហែល​ជា​មិន​មាន​ន័យ​ថា​ ការ​ដាក់​រថយន្ត​ក្នុង​គន្លង​ភព​អង្គារ​នោះ​ទេ​ ៕ ប្រែ​សម្រួល​៖​ សិរីបុទ្រ ប្រភព​៖​ http://fortune.com/2017/12/02/spacex-falcon-heavy-tesla-roadster-mars/

ប្រភព៖ Fortune   ប្រែ​សម្រួល៖ សិរីបុទ្រ