ស្នេហា​ខុស​វ័យ​មែន តែគូស្នេហ៍​ហូលីវូដ ៥គូនេះ​ស្រឡាញ់​គ្នា​ប្ដូរ​ផ្ដាច់ណាស់

  • 2017-12-12 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​កើត​ឡើង​ ពិត​ជា​គ្មាន​នរណា​ម្នាក់​អាច​បង្ខិតបង្ខំ​ ឫ​ហាមឃាត់​បាន​ឡើយ។ អ្វី​ដែល​សំខាន់​ គឺ​និស្ស័យ​ដែល​នាំ​ឲ្យ​មនុស្ស​ ២​នាក់​ជួប​គ្នា​ និង​មាន​កើត​មាន​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក។ ទោះ​បី​ខ្លះ​មាន​ស្ថានភាព​រស់​នៅ​ខុសគ្នា​ មាន​សញ្ជាតិ​ ឋានៈ​ និង​វ័យ​ខុសគ្នា​ក្ដី​ ប៉ុន្តែ​បើ​ពួកគេ​មាន​ស្នេហា​ស្មោះ​ស​ពិត​ប្រាកដ​ឲ្យ​គ្នា​ ដូចនេះ​អ្វី​ផ្សេង​ទៀត​ មិនមែន​ជា​ឧបសគ្គ​ឡើយ។

តួ​យ៉ាង​ដូច​តារា​ប្រុស​ស្រី​ហូលីវូដ​ ដែល​ Sabay លើក​យក​មក​បង្ហាញ​ថ្ងៃ​នេះ​ គឺ​ខាង​ស្រី​សុទ្ធ​តែ​មាន​វ័យ​ច្រើន​ជាង​ខាង​ប្រុស​ ប៉ុន្តែ​ពួកគេ​នៅ​តែ​ស្រឡាញ់​គ្នា​ និង​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ​ រហូត​គូ​ខ្លះ​មាន​កូន​រស់​នៅ​យ៉ាង​សុខសាន្ត​ទៀត​ផង។ ម្យ៉ាង​អាយុ​ គ្រាន់​តែ​ជា​តួ​លេខ​ អ្វី​ដែល​សំខាន់​គឺ​ក្ដី​ស្នេហ៍​ស្មោះ​ត្រង់​ទៅ​វិញ​ទេ៕

គូស្នេហ៍​ដែល​ខាង​ស្រី​មាន​វ័យ​ ច្រើន​ជាង​នោះ​ រួម​មាន៖

១. អតីត​កីឡាករ​បាល់ទាត់​ David Beckham និង​ភរិយា​ Victoria Beckham

តារា​ចម្រៀង​ និង​ជា​អ្នក​ជំនាញ​ច្នៃ​ម៉ូដ​ដ៏​ល្បី​ Victoria មាន​អាយុ​ច្រើន​ជាង​ស្វាមី​ ១ឆ្នាំ។ ប្ដី​ប្រពន្ធ​១​គូ​នេះ​ ផ្ដើមស្នេហ៍​ដំបូង​ជាមួយ​គ្នា​ ក្នុង​ឆ្នាំ​ ១៩៩៧ ក្រោយ​ពេល​ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​សប្បុរស​ធម៌​១។ រហូត​ដល់​ឆ្នាំ ១៩៩៨​ អ្នក​ទាំង​ ២​ក៏​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា។ មិនយូរ​ប៉ុន្មាន​ ក្រោយ​មក​១​ឆ្នាំ​ ពោល​គឺ​នៅ​ឆ្នាំ​ ១៩៩៩ David និង​ Victoria ក៏​បាន​រៀបការ​ជាមួយ​គ្នា និង​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ​ ចាប់​ពី​ពេល​នោះ​មក។ មក​ទល់​ពេល​បច្ចុប្បន្ន​ ប្ដី​ប្រពន្ធ​គូ​នេះ​ មានកូន​ ៤​នាក់​ហើយ​ គឺ​ ប្រុស ៣ ស្រី១។

២. តារា​ចម្រៀង​ Liam Payne និង​ Cheryl

ទោះ​បី​ Cheryl មាន​អាយុ​ច្រើន​ជាង​ Liam Payne ដល់​ទៅ​ ១០​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្នេហា​អ្នក​ទាំង​ ២​ដែល​មាន​ឲ្យ​គ្នា​ មាន​ទំហំ​ធំធេង​ណាស់។ បើ​តាម​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​កន្លង​មក​ បាន​ឲ្យ​ដឹង​ថា​ Liam និង​ Cheryl បាន​ទាក់​ទង​គ្នា​តាំង​ពី​ដើម​ឆ្នាំ​ ២០១៦។ អ្វី​ដែល​កាន់​តែ​ភ្ញាក់ផ្អើល​នោះ​ គឺ​កាល​ពី​ខែ មីនា​ ឆ្នាំ​ ២០១៧ នេះ​ គូស្នេហ៍​នេះ​ក៏​បាន​ទទួល​ស្វាគមន៍​កូន​ប្រុស​ដំបូង​រួម​គ្នា​យ៉ាង​រីករាយ។

៣. តារា​សម្ដែង​ Anna Camp និង​ Skylar Astin

ងាក​មក​គូស្នេហ៍​ទី​ ៣​ ជា​ដៃ​គូ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើន​ជាង​ខាង​ប្រុស​ ៥​ឆ្នាំ។ ពួកគេ​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ កាល​ពី​ឆ្នាំ​ ២០១៣។ អ្នក​ទាំង​ ២​សម្រេច​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​នៅ​ខែ​មករា​ ឆ្នាំ​ ២០១៦ និង​រៀបការ​ នៅ​ថ្ងៃ​ទី​ ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៦។

៤. តារា​ចម្រៀង​ Justin Bieber និង​ Selena Gomez

ថ្វី​ត្បិត​ Selena មាន​អាយុ​បង​តារា​ចម្រៀង​ Justin ដល់​ទៅ​ ២​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​ពួកគេ​ស្រឡាញ់​គ្នា​ណាស់។ ទោះ​បី​កន្លង​មក​ ស្នេហា​របស់​គូស្នេហ៍​នេះ​ បី​ដូច​អំពិលអំពែក​ក៏​ពិត​មែន​ នៅ​តែ​មិន​អាច​ភ្លេច​គ្នា​បាន។ Justin និង​ Selena ចាប់​ផ្ដើម​ទាក់ទង​គ្នា​កាល​ពី​ឆ្នាំ​ ២០១០ ហើយ​បែក​គ្នា​វិញ​នៅ​ឆ្នាំ​ ២០១៤។ រហូត​ដល់​ចុង​ឆ្នាំ​ ២០១៧ ពួកគេ​ក៏​បាន​វិល​មក​រក​គ្នា​វិញ​ និង​ចាប់​ផ្ដើម​ជាមួយ​គ្នា​ជា​ថ្មី។

៥. តារា​សម្ដែង​ Joe Alwyn និង​ Taylor Swift

សម្រាប់​គូ​សង្សារ​ ១​គូ​នេះ​វិញ​ គឺ​ខាង​ស្រី​មាន​អាយុ​ច្រើន​ជាង​ ខាង​ប្រុស​១ឆ្នាំ។ អ្នក​ទាំង​ ២​ក៏​ត្រូវ​មហាជន​ជា​ច្រើន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ដែរ​ ទាក់ទង​នឹង​ជីវិត​ស្នេហា។ ទោះ​បី​អ្នក​គាំទ្រ​ជា​ច្រើន​សុទ្ធ​តែ​ដឹង​ថា​ Taylor និង​ Joe ស្រឡាញ់​គ្នា​អស់​រយៈ​ពេល​ ៦​ខែ​ទៅ​ហើយ​ក្ដី​ ក៏​ពួកគេ​មិន​ដែល​បង្ហាញ​ជា​សាធារណៈ​ដែរ។ ទើប​តែ​ពេល​ថ្មីៗ មិត្ត​ប្រុស​អាយុ​ប្អូន​ ១​ឆ្នាំ​របស់​ Taylor បាន​បង្ហាញ​ពី​ទំនាក់ទំនង​របស់​ខ្លួន​ និង​មិត្តស្រី​ដោយ​ចំហរ​ ដោយ​លែង​លាក់​បាំង​ដូច​មុន​ហើយ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី