Apple ថា​មុខងារ​ស្កេន​មុខ​លើ​ Android សុទ្ធតែមិនកើត

  • 2017-12-11 02:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​និយាយ​ជា​មួយ​នឹង​វិបសាយ​ហុល្លង់​កាល​ពី​ថ្មីៗ​នេះ​អំពី​មុខងារ​ Face ID លោក​ Phil Schiller បាន​វាយ​តម្លៃ​​​លើ​មុខងារ​ស្កេន​មុខ​របស់​ទូរសព្ទ Android ដោយ​ប្រើ​ពាក្យ​ ៣ ម៉ាត់​ថា ៖ "They all stink” មាន​ន័យ​ថា​ "សុទ្ធ​តែ​មិន​កើត"។

នាយក​ទីផ្សារ​​របស់​ Apple រូប​នេះ​ និយាយ​ថា​​មុខងារ​ស្កេន​មុខ​លើ Android នឹង​​មិន​អាច​ដំណើរ​ការ​ដូច​នឹង​មុខងារ Face ID លើ iPhone X នោះ​ទេ។ គាត់​ក៏​បាន​លើក​ឡើង​​ពី​អ្វី​ដែល​ប៊ូតុង​ Home លើ iPhone អាច​ធ្វើ​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​​ ដូច​ជា​ដោះ​សោ​ទូរសព្ទ, បញ្ជាក់​អត្តសញ្ញាណ​ជា​មួយ​ Apple Pay, ដំណើរ​ការ​ Siri, ប្ដូរ​ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ​ និង​បិទ​កម្មវិធី​ផង​ដែរ។ លោក Phil បញ្ជាក់​ថា​ Face ID ​ត្រូវ​ចូល​មក​ជំនួស​​មុខងារ​ទាំង​អស់​នេះ។

ប្រហែល​ជា​ឆ្នាំ​ក្រោយ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ Android នឹង​បង្ហាញ​ចេញ​មុខងារ​ Face ID ផ្ទាល់​ខ្លួន​ ដើម្បី​ប្រកួត​ប្រជែង​នឹង​ Apple។ ពេល​នោះ​​គេ​​នឹង​អាច​​វិនិច្ឆ័យ​​បាន​កាន់​តែ​ល្អ​លើ​សមត្ថភាព​វាយ​តម្លៃ​របស់​​លោក​ Phil៕​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង