ផលិតករបរទេសមិនតិចនោះទេ មកថតនៅស្រុកខ្មែរប៉ុន្មានឆ្នាំមកនេះ

  • 2017-12-14 07:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ផលិតករ​ភាពយន្ត ផលិតករ​ឯកសារ និង​ផលិតករ​ទូរទស្សន៍​បរទេស មិន​តិច​នោះ​ទេ បាន​​​មក​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ចំនួន​នោះ​មាន​ការ​កើន​ឡើង​ជា​​រៀងរាល់​ឆ្នាំ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជៀប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ ​និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា​(CFC)។

លោក ជៀប សុវិជ្ជា បាន​ថ្លែង​ឲ្យ​ដឹង​បែប​នេះ គ្រា​ដែល​លោក​បាន​ចូល​រួម​ក្នុង​សន្និសីទកាសែត​កាល​ពី​​ពេល​ថ្មីៗ​នេះ​នៅ​នាយដ្ឋាន​ភាពយន្ត ដែល​ប្រទេស​កម្ពុជា​បាន​​​ទទួល​​ពាន​រង្វាន់ «ទីតាំង​ថត​ភាពយន្ត​លេចធ្លោ​ប្រចាំ​ឆ្នាំ២០១៧ ឬ Emergin Film Shooting Location of The Year 2017» ពី​ប្រទេស​ឥណ្ឌា ។ លោក​បាន​រៀបរាប់​​​ឲ្យ​ដឹង​ថា ចាប់​តាំង​​ពី​ឆ្នាំ ២០០៩ ដែល​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា​(CFC)​ បង្កើត​មក ស្ថាប័ន​របស់​លោក​បាន​ទទួលផលិតករ​ភាពយន្ត ផលិតករ​ឯកសារ និង ផលិតករ​ទូរទស្សន៍​បរទេស មក​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ជា​បន្ត​បន្ទាប់​ក្នុង​នោះ៖

នៅ​ឆ្នាំ ២០០៩ មាន​១៥ គម្រោង។
នៅ​ឆ្នាំ ២០១០ មាន​៤៣គម្រោង។ នៅ​ឆ្នាំ២០១១ មាន​៤៩គម្រោង។ នៅ​ឆ្នាំ ២០១២ មាន ៥៥គម្រោង។ នៅ​ឆ្នាំ២០១៣ ៤៩គម្រោង។ នៅ​ឆ្នាំ២០១៤ មាន​៣៤គម្រោង។ នៅ​ឆ្នាំ២០១៥មាន៦៩ គម្រោង។
នៅ​ឆ្នាំ ២០១៦ មាន​១១២គម្រោង។ នៅ​ឆ្នាំ២០១៧ ក្នុង​​ឆមាស​ទី១ មាន​៥១ គម្រោង ក្នុង​នោះ មាន​រឿង​​ហូលីវូដ៣ ថត​ឯកសារ​១៩ និង កម្មវិធី​ទូរទស្សន៍​២៥។

នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ ​និង​ទទួល​ថត​ភាពយន្ត​ខាង​លើ​​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ២០១៦ គឺ​ជា​ឆ្នាំ​ដែល​​ស្ថាប័ន​របស់​​លោក​ធ្វើ​ការ​ច្រើន​ជាង​គេ ក្នុង​១១២គម្រោង​នោះ CFC បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​សម្រួល​ការ​ថត​ភាពយន្ត​ហូលីវូដ រឿង ​«​មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»។ ឆ្លង​តាម​បទ​ពិសោធ​ជា​មួយ​ផលិតករ​​បរទេស​​ជា​ច្រើន​ដូច​ជា សម្រួល​ការ​ថត​ភាពយន្ត​ហូលីវូដ រឿង«​មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ហើយ​ថ្មីៗ​នេះប្រទេស​កម្ពុជា ទើបតែ​ទទួល​បាន​ពានរង្វាន់ «ទីតាំង​ថត​ភាពយន្ត​លេចធ្លោ​ប្រចាំ​ឆ្នាំ២០១៧» ពី​មហោស្រព​ភាពយន្ត​ឥណ្ឌា ឬ Indywood Film Carnival ​​នៃ​ក្រុងHyderabad ប្រទេស​ឥណ្ឌា​ផង​នោះ លោក​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​កម្ពុជា នឹង​ទទួល​គម្រោង​ភាពយន្ត Bollywood មក​កាន់​ប្រទេស​កម្ពុជា​យើង​កាន់​តែ​​ច្រើន​ថែម​ទៀតក្នុង​ពេល​ឆាប់ៗ​នេះ។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា​(CFC) ជា​ស្ថាប័ន​ដែល​មាន​ការ​ទទួលស្គាល់​ និង​គាំទ្រ​ពី​ក្រសួង​វិចិត្រ​សិល្បៈ​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៩ ។ ស្ថាប័ន​មួយ​នេះ​មាន​គោលបំណង​ក្នុង​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​ជា​ទីតាំង​សម្រាប់​ថត​ភាពយន្ត ដល់​ផលិតករ​បរទេស រួម​ជា​មួយ​​គ្នា​នោះ​ដែរ ក៏​មាន​តួនាទី​ពង្រឹង​វិស័យ​ភាពយន្ត​ក្នុង​ស្រុក​ផង​​ដែរ។ ក្នុងនោះ​ដែរCFC ​ក៏​មាន​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ ដើម្បី​ជា​ការ​គាំទ្រ​ដល់​ផលិតករ​ភាពយន្ត​កម្ពុជា​វ័យ​ក្មេង​ឲ្យពួក​​គេ​មាន​សមត្ថភាព ដើម្បី​ប្រកួត​ប្រជែង​លក្ខណ​អន្តរជាតិ​ផង​ដែរ៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទថ្មី