ផ្លូវការ​ហើយ ចាន់ វឌ្ឍនាកា ចុះ​កុងត្រា​ជាមួយ​ក្លឹប PAHANG FA របស់​ម៉ាឡេស៊ី

  • 2017-12-15 09:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែ​ធ្នូ​ម្សិល​មិញ​ តារា​បាល់ទាត់​កម្ពុជា​ ចាន់ វឌ្ឍនាកា បាន​​ចុះ​កុងត្រា​ជា​ផ្លូវ​ការ​ថ្ងៃ​នេះ​ហើយ​​ជា​មួយ​ក្លឹប​ថ្មី​ PAHANG FA រយៈពេល​១​រដូវ​កាល។ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​សាមី​ខ្លួន​លើ​បណ្តាញ​សង្គម។

ចាន់ វឌ្ឍនាកា

ចាន់ វឌ្ឍនាកា​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ម្សិល​មិញ​ដែល​មាន​លោក បែ មករា​ អ្នក​ចាត់​ការ​ទូទៅ​របស់​បឹងកេត​ទៅ​ជា​មួយ​ដែរ និង​បាន​​ចុះ​កុងត្រា​​បង្ហាញ​ឈ្មោះ​​​ក្លឹប​ថ្មី PAHANG FA តែ​ម្តង។ រូប​គេ​នឹង​វិល​ត្រឡប់​មកប្រទេស​កម្ពុជា​វិញ​វេលា​ម៉ោង​៩​ព្រឹក ​ថ្ងៃសៅរ៍ ទី​១៦ ខែ​ធ្នូ​នេះ​ដើម្បី​សម្រាក​មុន​ពេល​ចេញ​ទៅ​លេង​ជា​ផ្លូវ​ការ​នា​ខែ​មករា ឆ្នាំ​២០១៨​ខាង​មុខ។

អតីត​សមាជិក​ក្លឹប​ជប៉ុន​ Fujieda MYFC​ ​បាន​លា​​អ្នក​គាំទ្រ​តាម​បណ្តាញ​សង្គម​ Instagram កាល​ពី​ម្សិល​មិញ​ និង​សន្យា​ជួប​គ្នា​លើក​ក្រោយ​ទៀត។ រហូត​ដល់​ពេល​នេះ​មាន​កីឡាករ​កម្ពុជា​​៣​នាក់​គឺ​ ធារី ចន្ថាប៊ីន ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​ Terreganu FC កីឡាករ កែវ សុខផេង ចូល​រួម​ជា​មួយ​ក្លឹប​​ PKNP FC និង​ ចាន់ វឌ្ឍនាកា​​ ចូល​រួម​ជា​មួយ​ក្លឹប PAHANG FA នៃ​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​៕

ចាន់ វឌ្ឍនាកា​ប្រកាស​ជា​ផ្លូវ​ការ

អត្ថបទ៖ ជាន ចាន់រ៉ា