បុរស​ពូកែ​លោត​ផ្លោះ​​លើ​ដំបូល​អគារ​ខ្ពស់ៗ​ដើម្បីរកលុយ បាន​ស្លាប់​ហើយ (មាន​វីដេអូ)

  • 2017-12-09 09:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យក្មេង​ជនជាតិ​ចិន​ជា​ច្រើន​អ្នក បាន​ក្លាយ​ជា​មនុស្ស​ពេញនិយម​នៅ​លើ​អ៊ីនធឺណេត​តាមរយៈ​វិដេអូ​ ដែល​បង្ហាញ​​អំពី​សកម្មភាព​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់​លើ​អាគារ​ខ្ពស់ៗ​ ធ្វើ​ឲ្យ​​អ្នកគាំទ្រ​របស់​ពួកគេ​លើ​បណ្តាញ​សង្គម​ផឺត​ពោះ​ជំនួស។

កាល​ពី​ខែ​មុន​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​លោក យ៉ុង ជូ ដែល​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​កំពូល​អ្នក​ឡើង​ដំបូល​អាគារ​ល្បី​ជាង​គេ​នៅ​ចិន លែង​ឃើញ​​បង្ហោះ​វីដេអូ​ថ្មីៗ​ទៀត ដែល​នាំ​ឲ្យ​អ្នកគាំទ្រ​របស់​លោក​ប្រមាណ ២៣៥ ០០០ នាក់ ​ជឿ​ថា​សំណាង​របស់​បុរស​វ័យ​២៦​ឆ្នាំ​នេះ​បាន​មក​ដល់​ទី​បញ្ចប់​ហើយ។ កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ នារី​ម្នាក់​អះអាង​ថា​ជា​សង្សារ​របស់​លោក បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម Weibo ប្រាប់​ថា យ៉ុង ជូ ស្លាប់​ហើយ។ នេះ​បើ​​តាម​សារព័ត៌មាន Shanghaiist។

"ថ្ងៃ​នេះ​គឺ​ថ្ងៃ​ទី ៨ ខែ​ធ្នូ វា​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ដល់​ថ្ងៃ​ ៨ ខែ​វិច្ឆិកា ជា​ថ្ងៃ​ដែល​អ្នក​ចាកចេញ​ពី​យើង​ ចាកចេញ​ពី​ពិភពលោក​នេះ" ។ នាង​សរសេរ។

ប្រភព​ខាង​លើ​មិន​បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ Spider Man នៅ​ចិន​នេះ​ស្លាប់​ដោយ​របៀប​ណា​ទេ ប៉ុន្តែ​គេ​ជឿ​ថា លោក​បាន​​ខិត​ខំ​ថត​វីដេអូ​ប្លែកៗ និង គ្រោះ​ថ្នាក់​បំផុត​ដើម្បី​បាន​លុយ​យក​ទៅ​មើល​ម្តាយ​ឈឺ។ ប្រភព​ខាង​លើ​បន្ត៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សុខ លាងហ៊ត