សង្ស័យ​ថា​អាចម៍​ផ្កាយ​ក្រៅ​ភព​ ជា​យាន​របស់ Alien

  • 2017-12-14 04:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ដឹក​នាំ​ដោយ​លោក​សាស្ត្រាចារ្យ Stephen Hawking បាន​ប្រើ​ប្រាស់​ឧបករណ៍​ស្កេន​​​ដ៏​ទំនើប​ ដើម្បី​ពិនិត្យ​មើល​ថា​អាចម៍​ផ្កាយ​ឈ្មោះ​​ Oumuamua ដែល​ហោះ​ចូល​ប្រព័ន្ធ​ព្រះអាទិត្យ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ជា​យាន​របស់​មនុស្ស​ភព​ផ្កាយ​ឬ​យ៉ាងណា។

អាចម៍​ផ្កាយ​ឈ្មោះ​ Oumuamua មាន​ប្រវែង​ប្រមាណ​ ៤០០ ម៉ែត្រ​ ហើយ​បច្ចុប្បន្ន​កំពុង​បោះពួយ​ក្នុង​ល្បឿន​ប្រមាណ​ ៣០ ម៉ឺន​ គ.ម/ម៉។ គ្រប់​គ្នា​យល់​ថា​វា​គ្រាន់​តែ​អាចម៍​ផ្កាយ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​​ក្រុម​អ្នក​ស្រាវជ្រាវ​​យល់​ថា​វា​អាច​ជា​យាន​អវកាស​មនុស្ស​ក្រៅ​ភព​ ទៅ​វិញ​ទេ។

លោក Stephen Hawking

ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ថា​វា​​ជា​អាចម៍​ផ្កាយ​ឬ​យ៉ាងណា​នោះ​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​មាន​ឈ្មោះ​ថា​ Breakthrough Listen នឹង​ប្រើ​ប្រាស់​​ឧបករណ៍​ចាប់​យក​រលក​វិទ្យុ​​ធំ​ជាង​គេ​ក្នុង​លោក​ ដើម្បី​តាមដាន​អាចម៍​ផ្កាយ​នេះ​រយៈពេល​ ១០ ម៉ោង។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​​ស្ដាប់​ ដើម្បី​រក​សញ្ញា​អេឡិចត្រូ​ម៉ាញេទិច​ ដែល​រលក​សញ្ញា​នេះ​មិន​អាច​បង្កើត​ឡើង​ដោយ​វត្ថុ​ធាតុ​ធម្មជាតិ​នោះ​ទេ។​ ប្រសិន​បើ​គេ​រក​ឃើញ​រលក​សញ្ញា​នេះ​លើ​អាចម៍​ផ្កាយ​ Oumuamua នោះ​វា​អាច​ជា​ភស្តុតាង​បញ្ជាក់​ថា​ពិត​ជា​​​យាន​មនុស្ស​ក្រៅ​ភព​មែន។

អាចម៍ផ្កាយទូទៅ

ចំណុច​ខុស​ប្រក្រតី​មួយ​ចំនួន​ជា​មួយ​អាចម៍​ផ្កាយ​នេះ​ ដែល​នាំ​ឲ្យ​គេ​សង្ស័យ​ថា​វា​ជា​យាន​មនុស្ស​ក្រៅ​ភព​ មាន​ដូច​ជា​ វា​មាន​រូបរាង​ខុស​ពី​អាចម៍​ផ្កាយ​ធម្មតា​ ដែល​អាចម៍​ផ្កាយ​​ជា​ទូទៅ​មាន​រូបរាង​មូល។ មួយ​វិញ​ទៀត​​វា​ហោះ​ហើរ​ដោយ​ស្អាត​បំផុត​ ពោល​មិន​មាន​បញ្ចេញ​ធូលី​ដី​ដែល​គេ​ប្រទះ​ឃើញ​​ជុំវិញ​​អាចម៍​ផ្កាយ​ទូទៅ​នោះ​ទេ។

រង់ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា​ ថា​តើ​អ្នក​វិទ្យាសាស្ត្រ​នឹង​មាន​​លទ្ធផល​បែប​ណា​ ពី​ការ​តាមដាន​រយៈពេល​ ១០ ម៉ោង​របស់​ពួក​គេ? បញ្ជាក់​ដែរ​ថា​អាចម៍​ផ្កាយ​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ដំបូង​នៅ​ថ្ងៃ​ទី​ ១៩ ខែ​តុលា​ ដោយ​ក្រុម​តារា​វិទូ​​ដែល​ធ្វើ​ការ​លើ​កែវយឹត​ Pan STARRS នៅ​ហ៉ាវៃ៕​​​​​​​​​​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង