វឌ្ឍនាកាពន្យល់ពីការសម្រេចចិត្តទៅលេងនៅជប៉ុនជារឿងត្រឹមត្រូវ
- 2017-12-08 00:52:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វឌ្ឍនាកាពន្យល់ពីការសម្រេចចិត្តទៅលេងនៅជប៉ុនជារឿងត្រឹមត្រូវ
ចន្លោះមិនឃើញ
សមាជិកជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកាបានសម្រេចចិត្តត្រឹមត្រូវក្នុងការចេញទៅប្រកបអាជីពមួយរដូវកាលជាមួយក្លឹប Fujieda MYFC លីគទី៣របស់ប្រទេសជប៉ុន បើទោះជាខ្លួនមិនបង្ហាញខ្លួនលេងលើទីលានក៏ដោយ។
ចាន់ វឌ្ឍនាកាពេលមកដល់កម្ពុជាកាលពីម្សិលមិញបាននិយាយថា ៖«សម្រាប់ខ្ញុំ ទោះជាមិនបានលេង ក៏ជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះអីប្រទេសគេមានបាល់ទាត់រីកចម្រើន។ ឧទាហរណ៍ថា បើរៀន រៀនជាមួយអ្នកពូកែ យើងក៏នឹងពូកែតាមដែរ។ គ្រាន់តែថា មានកម្រិតពូកែខ្លាំង ពូកែតិចប៉ុណ្ណឹងទេ។ សម្រាប់ខ្ញុំអត់អន់ចិត្តអ្វីទេដែលមិនបានលេង។ ផ្ទុយទៅវិញ ខ្ញុំកាន់តែសប្បាយចិត្តដែលបានទៅលេងនៅជប៉ុន រៀនសូត្រពីគេ និងអភិវឌ្ឍខ្លួនឯងកាន់តែប្រសើរ»។
ពាក់ព័ន្ធនឹងចំណុចខ្វះខាតនៅលើទីលាន កីឡាករកម្ពុជារូបនេះបានប្រាប់ថា ការចុះជួយតំបន់ការពារដែលធ្វើឲ្យកម្លាំងរបស់ខ្លួនមិនគ្រប់គ្រាន់ដូចដែលលេងនៅទឹកដីកម្ពុជា។ វឌ្ឍនាកាបានប្រៀបធៀបសមត្ថភាពរបស់ខ្លួន និងសមត្ថភាពរបស់ខ្សែប្រយុទ្ធក្រុម Fujieda MYFC គឺខុសគ្នាត្រង់ទម្លាប់លេង។ រូបគេធ្លាប់លេងរបៀបនៅកម្ពុជា ដល់ពេលទៅលេងនៅជប៉ុន រូបគេត្រូវផ្លាស់ប្តូរតាមទម្លាប់របៀបលេងរបស់ជប៉ុន ដូច្នេះហើយដែលធ្វើឲ្យរូបគេជួបការលំបាកខ្លាំង។ ជាពិសេសបញ្ហាភាសាដែលធ្វើឲ្យរូបគេពិបាកក្នុងការទំនាក់ទំនងពេលលេងលើទីលាន។
រហូតដល់ពេលនេះ ចាន់ វឌ្ឍនាកាច្បាស់១០០%ហើយអំពីក្លឹបថ្មីនៅក្នុងតំបន់សម្រាប់លេងនៅរដូវកាលក្រោយ ប៉ុន្តែនៅទាន់ទម្លាយឲ្យដឹងនៅឡើយទេ៕