មុខដូចអ្នកប្រដាល់ល្បី តែមានជំនាញផលិតភាពយន្តគំនូរជីវចល និងប្រវត្តិកម្សត់ខ្លាំង

  • 2017-12-13 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ោយ​ ឈុន​លី​ គឺ​ជា​ឈ្មោះ​ផលិត​ករ​ខ្មែរ​ម្នាក់​ ដែល​មាន​ជំនាញ​ផលិត​ភាព​យន្ត​គំនូរ​ជីវ​ចល​ ឬ Animation ដោយ​មុខ​មាត់​របស់​ផលិតករ​រូប​នេះ​ មើល​មួយ​ភ្លែតស្រដៀង​គ្នា​នឹង​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ Manny Pacquiao របស់​ប្រទេស​ហ្វីពីលីន។

រូបគំនូរ លោក ប៉ោយ ឈុនលី និងភរិយា

មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង​ ដើម​ឡើយ​ លោក ប៉ោយ ឈុន​លី​ ជា​កូន​កសិករ​ក្រីក្រ​ម្នាក់​ ដោយ​គ្រួសារ​ខ្វះ​ខាតខ្លាំង​​ពេក​ លោក​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​បន្ទាប់​ពី​ប្រឡង​ជាប់​សញ្ញាប័ត្រ​ឌីប្លូម​។ ពេលនោះក៏​មាន​អ្នក​អូស​ទាញ​រូប​លោក​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ តែ​ផលិតករ​ម្នាក់​នេះ​សុខ​ចិត្ត​ទ្រាំ​លំបាក​តស៊ូ​រស់នៅ​ដោយ​ខ្វះខាត់​ និងជិះកង់​ចម្ងាយ​ជាង​ ២០​គីឡូម៉ែត​រាល់​ថ្ងៃ​ ដើម្បី​ទៅរៀន​សិល្បៈ​គំនូរ​នៅ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​គំនូរ​ និងសូនរូប​ ដែល​បច្ចុ​ប្បន្ន​ មាន​ឈ្មោះ​ថា​ សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ ស្ថិត​ក្នុង​ខេត្ត​បាត់​ដំបង​។

ប៉ោយ​ ឈុនលី​ ក្នុងសាលាហ្វារពន្លឺសិល្បៈ

កិច្ច​ខិតខំ​របស់​វិចិត្រករ​ និង​សិល្បៈ​កែច្នៃ​រូប​មាន​ចលនា​នេះ​កើត​ឡើង​ពី​ឆន្ទៈ​ និង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​រត់​ឱ្យ​ផុត​ពី​ជីវភាព​ក្រីក្រ​លំបាក​។ លោក ប៉ោយ ឈុន​លី បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ «នៅ​ក្នុង​ភូមិ​យើង​ជា​អ្នក​ក្រីក្រ​តោក​យ៉ាក​ជាង​គេ គឺ​យើង​ចាញ់​គេ​ និង​គ្មាន​ឱកាស​រៀន​សូត្រ​បាន​ខ្ពស់​ដូច​គេ​ទេ​ ដូច្នេះខ្ញុំ​ក៏​គិត​ថា​ បើ​មិន​រៀន​អ្វី​ម្យ៉ាង​នោះ​ទេ ​នោះ​ប្រាកដ​ជា​នៅ​តែ​ក្រ​ទៀត​ហើយ​ អីចឹង​ខ្ញុំ​ក៏​ស្គាល់​សាលា​ហ្វារ​នេះ​ ទើប​ខ្ញុំ​មាន​សង្ឃឹម​ជា​ថ្មី​»។

ជា​កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ​ ដែល​មាន​ប្អូន​ប្រុស​ស្រី​​ដល់ទៅ៧​នាក់​ទៀត​ ពិត​ជា​បន្ទុក​ដ៏​ធំ​មែន​ ដែល​បង្ខំ​ឱ្យ​រូប​លោក​ត្រូវ​ចាកចេញ​ពី​គ្រួសារ​តាំងពី​អាយុជាង​ ១០​ឆ្នាំ​ ទៅ​រស់​នៅជា​មួយ​ដូន​ចាស់​ ដែល​មាន​របប​លក់​នំ​បន្តិច​បន្ទួច​ ដើម្បី​ដូរបាយ​អង្ករ​ប៉ុណ្ណោះ​។ វិចិត្រ​ករ​គំនូរ​ជីវចល​រូប​នេះ​ប្រាប់​ថា​៖ «កាល​ពី​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​ត្រូវ​ក្រោក​ពី​គេង​តាំង​ពី​ម៉ោង​ ៥ព្រឹក​ដើម្បី​ជួយ​ធ្វើ​នំ ​ហើយ​យក​នំ​ទៅ​លក់​ ទើប​ជិះកង់​ទៅ​រៀន​តាម​ក្រោយ​»។ ការលំបាក​របស់​ វិចិត្រករ​រូប​នេះ ​ប្រែជាកម្លាំង​ចិត្ត​តស៊ូ​ សម្រាប់​ការងារ​សិល្បៈ​គំនូរ​ដែល​រូប​លោក​ចូល​ចិត្ត​ និងដើម្បីក្តីស្រមៃដែលរូបលោកតែងប្រាថ្នា។ ​

សិល្បករគំនូរជីវចល ប៉ោយ​ ឈុនលី និងផលិតករផលិតភាពយន្តខ្មែរ

និយាយ​ទាំង​អួលដើម​ក លោក ប៉ោយ ឈុន​លី ដែល​មាន​អាយុ ៣៥​ឆ្នាំ​ទៅ​ហើយ​ នៅ​តែ​មាន​អារម្មណ៍​ក្តុកក្តួល​ពេល​រម្លឹកដល់​ជីវភាព​ជាង​ ២០ឆ្នាំមុន «ខ្ញុំ​នៅចាំ​បាន​ថា​ ពេល​ខ្លះ​ខ្ញុំ​ជិះកង់​មក​រៀន​ដោយ​អត់​មាន​អាហារ​ ខ្ញុំ​ឃ្លាន​ខ្លាំង​ពេក​ក៏​ទៅ​រើស​ផ្លែ​ត្របែក​ទុំជ្រុះមួយ​មក​ហូប​ ស្អែក​ឡើង​មាត់​ខ្ញុំ​ក៏​ហើម​ដោយ​សារ​មេរោគ​នៅក្នុង​ផ្លែ​ត្របែក​ហ្នឹង​»។ តែ​រូប​លោក​នៅ​តែ​មិន​បោះបង់​ការ​សិក្សា​ផ្នែកសិល្បៈ​គំនូរ​ឡើយ​ ព្រោះ​ផលិតករ​ម្នាក់​នេះ​មាន​ជំនឿជាក់​ថា​សិល្បៈ​គំនូរ​នឹង​ធ្វើ​ឱ្យ​ជីវិត​របស់​លោក​ប្រែ​ប្រួល​។

រូបគំនូរលោក ប៉ោយ​ ឈុនលី

បន្ទាប់​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ និង​មាន​ជំនាញ​ក្នុង​ការ​គូររូប​ភាព​បែប​សិល្បៈ​ រូប​លោក​ក៏​ប្រលូក​ក្នុង​ការងារ​ជាង​គំនូរ​នៅ​ខេត្ត​សៀមរាប​មួយ​រយៈ​ តែ​ដោយ​មិន​សូវ​បាន​ជោគជ័យ​ និង​ពិបាក​ក្នុង​ការ​រស់នៅ​​ រូប​លោក​ក៏​ត្រលប់​មក​សាលា​ហ្វារ​ពន្លឺរ​សិល្បៈ​វិញ​ដើម្បី​រៀន​បន្ត​ និង​ជួយ​ធ្វើការ​ងារ​សាលា​បណ្តើរ​។ មិន​យូរ​ប៉ុន្មាន​រូប​លោក​ក៏​បាន​ជួប​ជាមួយ​សិល្បករ​ម្នាក់​មក​ពី​ប្រទេស​បារាំ​ង ដើម្បី​បង្ហាញ​ពីការ​ធ្វើ​គំនូរ​ជីវចល​ រយៈពេល១​ម៉ោង​ រូប​លោក​ក៏​បង្កើត​ទស្សនៈ​ថ្មី​លើ​សិល្បៈ​គំនូរ​ ដោយ​សិល្ប​ករ​រូប​នេះលើក​ឡើង​ថា​៖ «ខ្ញុំ​អត់​ដឹង​ថាគេ​យក​គំនូរ​មក​ធ្វើជា​រឿង​តុក្កតាអីចឹង​សោះ ​ក្រោយ​ពេល​ខ្ញុំ​បាន​ដឹង​ពី​របៀប​ធ្វើ​ Animation ហ្នឹង​ភ្លាម​ ខ្ញុំ​ក៏ចាប់​ផ្តើម​រៀន​ធ្វើ​វា»។

ដោយ​ការ​ធ្វើ​គំនូរ​ជីវចល​ ត្រូវ​ការ​គូររូប​ជា​ច្រើន​សន្លឹក​ ហើយ​យក​មក​បន្តគ្នា​ក្នុង​កម្មវិធី​កំព្យូរទ័រ​ ទំរាំ​បាន​មួយ​វិនាទី​ត្រូវ​ការ​២៥សន្លឹក​ បើ​១នាទី​ត្រូវ​ការ​រូប​ភាព​ ១ ៥០០សន្លឹក​ ហើយ​ក្នុង​មួយ​ថ្ងៃ​រូប​លោក​អាច​គូររូប​បាន​ចាប់​ ២៥​សន្លឹក​ទៅ​៣០​សន្លឹង​បណ្ណោះ​ ព្រោះ​ត្រូវ​គូរ​ដោយ​ដៃ​ តែ​ក្រោយ​ពេល​លោក​ធ្វើបាន​រូប​ភាព​១នាទី​ភ្លាម​ វាធ្វើ​ឱ្យ​រូប​លោក​មាន​ជំនឿថា​លោក​អាច​ធ្វើបាន​។

កំពុងធ្វើការក្នុង Phare Creative Studio

ក្នុង​ឆ្នាំ​២០០៣ វិចិត្រករគំនូរជីវចល ឈុន​លី ក៏​ហ៊ាន​ទទួល​គម្រោងផលិត​រឿង​គំនូរ​ជីវចល​ដោយ​ប្រថុយ​ប្រថាន​ ក្នុង​រយៈ​ពេល​ជាង​៣ខែ​ លោក​ក៏​អាច​ធ្វើ​គម្រោងវីដេអូន​នោះ​បាន​ ក្នុង​តម្លៃ​ ១ ០០០​ ដុល្លារ​ ដែល​មាន​រយៈ​ពេល​ជាង​១នាទី​។ ភាព​ជោគជ័យ​នេះ​ហើយ​បាន​នាំ​រូប​លោក​បង្កើត​បាន​ជា​ក្រុម​ផលិត​គំនូរ​ជីវចល​នេះ​បាន​ រហូត​មក​ដល់​សព្វ​ថ្ងៃ​ ដែល​ក្នុង​មួយ​គម្រោង​វីដេអូ​ ចាប់​១នាទី​មាន​តម្លៃ​ចាប់​ពី​ ២៥០០ ដុល្លា រហូត​ដល់​ជិត​ ១ម៉ឺនដុល្លារ​។

តាំង​ពី​ទទួល​បាន​ភាព​ជោគ​ជ័យ​លើការ​ផលិត​គំនូរ​ជីវចល​រួច​មក​ជីវភាព​របស់​ លោក ឈុន​លី ​ក៏បាន​ប្រសើរ​ជាង​មុន​ ហើយ​រូប​លោក​ក៏​ទទួល​បាន​ឱកាស​ទៅ​រៀន​បន្ត​លើ​ផ្នែក​គំនូរ​ និង​ការ​ផលិត​វីដេអូ​នៅ​ប្រទេស​បារាំង​រយៈពេល​៣ឆ្នាំ​។ ពេលត្រឡប់មកពីរៀននៅប្រទេសបារាំវិញក្នុងឆ្នាំ២០១៥ លោកទទួលបានឱកាសបង្ហាញវត្តមានជាតួអង្គកត់សម្គាល់មួយក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ផលិតដោយផលិតករល្បីអ្នកស្រី Angelina Julia ក្នុងខេត្តបាត់ដំបងប្រទេសកម្ពុជាយើង ដែលកំពុងល្បីល្បាញលើឆាកអន្តរជាតិ។

លោក ប៉ោយ ឈុនលី ក្នុងឈុតមួយក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»
លោក ប៉ោយ ឈុនលី និងអ្នកស្រី Angelina Julia

នៅក្នុងស្នាដៃរបស់លោកឈុនលី បង្កប់អត្ថន័យអប់រំពិសេស បរិស្ថាន និងជិវភាពរស់នៅរបស់ប្រជាជនសញ្ញម ហើយក៏មានភាពយន្តគំនូរជីវចលដែលបរិយាយពីរឿងព្រេង សម័យអង្គរ ជាមួយភាពស្រមើលស្រមៃប្រែក្លាយរឿងខ្លីរយៈពេលមួយនាទីនោះឱ្យក្លាយភាពយន្តខ្នាតធំសម្រាប់ចាក់បង្ហាញទូទាំងសលក។ វិចិត្រករ សិល្បករ គំនូរជីវចល ប៉ោយ ឈុន មានក្តីប្រាថ្នាថា៖ «ខ្ញុំចង់ធ្វើឱ្យឧស្សាហកម្មផលិតភាពយន្តខ្មែរឈានមុន នឹងអាចស្រូបទាញយុវជន យុវនារីខ្មែរដែលចំណាក់ស្រុកឱ្យត្រឡប់មកវិញ ហើយមានអាជីបក្នុងវិស័យនេះ»។ ព្រោះជាមុខរបបល្អ នៅក្នុងស្រុក និងអាចទទួលបានកិត្តិយស រាល់ការសម្រេចការផលិតម្តងៗ លោកឈុនលីបន្ថែម។

ប៉ោយ​ ឈុនលី​ និងផលិតករភាពយន្តបរទេស

បច្ចុប្បន្ន​ ផលិត​ករ​គំនូរ​ជីវ​ចល​ ប៉ោយ​ ឈុនលី​ កំពុង​ស្នាក់​នៅក្នុង​ខេត្ត​បាត់​ដំបង​ និង​គ្រប់គ្រង​ការ​ផលិត​ភាពយន្ត​ក្នុង​ក្រុម​ផលិត​ជីវចល​ Phare Creative. លើស​ពី​នោះ​ទៀត​ លោក ឈុន​លី​ ក៏​កំពុង​ដឹកនាំ​យុវ​សិស្សមួយ​ក្រុម​ដែលមាន​ឈ្មោះ​ថា «បាយម៉ាន» ដើម្បី​រៀន​ផលិត​ភាពយន្ត​ខ្លី​ថែមទៀត​ ដោយ​សិស្ស​របស់​លោក​ឈុន​លី ​មួយ​ចំនួន​តែង​តែឈ្នះ​ក្នុង​កម្មវិធី​ប្រកួត​ភាពយន្ត​ខ្នាត​ខ្លី​កន្លង​មក​ជា​រៀង​រាល់ឆ្នាំ​ជាប់ៗគ្នា​។

លោក ឈុនលី និងភរិយា ដែលចេះផាត់មុខបែបភ័យរន្ធត់ក្នុងកុន

ចុចអាន

-សិល្បករ​ជំ​នាញ​ផាត់​មុខ​បែប​ភ័យ​រន្ធត់ ​លាក់​ខ្លួន​ធ្វើការ​នៅ​បាត់​ដំបង​

-ជួប​ផលិតករ​វ័យ​ក្មេង​ ផលិត​ស្ប៉តពាណិជ្ជ​កម្ម​មួយ​ៗ ​តម្លៃ​រាប់​មុឺន​ដុល្លា​រ

-ផលិត​ករ​ភាព​យន្ត​ខ្មែរ​-អូស្រ្តា​លី​ ទោះជា​នៅ​ឯ​នាយ​សមុទ្រ​ក៏​នៅ​តែ​នឹក​ដល់​ខ្មែរ​

អត្ថបទ៖ Sunny

អត្ថបទថ្មី