សិល្បករ​ជំ​នាញ​ផាត់​មុខ​បែប​ភ័យ​រន្ធត់ ​លាក់​ខ្លួន​ធ្វើការ​នៅ​បាត់​ដំបង​

  • 2017-11-06 03:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ងំៗមិន​សូវ​ចេញ​ឈ្មោះ​ឲ្យ​គេ​ស្គាល់​សោះ​ អ្នក​ជំនាញ​ផាត់​មុខ​របៀប​របួស​ស្នាម​ និង​បែប​រន្ធត់​ អ្នកស្រី គឿម​ កុឡាប​ ដែល​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​បាត់​ដំបង​ សប្តាហ៍នេះ​បាន​លេង​ភ្នំពេញ​ចូលរួម​ក្នុង​កម្មវិធី​មហោ​ស្រព​ ក៏បាន​ចូល​មក​ជួប​ជាមួយ​ក្រុម​សារ​ពត៌មាន​ Sabay ហើយ​បង្ហាញ​ពី​សមត្ថភាព​ផាត់​មុខ​របួស​ឡើង​ដូច​ពិត​ៗ។

អ្នកស្រី គឿម​ កុ​ឡាប​ ក៏​ជា​សិល្ប​ករ​ផ្នែក​គំនូរ​ និង​អ្នក​ឌីហ្សាញ​ រូបភាព​សិល្បៈ​លើ​ភាព​យន្ត​គំនូរ​ជីវ​ចល បែប Animation របស់​ក្រុម​ហ៊ុន​សិល្បៈ​ Phare Creative Studio នៅ​ខេត្ត​បាត់​ដំបង​ និង​ជាគ្រូ​បង្រៀន​ផ្នែក​គំនូរ​ផាត់​ពណ៌ នៅ​អង្គ​ការ ហ្វា​ពន្លឺ​សិល្បៈ​ខេត្ត​បាត់​ដំបង​។

តែ​បន្ចុប្បន្ន​ អ្នក​នាង​ជា​អ្នក​ជំនាញ​លើ​ការ​ផាត់​មុខ​របៀប​រន្ធត់​ របួស របៀប​ជា​ខ្មោច​ ដែល​អ្នក​នាង កុឡាប ប្រាប់​ថា​ជា​ជំនាញ​បន្ទាប់​បន្សំ​ដែល​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​បន្ថែម​ពី យូ​ធូប​ និង​ស្រាវ​ជ្រាវ​ ដោយ​យោង​តាម​មូល​ដ្ឋាន​គ្រឹះនៃ​ចំណេះដឹង​លាយ​ពណ៌ ផាត់​ពណ៌ និង​សង្កេត​មើល​របួស​ស្នាម​ពិត​ៗ ​និង​រៀន​អនុវត្ត​ដោយ​ខ្លួន​ឯង​ផ្ទាល់​។

កាល​ពី​ឆ្នាំ ២០១១ សិល្បករ​រូប​នេះ​ មាន​ឱកាស​ទទួល​អាហា​រូប​ករណ៍ រយៈ​ពេល ​៣​ឆ្នាំ​ ដើម្បី​ទៅ​រៀន​ឲ្យ​បាន​លម្អិត កាន់​តែ​ច្បាស់ និង​ស្វែង​យល់​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​លើ​ការ​ប្រើ​ប្រាស់​ពណ៌​លើ​រូប​ភាព​គំនូរ​ ឬ Illusion Painting នៅ​សាកល​វិទ្យា​ល័យ Ecole Pivaut University នៅ​ប្រទេស​បារាំង ទី​ក្រុង​ប៉ារីស​។

មុន​ត្រលប់​មក​កម្ពុជា​កាល​ពី​ឆ្នាំ ២០១៤ អ្នក​នាង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​សារ​មន្ទីរ និង​ជា​រោង​សិប្បកម្ម​ផលិត​សម្ភារៈ​កុន​ខ្នាត​អន្តរ​ជាតិ​ មួយ​ដែល​មាន​ឧបករណ៍​គ្រប់​ប្រភេទ​សម្រាប់​ផ្ទល់​ និង​លក់​ជា​សេវា​កម្ម​ដល់​ផលិត​ករ​ភាពយន្ត​ផ្សេង​ៗ ​ដែល​បទ​ពិសោធន៍​ទាំង​នេះ​បាន​ជម្រុញ​ទឹក​ចិត្ត​អ្នក​នាង​ឲ្យ​ចូលចិត្ត​លើ​ការងារ​សិល្បៈ​តុប​តែង​ ផាត់​មុខ​របៀប​ភ័យ​ញាប់​ញ័រ​បែប​នេះ​។

កាលពីក្មេង អ្នក​ស្រីចូល​ចិត្ត​លើ​ការ​ផាត់​ពណ៌​ និង​ការ​គូ​ររូប​ជា​ខ្លាំង​ រហូត​សុំ​ឪពុក​ឈប់​រៀន​ពី​សាលា​រដ្ឋ ដែល​រឿង​នេះ​ធ្វើ​ឲ្យ​លោក​ឪពុក​ មិន​សប្បាយ​ចិត្ត​ តែ​អ្នកស្រីក៏​មិន​បោះ​បង់​ក្តី​ស្រមៃ​ ដោយ​ឈប់​ទៅ​សាលា​ដោយ​ខ្លួន​ឯង​ និង​គិត​តែរឿង​គូររូប​តែ​មួយ​មុខ​ ដោយ​មិន​ខ្វល់​ជួយ​ធ្វើ​ការងារ​ផ្ទះ​អ្វី​ទាំង​អស់​។

ដោយ​មាន​ដុងពី​កំណើត​លើ​ផ្នែក​សិល្បៈ​គំនូរ​ បាន​ធ្វើ​ឲ្យ​អ្នកស្រី​ទទួល​បាន​ប្រាក់​កំរៃ​ខ្លះ​ៗ​ពី​គំនូរ​ រហូត​ដល់​ថ្ងៃមួយ​ដែល​ក្តី​សុបិនបាន​មក​ដល់​ដោយ​បាន​ស្គាល់​សាលា​បង្រៀន​សិល្បៈ​ ហ្វា​ពន្លឺ​សិល្បៈ​ដោយ​ចៃដន្យ​ តាម​រយៈ​ការ​ជជែក​គ្នា​ពី​អ្នក​ផ្សារ​។

អ្នកស្រីក៏​ផ្តើម​រៀន​សូត្រ​ពី​សិល្បៈ​នេះ​តាម​រយៈ​គ្រូ​មាន​ជំនាញ​ ហើយ​ស្នាដៃ​របស់​អ្នក​នាង​ ក៏​ត្រូវ​បាន​បរទេស​ ក៏​ដូច​ជា​លោក​គ្រូ​អ្នក​គ្រូ​នៅ​សាលា​ហ្វា​ពន្លឺ​សិល្បៈ​បង្ហាញ​ដល់ ​គ្រូ​ម្នាក់​មក​ពី​ប្រទេស​បារាំង​ ហើយ​អ្នក​នាង​នឹង​គ្រួសារ​ក៏​ទទួល​បាន​អាហា​រូប​ករណ៍​ទៅ​រៀន​ជំនាញ​នេះ​បន្ត​នៅ​សាលា​របស់​ជន​ជាតិ​បារាំង​ម្នាក់​នោះ​រហូត​ដល់​ទៅ​ ៣​ឆ្នាំ​ដោយ​ជោគ​ជ័យ​។

សម្រាប់​ថ្ងៃ​អនាគត​ អ្នក​នាង​ កុឡាប​ចង់​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​ដើម្បី​រៀន​បន្ថែម​លើ​របៀប​ធ្វើ​ Prop និង​ការ​ Make up តួរ​បែប​ខ្មោច​ ឬ​របួស​ស្នាម​នានា​ ហើយ​អ្នកនាង​ក៏មាន​បំណង​ចែក​រំលែក​ចំនេះ​ដឹង​របស់​ខ្លួន​ជួន​ដល់​យុវជន​ជំនាន់​ក្រោយ​ និង​បើក​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​ដើម្បី​ផ្តល់​ជា​សេវា​កម្ម​នានា​នៅ​ក្នុង​វិស័យ​ផលិត​ភាព​យន្ត​។

ចុចអាន៖

អត្ថបទ៖ Sunny