ភាពយន្ត​ខ្មែរ ៦រឿង​ កំពុងប្រកួត​យក​លេខ​១​ភាពយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៧

  • 2017-10-27 04:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ ភាពយន្ត​ខ្មែរ​ខ្នាត​ខ្លី​ចំនួន៦​រឿង បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​អាល្លឺម៉ង់ ( Meta House) ដើម្បី​ឱ្យ​សាធារណជន​បាន​ទស្សនា។ ភាពយន្ត​ខ្នាត​ខ្លី៦រឿង​នេះ​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា ដើម្បី​ដណ្ដើម​ជ័យ​លាភី​ភាពយន្ត​ខ្លី​ឆ្នើម​​លេខ១ប្រចាំ​ឆ្នាំ​២០១៧។

ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លោក ជា សុឃី បាន​ប្រាប់ Sabay ថា ក្នុង​ឆ្នាំ២០១៧​នេះ មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​បាន​ជ្រើស​រើស​រឿង​ខ្មែរ​ខ្នាត​ខ្លី​ចំនួន​៦រឿង ដើម្បី​ប្រកួត​ប្រជែង​យក​ជ័យ​លាភី​ភាព​យន្ត​ខ្លី​ល្អ​បំផុត​សម្រាប់​ឆ្នាំ២០១៧។ លោក​បន្ត​ថា ផលិតករ​ខ្មែរ​ផលិត​រឿង​ខ្នាត​ខ្លី​ទាំង​៦រឿង​នេះ ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ផលិត​រឿង​វគ្គ​ខ្លី​ពី​ខាង កុន​ខ្មែរ កូន​ខ្មែរ។ សិក្ខាកាម​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល ១០ថ្ងៃ ដោយ​៣ថ្ងៃ​រៀន​ទ្រឹស្ដី​នៅ​ភ្នំពេញ ទាក់ទង​ការ​ផលិត​រឿង ការ​សរសេរ​រឿង ការ​ថត បន្ទាប់​មក​ចំណាយ​ពេល​៣ថ្ងៃ ២យប់ ក្នុង​ការ​ថត​នៅ​ខេត្ត​បាត់​ដំបង។

ប្រធានមហោស្រពភាពយន្តខ្លីចតុមុខលោក ជា សុឃី

“គោល​បំណង​ដែល​យើង​បង្កើត​ឱ្យ​មាន​វគ្គ​បណ្ដុះ​បណ្ដាល និង​ការ​ប្រកួត​ប្រជែង​នេះ​ឡើង គឺ​ដើម្បី​ឱ្យ​ទស្សនិកជន​ដែល​ទស្សនា​រឿង​ទាំង​៦រឿង​នេះ​ហើយ ទទួល​បាន​សារ​ល្អ​ៗ​មួយ​ចំនួន​ពី​ក្នុង​រឿង​របស់​យើង”។

រឿង​ដែល​ជាប់​ជ័យ​លាភី​លេខ១ និង​ទទួល​បាន​ថវិកា១ពាន់​ដុល្លារ រួម​ទាំង​មាន​ឱកាស​សិក្សា​ពី​បច្ចេកទេស​សំឡេង​ពី​អ្នក​ជំនាញ និង​មាន​ការ​ឧបត្ថម្ភ​មួយ​ចំនួន​ទៀត។

រឿង​ទាំង​៦រឿង​ដែល​បាន​ដាក់​បញ្ចាំង​កាល​ពី​យប់​មិន​នេះ មាន​ទាំង​រឿង​ភ័យ​រន្ធត់ ស្នេហា កំប្លែង និង​អភិនីហារ ប៉ុន្តែ​រឿង​ទាំង​អស់​សុទ្ធ​តែ​មាន​បង្កប់​នូវ​ការ​អប់រំ​យ៉ាង​ល្អ​ផ្សេង​ៗ​គ្នា ដល់​អ្នក​ទស្សនា។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត ផលិតករ​ផលិត​រឿង​ទាំង​៦រឿង​នេះ ផលិតករ​ខ្លះ​ផលិត​រឿង​ជា​លើក​ដំបូង តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន។ បញ្ជាក់៖ ​ការ​ប្រកួត​ប្រជែង​នេះ សម្រាប់​តែ​ភាពយន្ត​ខ្លី​ខ្មែរ​ដែល​ល្អ​​ផ្ដាច់ ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧នេះ តែ​ប៉ុណ្ណោះ។

ចុចអាន៖

អត្ថបទ៖ ប៉ូ សាគុន