ក្រុម​តារា Original Song ត្រៀម​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ ក្នុង​ថ្ងៃ​ប្រគំតន្រ្តី CL(វីដេអូ)

  • 2017-12-07 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំ Smart Mega Concert ដែលនឹង​ឈាន​មក​ដល់​ក្នុង​ ថ្ងៃទី​៩ ធ្នូ​ ឆ្នាំ​២០១៧ នេះហើយ។ ក្រៅពីមានការចូលរួមពីតារាចម្រៀងកូរ៉េ CL ក្នុងនោះក៏​​មាន​ការសម្ដែង​ពីសិល្បករខ្មែរជាច្រើននាក់ ជាពិសេស​ក្រុមតារា​ចម្រៀង​ Original song ដែល​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូចជា SmallWorld SmallBandក្រុម Mustache band និង​កញ្ញា Nikki Nikki ជាដើម​ ។

​មុន​ការ​​ប្រ​គំតន្រ្តី​​មក​ដល់​តារាក្នុងដួងចិត្តប្រិយ​មិត្ត​ទាំង​អស់​កំពុង​ខំ​ហ្វឹក​ហាត់​ដើម្បី​ជូន​ជាចំណី​ចក្ខុ​ថ្មី​សម្រាប់​អ្នក​គាំទ្រ ដោយបាន​ត្រៀម​ទាំង​សម្ម​ភាព​រាំ​ និង​ការ​ច្នៃ​ក្បាច់​ទៀត​ផង​។

កញ្ញា​រាង​តូច​ច្រឡឹង​ រិទ្ធី លំអរ​កេសរ សមាជិក​ក្នុង​ក្រុម Smallworld SmallBand បាន​បង្ហាញ​អារម្មណ៍​រីក​រាយ​ខ្លាំង​ ចំពោះការ​ចូល​រួម​ក្នុង​ប្រតិ្តការណ៍​ថ្មី​សម្រាប់​តន្រ្តី​មួយ​នេះ​ និង​បាន​ត្រៀម​ចម្រៀង៣បទ ​គឺ​បទ ​Dear Father ​2គុណ​៥ បុណ្យ​ភូមិ​កុក​គ្រូ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ព្រោះ​បទ​ទាំង​៣​នេះ​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​របស់​វា​។

នារី​រូប​ស្រស់​បាន​​បន្ថែម​ថា​ ប្រិយ​មិត្ត​នឹងទទួល​បាន​អារម្មណ៍​ថ្មី​ពីការ​ប្រគាំ​តន្រ្តី​នេះ​ ព្រោះ​ក្រុម ​Original song នឹង​មាន​ការ​សម្ដែង​រួម​​គ្នា​ដោយ​ច្របាច់​បទ ​Original song ទាំងអស់ទៅតែមួយ​បទ​ ដែល​ជាការ​សម្ដែង​រួម​គ្នា​ថ្មី​មួយ​។ «ពួក​យើង​ចាប់​ផ្តើម​សម​តាំង​ពី​យើងបានទទួល​ព័ត៌មាន​ពីការ​សម្ដែង​បែប​អន្តរ​ជាតិ​មក​ម្ល៉េះ តាំង​ពី​ថ្ងៃ​ទី​៤​ធ្នូ មក​ យើង​តែង​ជុំ​គ្នា​ហាត់​ពី​ម៉ាង​៨ ព្រឹក​រហូត​ដល់​ល្ងាច​ ហត់​!​ តែ​យើង​សប្បាយ​ចិត្ត​នឹងធ្វើ​វា​ ព្រោះ​ជា​ក្តី​ស្រលាញ់​របស់​យើង​»។

ចំណែក​កញ្ញា​រាង​ស្រឡូន Nikki Nikki ក៏​មិនខុស​ពី​ កេសរ​ដែរ។ ស្រី​ស្អាត​បាន​ប្រុង​ប្រយ័ត្ន​ទាំង​ការ​សម្ដែង ​និង​​សុខ​ភាព​ នាង​បាន​ប្រាប់​ Sabay ថា ​មាន​ចម្រៀង​៣​បទ​ដើម្បី​សម្ដែង​​។ «ខ្ញុំ​នឹង ​show បទ​ចម្រៀង​ទើប​តែ​ចេញ​ថ្មី​របស់​ខ្ញុំ​ គឺ​ Throne ដែលខ្ញុំមិនដែល​សម្ដែង​ផ្ទាល់ឡើយពីមុនមក»។​​​​

​រីឯក្រុម​បុរស​សង្ហា Mustache ក៏​​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បង្ហាញ​ការ​សម្ដែង​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ខ្លួន​។ បុរស​រាង​ខ្ពស់​ស្រឡះ​ ចេន ​បាន​ត្រៀម​បទ​ចម្រៀង​មួយចំនួន​ និង​មាន​ការ​ច្រៀង​ជា​ក្រុមធំ​មួយ​បទ។​ ម្ចាស់​បទ​"បុរសម្នាក់​នេះ​សំខាន់​នៅ​ពេល​ណា​" បន្ថែម​ថា ពួក​ត្រូវ​ហ្វឹក​ហាត់​ច្រើន​ជា​ក្រុម​ធំ​ យើង​ត្រូវ​ការ​យល់​ចិត្ត​គ្នា​ឲ្យបាន​ច្រើន​​។

ទស្សនាការហាត់សមរបស់តារា Original Song:

ព្រឹតិ្តការណ៍ Smart Mega Concert នឹងធ្វើឡើងនៅ​សាល​មហោស្រព​កោះពេជ្រ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០១៧​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមពីតារាចម្រៀង​ លំដាប់​កំពូល​របស់​ K-Pop គឺ CL​ ចូល​រួម​ផង​ដែរ​។ ​​​​​

អត្ថបទៈ ស្រីអូន