តាក់ស៊ី​ចាប់​ម៉ូយ​អនាធិបតេយ្យ​នៅ​ច្បារ​អំពៅ នឹង​ត្រូវ​ឃាត់​ទុក​មួយ​ខែ បើ​មិន​រាង​ចាល

  • 2017-12-08 06:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​នៅ​ខណ្ឌ​ច្បារអំពៅ បាន​ប្រព្រឹត្តទៅ​ដូច​ភ្លៀង​រលឹម ហើយ​បញ្ហា​ចម្បង​មួយ​ក្នុង​ចំណោម​នោះ គឺ​រថយន្ត​តាក់ស៊ី​ដែល​មាន​អ្នក​ចាំ​ចាប់​ម៉ូយ​យ៉ាង​អនាធិបតេយ្យ រហូត​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍ និង​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ផង​ដែរ។ ពេល​នេះ អាជ្ញាធរ​ខណ្ឌ​បាន​បញ្ចេញ​ចំណាត់​ការ​ក្ដៅ ដោយ​ឃាត់​ទុក​រថយន្ត​មួយ​ខែ ប្រសិន​បើ​ណែនាំ​ហើយ​មិន​រាង​ចាល។

លោក ប៊ូ វឌ្ឍនា នាយក​រង​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ បាន​លើក​ឡើង​ថា អាជ្ញាធរ​ខណ្ឌ​នឹង​ពង្រឹង​វិធានការណ៍​ឃាត់​រថយន្ត​របស់​អ្នក​ប្រកប​អាជីវកម្ម​ចាប់ម៉ូយរញ៉េរញ៉ៃ តាម​ផ្លូវ​​ជាតិលេខ១ មក​រក្សា​ទុក​រយៈ​ពេល​មួយ​ខែ​ជា​បណ្ដោះ​អាសន្ន​នៅ​សាលា​ខណ្ឌ ចំពោះ​ម្ចាស់​យានយន្ត​ណា​ដែល​ធ្លាប់​ឃាត់​ម្ដង​រួច​មក​ហើយ តែ​មិន​រាង​ចាល។

“តាម​ពិត​ទៅ យើង​រៀប​ចំ​យូរ​ណាស់​ហើយ តាំង​ពី​ខែ​សីហា​មក... យើង​ណែនាំ​គាត់ ឃាត់​ទុក​នៅ​ខណ្ឌ​ចុះ​កិច្ច​សន្យា​ផ្ដិត​មេដៃ មាន ២ ៣​យប់​ក៏​មាន ឡើង​ដល់​មួយ​អាទិត្យ​ក៏​មាន។ ពេល​ឃាត់​មក យើង​កោះ​ហៅ​ប្រជុំ​ណែនាំ​ឲ្យ​ចូល​រួម​រៀប​ចំ​សណ្ដាប់​ធ្នាប់​ទាំង​អស់​គ្នា គ្មាន​បាន​ផាក​ពិន័យ​មួយ​រៀល​ណា​ទេ ព្រោះ​អា​ហ្នឹង​ជា​គោល​ការណ៍ គឺ​មិន​ផាក តែ​ចង់​ឲ្យ​គាត់​ចូល​រួម"។ លោក ប៊ូ វឌ្ឍនា ថ្លែង​មក​កាន់ Sabay។

ទន្ទឹម​នេះ លោក ប៊ូ វឌ្ឍនា បាន​បញ្ជាក់​តាម​គោលការណ៍​របស់​អភិបាល​ខណ្ឌ​ច្បារអំពៅ អំពាវ​នាវ​ឲ្យ​អ្នក​ប្រកប​របរ​រថយន្ត​ឈ្នួល​ទាំង​អស់ មេត្តា​ចូលរួម​ថែរក្សា​សណ្ដាប់​ធ្នាប់ កុំ​ប្រសេច​ប្រសាច​ចាប់​ម៉ូយ​តាម​ផ្លូវ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ ម្យ៉ាង​វិញ​ទៀត ការ​ចត​រថយន្ត​ចាប់​ម៉ូយ​នេះ ក៏​អាច​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍​ផង​ដែរ៕

ចុចអាន​អត្ថបទ៖

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី