បទពិសោធវក់វីវិលមុខ អ្នករិះលុយ មិនខ្ចីជួលពិធីការរត់តុ ក្នុងថ្ងៃរៀបការ

  • 2017-12-14 03:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាស់ណាស់ អ្នកការណាក៏ដោយ ក៏ចង់សន្សំមិនចង់ចំណាយលុយច្រើនអត់ប្រយោជន៍ ពេលរៀបចំមង្គលការដែរ ពោលការ ចំណាយកាត់បាន គេកាត់ហើយ។ តែពេលខ្លះ បើយើងរិះថាំ ឬរិះពេក ចាយខ្លះ ក៏ពិបាកដែរ ហើយអាចឲ្យពិធីមង្គលអត់រលូនទៀតផង។

ជាក់ស្ដែង ទាំងនេះ ជាបទពិសោធវិលក្បុងក្នុងកម្មវិធីញ៉ាំការពេលល្ងាច ដែល Sabay បានសាកសួរអ្នករៀបការរួច ៣ គូ ហើយពួកគេ អត់ជួលការពិធីការជួយ៖

១. ភ្ញៀវចូលឡើងវល់ អត់មានអ្នកនាំចូលតុ

បើកូនកំលោះកូនក្រមុំ មិនបានជួលអ្នកពិធីការ ច្បាស់ណាស់ គឺមានតែបងប្អូន ជាអ្នកចាំជួយនាំភ្ញៀវដាក់តុ។ បងប្អូន ជួយចេះជួយហើយ តែពេលខ្លះពួកគាត់អាឡែងរវល់រត់ផង ណាមួយត្រូវទទួលភ្ញៀវពិសេសផង ជល់កែវផង ជួបអ្នកស្គាល់គេអញ្ជើញមួយកែវពីរកែវផង ក៏ដល់ជ្រុលស្រវឹង។ មានឯណា! ទទួលភ្ញៀវអត់កើត ក៏មាន។

២. បម្រើភ្ញៀវអត់ទាន់

បន្ទាប់ពីនាំភ្ញៀវចូលតុហើយ មិនទាន់ចប់ទេ គឹត្រូវជួយចាប់ទឹកកក រត់ភេសជ្ជៈ ជាដើម ហើយបើបងប្អូនតិច និងរវល់តែនាំចូលតុអស់ បានអ្នកណារត់ទឹកកក និងភេសជ្ជៈទៀត? ដល់ចឹងមានទៅរត់ទាន់ឯណា ភ្ញៀវឡើងអត់មានទឹកកកដាក់ ហើយរឿងរត់ភេសជ្ជៈ ក៏អត់ទាន់ចិត្តទៀត។

៣. បាត់ស្រា ប៊ីយែរអស់

របស់ទាំងនេះ អាចបាត់ដោយសារ បុគ្គលិកហាង ឬចុងភៅលួចយក។ នាំភ្ញៀវ រត់តុ ស្ទើរមិនទាន់ផង មានពេលឯណា ចាំមើលអ្នកណាលួចស្រានោះទៀត! មិនអាចបន្ទោសបងប្អូន បានដែរ ព្រោះរវល់រៀងៗខ្លួន ឡើងវល់ដូចខ្ទឹមលីង សុទ្ធតែឲ្យលឿនដើម្បីរត់តុភ្ញៀវឲ្យទាន់ ចឹងពីណាមកសុំយកស្រាបៀរ ស្រាអី បងប្អូនជាអ្នកកាន់ស្ដុក ឲ្យទាំងអស់ ឲ្យតែគេទារ។ ជួនកាល ភ្ញៀវមិនទាន់បានផឹក ឬផឹកមិនទាន់អស់ផង បាត់ដបស្រាបាត់ ព្រោះរវល់ឈរបាចផ្កាកូនកំលោះកូនក្រមុំ។

៤. បាត់ម្ហូប

ជឿថា ១០០ ទាំង ១០០ ប្រាកដជាអត់បានចាត់ចែងឲ្យមានអ្នកចាំមើលចំនួនម្ហូបចេញតាមតុនោះទេ។ ប៉ះចុងភៅខូចខ្លះ លេងបំបាត់មុខម្ហូបតែម្ដង ដោយមួយតុចេញតែ ៥-៦ មុខអីហ្នឹង ជាពិសេសភ្ញៀវកំពុងសម្រុកចូល ចុងភៅលេងចរិតភ្លេច ធ្វើចេញអត់ទាន់ក៏មាន។

៥. អស់សំណើចរឿងភ្ញៀវច្រឡំហៅភ្ញៀវគ្នាឯងមករត់តុ

បងប្អូន មានទៅស្លៀកពាក់ដូចរត់តុឯកសណ្ឋានដូចគ្នាស្រួលចំណាំឯណា គាត់ស្លៀកពាក់ស្អាតបាតដូចភ្ញៀវចូលរួមដែរហ្នឹង! ចឹង ភ្ញៀវខ្លះ ក៏ច្រឡំហៅភ្ញៀវផ្សេងទៀត ដែលកំពុងដើរ ឲ្យយកទឹកកក ឬភេសជ្ជៈថែមក៏មាន។

បើសុខចិត្តចំណាយខ្លះ ជួលពិធីការឲ្យចាត់ចែង បញ្ហាខាងលើនេះ អាចដោះស្រាយបានជាង ៩០% ឯណោះ។ តែការជួលពិធីការ ក៏ត្រូវចេះរើសយកពិធីការណាធ្វើការច្បាស់លាស់ និងស្មោះត្រង់ដែរ ព្រោះអាចប៉ះពិធីការខ្លះ បាត់គ្រឿងភេសជ្ជៈច្រើនជាង ពឹងបងប្អូនឲ្យជួយទៀតផង ពោលគឺស៊ីចង្វាក់គ្នាជាមួយចុងភៅ ហ៊ុចតៗគ្នាទៅក្រោយបាត់។ ណាមួយ ការជួលពិធីការ គឺអាចឲ្យបងប្អូនមានពេលបានទទួលភ្ញៀវពិសេសបានស្រួលបួល និងរីករាយសប្បាយទាំងអស់ផង។ តែបើនៅតាមខេត្តមួយចំនួនខ្លះ គេនៅតែជួយគ្នា ដោយមិនចាំបាច់ជួលពិធីការអ្វីឡើយ៕

អត្ថបទ៖ សុផាត