CL ចេញចរិតពិតលើសពីការរំពឹងទុក ពេលមកជួបអ្នកគាំទ្រផ្ទាល់
- 2017-12-10 23:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CL ចេញចរិតពិតលើសពីការរំពឹងទុក ពេលមកជួបអ្នកគាំទ្រផ្ទាល់
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រគំតន្ត្រីជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនរបស់កំពូលតារាចម្រៀង CL នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ទៅយ៉ាងរលូនបំផុតកាលពីយប់មិញ នៅកោះពេជ្រ ដោយមានការចូលរួមពីអ្នកគាំទ្រជាច្រើនកុះករ។
ទិដ្ឋភាពពិតជាពោរពេញទៅដោយភាពអ៊ូអរ និងរីករាយឥតឧបមា ជាពិសេសអ្នកគាំទ្រ CL កម្ពុជាទាំងអស់ក៏បានស្គាល់តារាសំណព្វចិត្តរបស់ខ្លួនកាន់តែច្បាស់ ថាពេលជួបផ្ទាល់ នាងជាមនុស្សបែបណា?
CL ត្រូវបានស្គាល់ថាជាតារាស្រីដែលពោរពេញដោយក្ដីស្រឡាញ់មានចំពោះអ្នកនៅជុំវិញខ្លួន ជាពិសេសសម្រាប់អ្នកគាំទ្រ។ ជាក់ស្ដែងតាំងពីពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បើទោះជាពេលនោះមនុស្សកកកុញ ណែនណាន់តាន់តាប់ជុំជិតយ៉ាងណា តែនាងនៅតែផ្ដល់ស្នាមញញឹម រីករាយនឹងការស្វាគមន៍របស់អ្នកគាំទ្រ។ ឈានចូលដល់រសៀលថ្ងៃទី ០៩ ខែធ្នូ ក្នុងសន្និសីទកាសែត ទឹកមុខ CL បង្ហាញយ៉ាងច្បាស់ថា នាងរំភើបនឹងសម្រែកគាំទ្ររបស់អ្នកគាំទ្ររបស់ខ្លួនណាស់។ មួយវិញទៀត នាងថែមទាំងបង្កើតភាពស្និទ្ធស្នាល ចេញពីចិត្តសម្រាប់ Fan ទាំងឡាយរបស់ខ្លួន ដោយពេញចិត្តបំផុត។
អ្វីដែលកាន់តែពិសេស សម្រាប់ពេលវេលាដ៏អស្ចារ្យពេលល្ងាចថ្ងៃប្រគំតន្ត្រី តារាចម្រៀងដ៏ល្បីរូបនេះ ធ្វើឲ្យអ្នកគាំទ្រកាន់តែមានអារម្មណ៍កក់ក្ដៅ និងរំភើបឥតឧបមា ពេលសំណេះសំណាលយ៉ាងរួសរាយទៅកាន់អ្នកគាំទ្រទាំងអស់របស់កម្ពុជា។
កាយវិការទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា CL ជាតារាចម្រៀងដែលពោរពេញទៅដោយទឹកចិត្តស្រឡាញ់ច្រើនលើសលុបសម្រាប់អ្នកគាំទ្រ។ ទោះបីខ្លួនជាតារាល្បី ប៉ុន្តែនាងរក្សាបានយ៉ាងល្អនូវភាពរួសរាយ មិនឆ្មើងឆ្មៃគួរឲ្យសរសើរ បូករួមនឹងទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈទៀត ពិតជាគ្មានអ្វីគួរឲ្យសង្ស័យទេ ថាហេតុអ្វីបានជា CL ទទួលបានក្ដីស្រឡាញ់ខ្លាំងបែបនេះ៕