មិនគួររំលង! សៀវភៅ​រាប់ម៉ឺន​ក្បាលបញ្ចុះតម្លៃមិនធ្លាប់មាន នៅបណ្ណាល័យជាតិ

  • 2017-12-08 05:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា លើក​ទី ៦ ក្នុង​ឆ្នាំ​២០១៧​បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ព្រឹក​នេះ​នៅ​បណ្ណាល័យ​ជាតិ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពិព័រណ៍​បង្កប់​ការអប់រំ បំផុស​គំនិត​ឲ្យ​ស្រឡាញ់​ការ​អាន មាន​តែ​មួយ​គត់​នៅ​កម្ពុជា​​ឆ្នាំ​នេះ មាន​សៀវភៅ​រាប់​ម៉ឺន​ក្បាល​ពី​បណ្ដា​អ្នក​និពន្ធ នុង​ម្ចាស់​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​នានា បាន​តាំង​បង្ហាញ​លក់​ក្នុង​តម្លៃ​ពិសេស​មិន​ធ្លាប់​មាន​។

បើ​តាម​អ្នក​ស្រី ខ្លូត វិបុលឡា នាយិកា​បណ្ណាល័យ​ជាតិ​ប្រាប់​ Sabay ថា​ក្នុង​ឆ្នាំ​នេះ​មាន​តង់​ពិព័រណ៍​សៀវភៅ​រហូត​ជាង ៨០ និង​មាន​សៀវភៅ​គ្រប់​ប្រភេទ។ ជាពិសេស​នោះ​ថែម​ទាំង​មាន​វត្ត​មាន​អ្នក​និពន្ធ​ល្បីៗ​ទាំង​ជំនាន់​ក្រោយ និង​ជើង​ចាស់​ចូលរួម​ដោយ​ផ្ទាល់ និង​ចុះ​ហត្ថលេខា​លើ​ស្នាដៃ​របស់​ខ្លួន​ទៅ​កាន់​អ្នក​ទិញ​ភ្លាមៗ​ទៀត​ផង។

«ចាស...កូន​គ្រាន់​តែ​ព្រឹក​មិញ​នេះ​មាន​អ្នក​ចូលរួម​ជាង​មួយ​ម៉ឺន​នាក់​ទៅ​ហើយ អ្នក​គ្រូ​ពិត​ជា​មិន​នឹក​ស្មាន​ដល់​មែន។» អ្នក​ស្រី​ ខ្លូត វិបុលឡា ថ្លែង។

នាយិកា​បណ្ណាល័យ​ជាតិ​រូប​នេះ​បន្ត​ទៀត​ថា កំណើន​អ្នក​ចូលរួម​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន ដោយ​រំពឹង​ថា អាច​មាន​អ្នក​ចូលរួម​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់​ឯណោះ។ អ្នក​ស្រី​បន្ត​ថា នេះ​ស្ដែង​ឲ្យ​ឃើញ​ពី​កំណើន​អ្នក​ចូលចិត្ត​អាន​សៀវភៅ​នៅ​កម្ពុជា កាន់​តែ​ច្រើន​ឡើងៗ ហើយ​ក៏​ជា​ភាព​ជោគជ័យ​ដ៏​សម្បើម​មួយ​នៃ​កម្មវិធី​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​ផង​ដែរ។

ដូច្នេះ​ប្រសិន​បើ​ចង់​បាន​សៀវភៅ​ល្អ​ៗ​គ្រប់​ប្រភេទ​ និង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ចាប់​ពី ១០% ទៅ ៧០% សូម​កុំ​ភ្លេច​ចូលរួម​ពិព័រណ៍​សៀវភៅ​កម្ពុជា​ទាំង​អស់​គ្នា នៅ​បណ្ណាល័យ​ជាតិ​ទល់​មុខ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

​​​ពិព័រណ៍​សៀវភៅ​កម្ពុជា លើក​ទី ៦ មាន​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០១៧៕

អត្ថបទ៖ វឌ្ឍនៈ