Mourinho៖ គ្មាន​ក្រុម​ណា​សប្បាយ​ចិត្ត​ទេ​បើ​ប៉ះ Man Utd វគ្គ​១៦​ក្រុម​

  • 2017-12-06 02:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​និយាយ​ថា​គ្មាន​ក្រុម​ណា​សប្បាយ​ចិត្ត​ទេ​បើ​ចាប់​ឆ្នោត​ប៉ះ​ Manchester United នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ខាង​មុខ​។

Mourinho

ការ​លើក​ឡើង​របស់​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បន្ទាប់​ពី​ Manchester United បាន​វាយ​បក​យក​ឈ្នះ CSKA Moscow ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​នាម​ជា​ក្រុម​លេខ​មួយ​ក្នុង​ពូល​ A។ United បញ្ចប់​ការ​ប្រកួត​ក្នុង​ពូល​ជាមួយ​កំណត់ត្រា​ឈ្នះ​៥​ដង​ និង​ចាញ់​១​ដង​គត់​ ក្នុង​នោះ​ពួកគេ​ស៊ុត​ចូល​គូ​ប្រកួត​ចំនួន​១២​គ្រាប់។

ក្រោយ​ជ័យ​ជម្នះ​នៅ​ Old Trafford អ្នក​ចាត់​ការ​វ័យ​៥៤ឆ្នាំ​ បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​ក្រុម​របស់​លោក​មិន​មាន​បញ្ហា​​វគ្គ​ក្រោយ​ឡើយ​ទោះ​ចាប់​ឆ្នោត​ប៉ះ​ក្រុម​ណា​ក៏​ដោយ ផ្ទុយ​ទៅ​វិញ​ក្រុម​ដែល​ប៉ះ​ Man United នឹង​ត្រូវ​​ភ័យ​ព្រួយ។

“ទោះ​​​យើង​ប៉ះ​នរណា​ក៏​គ្មាន​បញ្ហា​ដែរ។ ខ្ញុំ​មិនមែន​ជា​មនុស្ស​មាន​សំណាង​ប៉ុន្មាន​ទេ​ចំពោះ​ការ​ចាប់​ឆ្នោត​ដូច្នេះ​ខ្ញុំ​គួរ​តែ​មិន​និយាយ​អ្វី​ ហើយ​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​ក្នុង​ស្រុក​ព្រោះ​មែនទែន​ទៅ​វគ្គ​១៦​ក្រុម​ត្រូវ​លេង​នៅ​ខែ​កុម្ភៈ​ឯណោះ។ ខ្ញុំ​គិត​ថា​ក្រុម​​ដែល​លេង​ទល់​នឹង​ United មិន​អាច​សើច​សប្បាយ​ ឬ​ត្រេកអរ​បាន​ឡើយ"។ Mourinho និយាយ​ដូច្នេះ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត