ស្រ្តីខ្មែរវ័យក្មេង​៣រូប​ សម្រេចបំណងក្លាយជាអ្នកដឹកនាំរឿង

  • 2017-12-15 03:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈកម្មវិធី «សំឡេងពី​អនាគត​កាល​» ឬ “Echoes from tomorrow” ដែលរៀបចំឡើងដោយផលិតកម្ម Anti-archive របស់ផលិតករភាពយន្ត និងអ្នកដឹកនាំរឿង «កោះពេជ្រ»​ លោក ជូ ដាវី បានជួយស្ត្រីវ័យក្មេង៣រូបឱ្យសម្រេចបំណងក្លាយជាអ្នកដឹកនាំរឿងដោយខ្លួនឯង។

អ្នកដឹកនាំរឿងទាំង៣រូប

ផលិតកម្ម Anti-Archive បានចុះឈ្មោះស្នើសុំការ​ឧបត្ថម្ភ​ថវិកា ចំនួន ១៥ ០០០ ដុល្លារ ពីវិបសាយ Indeigogo ដែលយុទ្ធនាការនេះផ្តើមតាំងពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទៅ ២០ ខែធ្នូ ឆ្នាំ២០១៧ ដោយការបង្ហាញពីគម្រោង និងប្រវត្តិរូប ពិសេសទេពកោសល្យ និងទំនុកចិត្តលើការផលិតខ្សែភាពយន្តរបស់ផលិតករស្រ្តីវ័យក្មេងទាំង៣រូប។

គិតមកដល់ថ្ងៃនេះ Anti-archive ទទួលបានការឧបត្ថម្ភដល់ទៅ ១៧ ០០០ ដុល្លារ ដែលលើសពីការរំពឹងទុក ធ្វើឱ្យអ្នកដឹកនាំរឿងទាំង៣នាក់មានការរំភើបជាខ្លាំង ហើយបច្ចុប្បន្នពួកគេកំពុងរៀបចំខ្លួនក្នុងការផលិតភាពយន្តតាមសន្យា និងនាំយកភាពអស្ចារ្យនេះទៅដល់ពិភពលោក។ នេះបើតាមកញ្ញា សាន ដាណិច អ្នកដឹកនាំរឿងម្នាក់ក្នុងកម្មវិធី «សំឡេងពីអនាគតកាល» ឬ “Echoes from tomorrow” បានប្រាប់ Sabay ឱ្យបានដឹង។​

កញ្ញា សាន ដាណិច

កញ្ញា សាន ដាណិច អ្នកដឹកនាំរឿងក្នងកម្មវិធី «សំឡេងពីអនាគតកាល» ប្រាប់ Sabay ថា៖ «ពេលមួយ ដាវី ក៏សួរយើងថា តើចង់ផលិតរឿង និងដឹកនាំរឿងខ្លីមួយដោយខ្លួនឯង ឬអត់? ខ្ញុំក៏ឆ្លើយភ្លាមថា ម៉េចក៏មិនចង់! មិនមែនឱកាសល្អបែបហ្នឹងមានរាល់ថ្ងៃឯណា?»។

ដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្តល់ឱកាសដល់មនុស្សដែលមានសមត្ថភាព តែខ្វះលទ្ធភាព លោក ជូ ដាវី ផលិតករភាពយន្ត និងជាសហស្ថាបនិក ផលិតកម្ម Anti-Archive ក៏បង្កើតកម្មវិធី «សំឡេងពីអនាគតកាល» ឬ “Echoes from tomorrow” នេះឡើង។

លោក ជូ ដាវី ប្រាប់ឱ្យដឹងថា អ្នកទាំង៣ធ្លាប់ធ្វើការវិស័យភាពយន្តខ្មែរអស់ជាច្រើនឆ្នាំហើយ ដូច្នេះគួរតែធ្វើអ្វីម្យ៉ាងដើម្បីជួយពួកគេឱ្យផលិតរឿងមួយរបស់ខ្លួនឯង ដូចនេះហើយទើបលោកបង្កើតគម្រោងនេះឡើង។

លោក ជូ ដាវី និងអ្នកដឹកនាំរឿងទាំង៣

ជាក់ស្តែងរាល់ការស្នើសុំថវិកាដ៏មានប្រសិទ្ធិភាពបែបនេះ តាមរយៈ Indiegogo វិបសាយ គឺបើកទូលាយដល់មហាជនគ្រប់ជនជាតិសាសន៍ទូទាំងសាកលលោក ដោយគ្រាន់តែបង្កើតគម្រោងរបស់អ្នកនៅលើទម្រង់ផ្តល់ឱ្យ ឬ platform របស់វិបសាយនេះឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ពិសេសបង្ហាញភាពប្រាកដប្រជាលើការផលិត ក្នុងគម្រោងរបស់អ្នកនោះ អ្នកអាចមានឱកាសទទួលបានការឧបត្ថម្ភដើម្បើធ្វើឱ្យគម្រោងបានជោគជ័យ បើទោះជាអ្នកគ្មានថវិកាក៏ដោយ៕

ចុចអាន

-អីយ៉ា! មុខដូចអ្នកប្រដាល់ល្បី តែមានជំនាញផលិតភាពយន្តគំនូរជីវចល និងប្រវត្តិកម្សត់ខ្លាំង

-ផលិត​ករ​ភាព​យន្ត​ខ្មែរ​-អូស្រ្តា​លី​ ទោះជា​នៅ​ឯ​នាយ​សមុទ្រ​ក៏​នៅ​តែ​នឹក​ដល់​ខ្មែរ​

អត្ថបទ៖ Sunny

អត្ថបទថ្មី